News

1.

លោក​ស្រី​យីងឡាក់ ​នាយក​រដ្ឋ​មន្ត្រីថៃ​គ្រោង​​មក​ស្រុក​អារញ្ញ​ នៅថ្ងៃស្អែក

លោក​ស្រី​យីងឡាក់ ​នាយក​រដ្ឋ​មន្ត្រីថៃ​គ្រោង​​មក​ស្រុក​អារញ្ញ​ នៅថ្ងៃស្អែក​

ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១៥:១២

ក្រុងប៉ោយប៉ែត ៖ ស្របពេលដែល​មានប្រភ​ព​ព័ត៌មានថា នៅថ្ងៃស្អែក (៣០ មីនា ឆ្នាំ២០១៣) នាយក​រដ្ឋមន្រ្តីថៃ គឺលោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងធ្វើដំណើរ​មកបំពេញ​ទស្សនកិច្ចមួយនៅ​ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលមាន​ព្រំប្រទល់​ជាប់ នឹងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ នៅព្រឹក​ថ្ងៃទី២៩ មីនា ២០១៣ នេះ នៅចំណុច​ច្រកទ្វារអន្តរជាតិខ្លង​លឹកឈម នឹងច្រកទ្វារ​អន្តរជាតិប៉ោយ​ប៉ែត គេសង្កេត​ឃើញមានសមត្ថ​កិច្ចថៃ បាន​រៀប​ចំ​សណ្ដាប់ធ្នាប់​ដែលអ្នកខ្លះ​ថា ជាការសមជា​មុនក្នុងការត្រៀម​លក្ខណៈ ដើម្បីពង្រឹងការពារ​សន្តិសុខសម្រាប់​ថ្ងៃស្អែក។

ក្នុងពេលរៀប​ចំ​ សណ្ដាប់​ធ្នាប់​ខាងទឹកដីថៃនេះ ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត ខ្លងលឹកត្រូវបានបិទ​ការឆ្លងកាត់ជិតកន្លះ​ម៉ោងមិនថា អ្នក​ដំណើរ​​ថ្មើរ​ជើង ឬរថយន្ត​នោះទេ ហើយ​ខាងទឹកដី​ថៃគេឃើញមាន​រថយន្តទំនើបៗជា​ច្រើនគ្រឿងអម ដោយ​រថយន្តស៊ីរ៉ែនការពារ​មុខក្រោយដោយ​មិនដឹងថា ថ្នាក់​ណា​មកនោះ​ទេ ក្នុងនោះមាន​​ទាំង​តម្រួត​ថៃមួយចំនួន​មកធ្វើសណ្ដាប់ធ្នាប់​លើស្ពានមិត្តភាព​ កម្ពុជា-ថៃទៀតផង។ បង្កាន់ដៃ​ស្ពាន​មិត្តភាព​ខាង​​ទឹក​ដី​ថៃ​គេ​ឃើញ​មាន​រៀបចំចង​លម្អដោយ​ ក្រណាត់​ក្បាច់ក្បូរយ៉ាងស្រស់​សង្ហារ។ មិនតែប៉ុណ្ណោះសូម្បី​តែស្មៅ និងកូនឈើតូចៗ​តាម​អតីតផ្លូវ​រ​ថភ្លើង​ចាស់​​របស់​គេ​ក៏ត្រូវបាន​ជួលកម្មករយក ​ម៉ាស៊ីន​កាត់​ជម្រះ​​ផង​ដែរ។ ក្នុងអំឡុងពេល​បិទការឆ្លងកាត់មួយ​រយៈតូចនេះគេឃើញ​ភ្ញៀវជាតិ និងអន្តរជាតិ រទេះកម្មករ និង​រថយន្តតូច​ធំបានកក​​ស្ទះ​នៅ​ច្រក​​ទ្វារ​តែម្ដង៕

2.

