1.
ខេត្តសៀមរាប ៖ ប្រាសាទបាយ័ន ស្ថិតនៅក្នុងខេត្តសៀមរាប ចំកណ្តាលនៃក្រុងអង្គរធំ ហើយបានកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ ឧទ្ទិសថ្វាយព្រះពោធិសត្វលោកេស្វរៈ។
អ្នកទេសចរទាំងឡាយ តែងតែចាប់អារម្មណ៍ដើរគយគន់ តាមតួប៉មនីមួយៗ ដែលមានមុខបួន មានកំពូលចំនួន៤៩ និងកំពូលក្លោងទ្វារចូល៥ទៀត សរុបទាំងអស់៥៤ កំពូល។ ទស្សនៈអ្នកស្រាវជ្រាវមួយចំនួនយល់ថា តំណាងឲ្យខេត្តក្រុងខ្មែរ ទាំង៥៤ នៅសម័យកាលនោះ។ អ្នកប្រាជ្ញមួយចំនួនទៀត បានគិតថា មុខទាំង៤នោះ តំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧ ។
ស្នាមញញឹមនៃរូបបាយ័ន ជាសក្ខីភាពនៃចម្លាក់ដ៏ល្អប្រណីត ដែលឆ្លាក់ជាប់បេះដួងអ្នកទេសចររាប់រយឆ្នាំ មានទាំងចម្លាក់រឿងទេវកថា ចម្លាក់ដែលរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចម្បាំង និងព្យុហយាត្រា ជាដើម។
ប្រាសាទនិងផ្ទាំងចម្លាក់ដ៏ល្អប្រណីតនេះ បានអន្ទងព្រលឹងអ្នកទេសចរ ឲ្យលង់ចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រមួយ ដែលហាក់ដូចជាខ្លួនកំពុងតែងនៅក្នុងសង្គមមួយនាសម័យនោះ។ ហេតុនេះ ចម្លាក់ មិនត្រឹមតែឆ្លាក់នៅលើប្រាសាទបាយ័នប៉ុណ្ណោះទេ ថែមទាំងឆ្លាក់ជាប់ដួងព្រលឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិទៀតផង៕
Source: http://www.watphnom-news.com/2013/03/29/9924.html
2.
Mackay គឺ ជាទីក្រុងមួយដែលកសាងឡើង មានចម្ងាយ៩៧០គីឡូម៉ែត្រ ឆ្ងាយពី Brisbane និងស្ថិតនៅភាគខាងកើត តាមបណ្តោយឆ្នេរសមុទ្រអូស្ត្រាលី។ ម្យ៉ាងវិញទៀតទីក្រុង Mackayគឺជាទីក្រុងមួយ ដែលមិនសូវមានការពេញនិយម និងទាក់ទាញអារម្មណ៍ ចំពោះភ្ញៀវទេសចរ ប៉ុន្មាននោះទេ ដោយហេតុថា ពួកគេ បានមើលរំលងនូវសក្តានុពលសម្រស់របស់តំបន់នេះ។
ទីក្រុង Mackay មានចំនួននៃភ្ញៀវទេសចរ មកកម្សាន្តនៅក្នុងទីក្រុងនេះ បានត្រឹមតែ៥,៣ភាគរយ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទីក្រុង Mackay គឺជាទីក្រុងមួយដែលស្ថិតនៅក្នុងគម្រោងក្នុងការធ្វើកសិកម្មផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទីក្រុង Mackay ជាតំបន់ផលិតនូវផលិតផលស្ករធម្មជាតិ ដ៏មានឱជារសផ្អែមឈ្ងុយឆ្ងាញ់ ផងដែរ ដែលស្ករនោះ ត្រូវបានចម្រាញ់យកមកពីសារជាតិអំពៅ និងដំណាំហូបផ្លែផ្សេងៗទៀត ព្រមទាំងចម្រាញ់ចេញពីដើមរុក្ខជាតិ ជាច្រើនប្រភេទ ទៀតផង។
គួរបញ្ជាក់ថា ដោយសារតែទីក្រុង Mackay ជាកន្លែងផលិតនូវផលិតផលស្ករ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ទើបទីក្រុង Mackay មានឈ្មោះហៅក្រៅថា ទីក្រុង Sugar គួរឱ្យបង្អែរចំណាប់អារម្មណ៍ បន្ថែមបន្តិចទៀត៕
3
4
5