កសិករ និយាយពីការប្រើក្បាលបូមទឹក ម៉ាក ហ៊ុន សែន

កសិករ និយាយពីការប្រើក្បាលបូមទឹក ម៉ាក ហ៊ុន សែន

កសិករ​ប្រើ​សាកល្បង​ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន​

ថ្ងៃ សៅរ៏ ទី ៣០ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១១:១៣

ភ្នំពេញ: ប្រជាកសិករ​បានទទួល​ស្គាល់​ថា ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន​ខ្លាំង បូម​ទឹកបាន​ច្រើន​ក្នុង​រយៈពេល​ខ្លី និង​ចំណាយ​លើ​ថ្លៃ​ប្រេង​អស់​តិច ​ប្រជាកសិករ​ជាច្រើនដែល​បានឃើញ​ការប្រើ​សាកល្បង​របស់​កសិករ​មួយចំនួន មានការ​ចាប់អារម្មណ៍​និង​សួរដេញដោល​អំពី​តម្លៃ​របស់​វា​។​

​កសិករ​ ឈ្មោះ ទេព គីម​ឡែក នៅ​ភូមិ​ស្វាយ​ខ្នី ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​ទទួលបាន​ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន​មួយគ្រឿង​ពី​មន្ទីរ​ធនធានទឹក​ ខេត្តព្រៃវែង និយាយ​ឲ្យ​ដឹងនៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣​ថា​ ក្បាល​បូមទឹក​ពណ៌​លឿង​ម៉ាក​ហ៊ុនសែន ស្រួល​បូម​ណាស់ ល្អ​បូម​ទឹកបាន​ច្រើន ក្នុង​រយៈពេល​ខ្លី និង​ចំណាយ​តិច ស្រួល​ដឹកជញ្ជូន ​អ្នកភូមិដែល​បានមក​ឃើញ​មានការ​ចាប់អារម្មណ៍​ខ្លាំង និង​លាន់មាត់​ថាវា​ខ្លាំងដូច​ឈ្មោះ​។

​    ​

​កសិករ ទេព គីម​ឡែក បាន​បញ្ជាក់ថា ស្រែ​ទំហំ​៣០​អា របស់គាត់ ពីមុន​បូម​ដោយ​ម៉ាស៊ីន​សាំង​ប្រើ​ក្បាល​បូម​ទិញ​មកពីផ្សារ​ទំហំ ០,១៥ ម៉ែត្រ បូម​រយៈ​ពេលបួន​ម៉ោង ត្រូវ​ចំណាយលុយ​ទិញ​ប្រេង​អស់ ២៨.០០០ រៀល ទើបបាន​ទឹក​ពេញ​ស្រែ ​តែ​នៅពេល​ប្រើ​ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន ទំហំ ០,១៥ ម៉ែត្រ​នេះ ​ស្រែ​ដដែល​នេះ ចំណាយពេល​បូម​តែ​ប្រហែល​មួយ​ម៉ោង​បាន​ទឹក​ពេញ​ស្រែ និង​ចំណាយ​លើ​ថ្លៃ​ប្រេងម៉ាស៊ូត​អស់​តែ​ជាង​មួយ​លីត្រ ប្រហែល ៦.០០០ រៀល​ប៉ុណ្ណោះ​។ ក្បាល​បូម​នេះ ប្រើ​ជាមួយនឹង​ម៉ាស៊ីន​កាឡេ​ថង​កម្លាំង​១៥​សេស​។ ឥឡូវ​អ្នកភូមិ​បាន​ខ្ចី​វា​យកទៅ​បូម​បន្ត​ទៀតហើយ​។ ប្រជាជនមាន​ការចាប់​អារម្មណ៍​ខ្លាំងណាស់ចំពោះ​ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន​ នេះ ព្រោះ​វា​បូម​ទឹកបាន​ច្រើន​ក្នុង​រយៈពេល​ខ្លី ប្រជាជន​ចង់ដឹង​បំផុត​ពី​តម្លៃ​របស់​វា​បើ​ថោក ឬ​ប្រហែល​នឹង​ក្បាល​បូម​នៅលើ​ទីផ្សារ​សព្វថ្ងៃ គឺមាន​ប្រជាជន​ត្រូវការ​ច្រើន​ហើយ​។

​    ​

​កសិករ​មួយរូប​ផ្សេងទៀត ឈ្មោះ ឈុន គឹម​ហួរ នៅ​ភូមិ​ស្រះកែវ ​ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣​នេះ​ថា ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែនបូម​ល្អ បូម​ខ្លាំង​មែនទែន បាន​ទឹក​ច្រើនជាង​ក្បាល​បូម​ដែល​ធ្លាប់ប្រើ​ទិញ​មកពីផ្សារ​។​

​    ​

​ លោក ខ្មូរ សា​រួន ប្រធាន​សហគមន៍​ផលិត​ស្រូវប្រាំង​តេ​ជោ​សែន​ពីរ នៅ​ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែមីនា​ឆ្នាំ​២០១៣​នេះ​ថា សហគមន៍​ផលិត​ស្រូវប្រាំង​តេ​ជោ​សែ​នទី​ពីរ មកទល់ពេលនេះ​ទទួលបាន​អំណោយ​ពីស​ម្តេច​តេ​ជោ​សែន​តាមរយៈ​លោកតា​លឹម គានហោ មាន​គោយន្ត​ចំនួន​ប្រាំ​គ្រឿង  ម៉ាស៊ីនបូមទឹក​ម៉ាក​ហ៊ុនសែន​ដែលមាន​បំពង់​ទំហំ​៣​តឹក​មួយគ្រឿង និង​ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន​ទំហំ​០,១៥​ម៉ែត្រ​ចំនួន​១០​គ្រឿង​។​

​    ​

​ លោក ខ្មូរ សា​រួន បាន​និយាយ​ឲ្យ​ដឹង​ទៀតថា គោយន្ត​ម៉ាស៊ីនបូមទឹក និងក្បាល​បូមទឹក មិនមាន​នៅសល់​ក្នុង​ឃ្លាំង​ទេ ប្រជាកសិករ​បាន​ខ្ចី​យកទៅ​ប្រើ​អស់​គ្មាន​សល់​។  ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន បូមទឹក​មាន​ប្រសិទ្ធភាពល្អ​ណាស់​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និយាយ​ឲ្យ​ដឹងនៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣​នេះ​ថា ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន​ចំនួន ៥០០ គ្រឿង ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផ្តល់ជូន​ប្រជាកសិករ​យកទៅ​ប្រើប្រាស់​សាកល្បង​តាមរយៈ​ក្រសួង​ធ​ន​ធាន​ទឹក កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឥឡូវ​បាន​ទៅ​ដៃ​របស់​ប្រជាកសិករ ​ហើយនិង​កំពុង​ប្រើប្រាស់​សាកល្បង​នៅក្នុង​ខេត្ត​មួយចំនួន​។​

​    ​

​ លោក ចាន់ យុ​ត្ថា និយាយ​ឲ្យ​ដឹង​ទៀតថា ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន ដែលមាន​បំពង់​ទំហំ​មួយ​តឹក​កន្លះ​នេះ កំពុងធ្វើការ​ផលិត​ប​ន្ត មិនទាន់មាន​ចេញលក់​នៅលើ​ទីផ្សារសេរី​ទេ​។ ក្រសួងមាន​គម្រោង​ផលិត​ដល់​ចំនួន​រាប់ពាន់​គ្រឿង ព្រោះ​ទីផ្សារ​ប្រាកដជា ត្រូវការ​វា​ ដោយសារ​វា​ចំណាយ​តិច ​បាន​ទឹក​ច្រើន​ក្នុង​រយៈពេល​ខ្លី​។ ចំពោះ​តម្លៃ​មិនទាន់​កំណត់​បានទេ តែ​ទោះជា​យ៉ាងណា​ក៏​ថោក​ជាង​របស់​នាំចូល​ដែរ​។​

​    ​

​គួរ​រម្លឹក​ ឲ្យ​ដឹងថា កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​ទៅនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រគល់​ក្បាល​បូមទឹក​ម៉ាក​ហ៊ុនសែន​ចំនួន ៥០០ គ្រឿង ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ដល់​ប្រជាកសិករ ដើម្បី​យកទៅ​ប្រើប្រាស់​សាកល្បង ដែលជា​ផលិតផល​កើតចេញពី​គំនិត​ច្នៃប្រឌិត​របស់​មន្ត្រី និង​វិស្វករ​ក្រសួង​ធនធានទឹកនិង​ឧតុនិយម​៕

3.

ប៉ូលិសឃាត់ឡានដឹកគោអត់ច្បាប់ រួចដោះលែងវិញ ក្រោយការចរចាស្ងាត់ៗ

ប៉ូលិសឃាត់ឡានដឹកគោអត់ច្បាប់ រួចដោះលែងវិញ ក្រោយការចរចាស្ងាត់ៗ

ថ្ងៃ សៅរ៏ ទី ៣០ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១១:១៧

កំពង់ឆ្នាំង: រថយន្ត​ម៉ាក IZUSU ដឹក​សត្វ​គោ​ចំនួន ៦ ក្បាល ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំងឃាត់ទុកនៅត្រង់ចំណុច​ផ្លូវលំ ក្បែរ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ីម៉ាក​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣​។ ឡាន​ដឹកគោ​មួយគ្រឿង​នេះត្រូវបាន​គេ​ដោះលែង​ទៅវិញ បន្ទាប់ពី​មានការ​ចរចា​គ្នារវាង​ម្ចាស់​គោ ប៉ូលិស និង​មន្ដ្រី​ពេទ្យសត្វខេត្ដ​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​ ៣០​មីនា ឆ្នាំ​២០១៣​នេះ​។

​ទាំង​រថយន្ដ​ដឹកគោ ទាំង​ម្ចាស់ ត្រូវបាន​គេ​នាំមក​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំងទាំងយប់ ទំនងជា​ច​រចាគ្នា​មិនត្រូវ ទើប​នៅ​ព្រឹក​ឡើង​ថ្ងៃទី​ ៣០​មីនា​នេះ ប៉ូ​លិ​ស​ទូរស័ព្ទ​ហៅ​អ្នកកាសែត អ្នក​ទូរទស្សន៍ ទៅ​ថត​ព្រោងព្រាត ធ្វើឲ្យ​មន្ដ្រី​ជំនាញ​ភ្នែក​នៅ​កញ្ចឹងក​។

​    ​

​បុរស​ឈ្មោះ ជា ដែលជា​អ្នកបើករថយន្ដ​ដឹកគោ បាន​និយាយថា ការរកស៊ី​ដឹកជញ្ជូន​សត្វ​គោ​នេះ គាត់​មិនដែល​មានច្បាប់​ទេ នៅពេលដែល​រៀប​ដឹក​ចេញ ទូរស័ព្ទ​ទៅប្រាប់​មន្ដ្រី​ពេទ្យសត្វ​ខេត្ដតែ​ពីរ​-​បី​ម៉ាត់ គឺ​ចប់​ហើយ ទើបតែ​លើក​នេះ​ទេដែល​ត្រូវ​ប៉ូលិស​ឃាត់​សួរនាំ​រក​ច្បាប់​នោះ​។​    ​

​    ​

​ បច្ចុប្បន្ន អ្នករកស៊ី​ដឹកជញ្ជូន​សត្វ​គោ​-​ក្របី មិន​ខ្លាច​សមត្ថកិច្ច​ឡើយ ដោយសារ​តែមាន​មន្ដ្រី​ពេទ្យសត្វជា​ខ្នងបង្អែក ហើយ​ការឃាត់​រថយន្ដ​ដឹកគោ​មួយគ្រឿង​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​នានានិយាយថា ជា​វិធី​គោះ​ទឹក​បង្អើល​ត្រីរបស់​សមត្ថកិច្ច​ផងដែរ នៅពេលណា​ត្រី​ចូល​ស៊ង​ហើយ គឺ​ស្ងាត់ឈឹង​ដូច​តែ​គ្នា​៕

4.

សម្ពោធអគារសម្ភព មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង អំណោយសប្បុរសជន ជនជាតិស្វ៊ីស

លោក សៀង ណាំ​, លោក សាលា​អង់​រី​កូ​, លោក លី ស៊ីណា កាត់​ខ្សែបូរ​សម្ភោ​ធ​អគារ​សម្ភព នៅ មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​

ថ្ងៃ សៅរ៏ ទី ៣០ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១១:០៨

ឧត្តរមានជ័យ:  អគារ​សម្ភព​មួយ​ខ្នង ដែលជា​អំណោយ​របស់លោក សាលា​អង់​រី​កូ និង​សប្បុរសជន​ស្វ៊ី​ស ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣​នេះ​។ អគារ​សម្ភព​នេះមាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ដែលមាន​ការចូលរួម​ពី​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​, លោក​បណ្ឌិត លី ស៊ីណា ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន​, លោក សាលា​អង់​រី​កូ ម្ចាស់​អំណោយ និង​លោក យឹម ផាន់​ណា អភិបាលស្រុក​អន្លង់វែង​។

​    ​

​ លោក​សាលា​អង់​រី​កូ បាន​មានប្រសាសន៍ថា អគារ​សម្ភព​ថ្មី​ដែល​ផ្ដល់ជូន​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ចំណាយ​អស់​ទឹកប្រាក់​ចំនួន ៤៨.១២០​ដុល្លារ​។ នេះ​ជា​អគារសម្ភព​ទី​២ ដែល​ផ្ដល់​ដោយ​លោក​សាលា​អង់​រី​កូ និង​សប្បុរសជនជនជាតិ​ស្វ៊ីស​ដល់​ខេត្ដ​ឧត្ដរមានជ័យ​។ អគារ​សម្ភព​ទី​១ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣​កន្លងទៅ​។

​    ​

​ លោក​សាលា​អង់​រី​កូ បានឱ្យដឹង​ផងដែរ​ថា រហូតមកដល់​ពេលនេះ លោក​បានផ្ដល់​មណ្ឌល​សុខភាព​ចំនួន ១៣ កន្លែង ដល់​ខេត្ដ​សៀមរាប និង​អគារ​ពេទ្យ​ស្ថិតក្នុង​មន្ទីរពេទ្យបង្អែកជាង​១០​ខ្នង រួចមកហើយ​។

​    ​

​ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយមិនអាច​កាត់ថ្លៃ​បាន ហើយ​មិនអាច​វាយ​តម្លៃ​បាន​ចំពោះ​ទឹក​ចិ​ត្ដ និង​ថវិកា​ដែល​លោក​សាលា​អង់​រី​កូ បាន​ជួយ​ដើម្បី​ទ្រទ្រង់នូវ​វិស័យ​សុខាភិបាល ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អន្លង់វែង ក៏ដូចជា​នៅ​ស្រុក​ដទៃទៀត​ដែរ​។

​    ​

​លោក​ឧកញ៉ា សៀង ណាំ បាន​ថ្លែងថា លោក​សាលា​អង់​រី​កូ គឺជា​សប្បុរសជនជនជាតិ​ស្វ៊ីស​មួយរូប ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជាច្រើន ជាពិសេស​លោក​បានធ្វើកា​រ​អំពាវនាវទៅ​សប្បុរសជនជនជាតិ​ស្វ៊ីស​ដទៃទៀត ដើម្បី​យក​ថវិកា​ជួយ​កសាង​អគារសិក្សា ជាពិសេស​មណ្ឌល​សុខភាព​, អគារ​មន្ទីរពេទ្យ ដើម្បី​បម្រើឱ្យ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​៕

5.

ចោទមេភូមិម្នាក់ ពីបទប្រើប្រាស់លុយរួម ដោយគ្មានតម្លាភាព នៅខេត្តកំពត

ទីតាំង​ស្តុក​ទឹក​សម្រាប់​អ្នកភូមិ​ព្រៃ​ត្នោត​ដែល​ប៉ះពាល់​ដោយ​ការធ្វើ​ប្រឡាយ

ថ្ងៃ សៅរ៏ ទី ៣០ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ០៨:៥៧

កំពត:  ប្រជាពលរដ្ឋ​ប្រមាណ​ពីរ​រយ​នាក់ ស្ថិតក្នុង​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៣ បាននាំគ្នា​ផ្តិតមេដៃ​លើ​ពាក្យបណ្តឹង​ដាក់ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​កម្មវត្ថុ​ចោទប្រកាន់​លោក​មេភូមិ ថា​បាន​ប្រើប្រាស់​ថវិកា​រួម បានមកពី​ការដោះស្រាយ​ផលប៉ះពាល់​គម្រោង​ទឹកស្អាត ដោយ​គ្មាន​តម្លាភាព​។ ពាក្យបណ្តឹង​នោះ ក៏បាន​ទាមទារ​ឱ្យ​ផ្លាស់ប្តូរ​មេភូមិ​រូបនោះ​ផងដែរ​។​

​ បណ្តឹង​ដែល​អមដោយ​ស្នាម​មេដៃ​ចំនួន ១៩១ មាន​ខ្លឹមសារ​ថា ប្រជាពលរដ្ឋ​ទាំងអស់​កើតទុក្ខ មិន​សុខចិត្ត​ចំពោះ​លោក ម៉ម លីដា មេភូមិ​ព្រៃ​ត្នោត ដែល​បាន​យកប្រាក់​ដោះស្រាយ​ផលប៉ះពាល់ គម្រោង​ទឹកស្អាត​ចំនួន ១៣.៣០០,៩៣ ដុល្លារ ទៅ​ចាយវាយ​អស់ ៧.២៥៥ ដុល្លារ ពុំ​ឱ្យដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​បានដឹង គ្មាន​តម្លាភាព គ្មាន​ការឯកភាព និង​គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ​។​

​ពាក់ព័ន្ធ​នឹង​ រឿងរ៉ាវ​ខាងលើ លោក ស៊ឹម វុ​ទ្ធា នាយករង​រដ្ឋបាល​សាលាខេត្ត​កំពត រៀបរាប់​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣ នេះ​ថា ការណ៍​ដែល​ប្រជាពលរដ្ឋ​ដាក់​បណ្តឹង​ទៅ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ លោក​មិន​បានដឹង​ទេ ប៉ុន្តែ​កន្លងមក​បណ្តឹង​ដូចគ្នានេះ​បានដាក់​ចូល​សាលាខេត្ត ដោយ​លោក​អភិបាល​បាន​ចារ​ចាត់តាំង​ឱ្យ​លោក ហេង វ​ន្ថា អភិបាលរង​ខេត្ត​ចុះ​ដោះស្រាយ​ហើយ លទ្ធផល​យ៉ាងណា​មិនទាន់​ដឹង​នៅ ឡើយ​ទេ​។ រឿង​ប្រជាពលរដ្ឋ​ដាក់​បណ្តឹង​ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូច​ការអះអាង​នោះ​ជា​សិទ្ធិ​របស់​ពួកគាត់ តែ​ខេត្ត​បាន និង​កំពុង​ខិតខំ​ដោះស្រាយ​ហើយ​។​

​ប្រជាពលរដ្ឋ​បាន​ រៀបរាប់​ពី​ប្រវត្តិ នៃ​ប្រឡាយ​គម្រោង​ទឹកស្អាត​ភូមិ​ព្រៃ​ត្នោត​ថា កាលពី​អំឡុង​ដប់​ប្រាំ​ឆ្នាំមុន ព្រោះតែ​មើលឃើញ​នូវ​ការខ្វះខាត​ទឹក​ប្រើប្រាស់ កាកបាទក្រហម និង​អង្គការ SAWA បាន​ជួយ​ជីក​ប្រឡាយ ព្រមទាំង​រៀប​លូ​បញ្ឈរ ដើម្បី​ទទួល​ទឹក​ស្តុក​សម្រាប់​ចែក​ប្រជាពលរដ្ឋ​ក្នុងភូមិ ប្រើប្រាស់​ជា​សហគមន៍​។ លុះដល់​ពេល​មាន​គម្រោង​ធ្វើ​ប្រឡាយទឹក​ចិន​(​អំណោយ​សាធារណរដ្ឋ​ប្រ ជា​មានិត​ចិន និង​បដិភាគ​រាជរដ្ឋាភិបាល​កម្ពុជា​) ចំ​ទីតាំង​គម្រោង​ទឹកស្អាត ទើប​មានការ​ដោះស្រាយ រាល់​ការខាតបង់​ផលប្រយោជន៍​ទាំងអស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។

​ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១២ លោក សំ សាន ជា​អនុ​ប្រធានភូមិ​បាន​ឡើងទៅ​យកលុយ ចំពោះ​ផលប៉ះពាល់ ចំនួន ១៣.៣០០,៩៣ ដុល្លារ តែ​ហាក់ដូចជា​ស្ងាត់​ព័ត៌មាន​ឈឹង​។ រហូតដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​បាន ហៅ​លោក​មេភូមិ លោកស្រី​មេឃុំ ស្មៀនឃុំ មក​បំភ្លឺ ទើប​ដឹងថា លុយ​នោះ​នៅសល់តែ​៦.០៤៥,៩៣ ដុល្លារ​ប៉ុណ្ណោះ​។

​ជាការ​បកស្រាយ​ចំពោះ ​ប្រជាពលរដ្ឋ​ជាង​មួយរយ​គ្រួសារ លោក​មេភូមិ រៀបរាប់ថា លុយ ៧.២៥៥ ដុល្លារ បាន​ចំណាយ​លើៈ ១. ក្រសួង​ចំនួន​១.០០០​ដុល្លារ​, ២. ក្រុមការងារ ខេត្ត ២.០០០ ដុល្លារ​, ៣.​លោកស្រី​មេឃុំ ៣០០ ដុល្លារ​, ៤.​លោក​អនុ​ប្រធានភូមិ ៣០០ ដុល្លារ​, ៥.​លោក​ជំទប់​ទីមួយ​ឃុំ កំពង់​គ្រែង ១០០ ដុល្លារ​, ៦.​ជប់លៀង​បាយ​សាមគ្គី​ថ្នាក់​ខេត្ត និង​ក្រសួង ៣០០ ដុល្លារ​, ៧.​លោក​មេភូមិ ដោះស្រាយ​បាយ បារី កាហ្វេ សាំង ៣០០ ដុល្លារ​, ៨.​ដោះស្រាយ​ផលប៉ះពាល់​ការធ្វើ​ប្រឡាយ ក្នុងភូមិ ២.៩៥៥ ដុល្លារ​។​

​ ទាក់ទិន​នឹង​ការចំណាយ​ដែល​គ្មាន​វិ​ក័យ​ប​ត្រ គ្មាន​ការដឹងឮ​នេះ ប្រជាពលរដ្ឋ​ស្នើសុំ ឱ្យ​បង្វិល​ទឹកប្រាក់​ចំនួន ១៣.៣០០,៩៣ ដុល្លារ​មកវិញ ដើម្បី​រក្សា​ទុកជា​របៀប​ធនាគារ​ភូមិ សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចអភិវឌ្ឍន៍​រួម​តទៅ​ថ្ងៃមុខ​។​

​គួរ​ បញ្ជាក់ថា ក្រោម​ជំនួយ​ចំនួន​ទឹកប្រាក់ ៤២ លាន​ដុល្លារ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រាក់​ចូលរួម​បដិភាគ ៨ លាន​ដុល្លារ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ប្រឡាយ​មេ និង​មែកធាង​១៧​ខ្សែ ប្រវែង​សរុប ៨៨ គីឡូម៉ែត្រ នឹង​សម្រេច​រួចរាល់​ក្នុងអំឡុង​ឆ្នាំ​២០១៤ ខាងមុខ​។

​ប្រឡាយ​នេះ ចាប់ផ្តើម​ស្ថាបនា​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១០ ដោយ​ភ្ជាប់​ពី​ស្ទឹង​កែវ ចំណុច​ព្រំប្រទល់​ស្រុក​ឈូក​នៃ​ទឹកដី​ឃុំ​ត្រពាំង​ភ្លាំង​លាតសន្ធឹង ពង្រាយ​សាខា​ជា​ប្រឡាយ​មេ ប្រឡាយ​កូន ក្នុងភូមិ​សាស្ដ្រ​នៃ​ស្រុក​ទឹកឈូ​។

​ ប្រឡាយ​ចាក់​ក្រាល​បាត​ដោយ​បេតុង​នេះ នឹង​ផ្តល់​សារប្រយោជន៍ បីយ៉ាង​ជាសំខាន់ រួមមានៈ បញ្ចៀស​ពី​បញ្ហា​ជំនន់​លិចលង់ ក្រុង​កំពត ដែល​តែង​កើតឡើង​ជារឿយៗ​នាពេល​កន្លងមក ជា​ប្រព័ន្ធ​ស្រោចស្រព បម្រើ​ដល់​វិស័យ​កសិកម្ម សម្រាប់​កសិករ​ក្នុងស្រុក​ទឹកឈូ ដែល​អាចឱ្យ​ពួកគាត់​ដាំ​ដំណាំ និង​ធ្វើស្រែ​ស្រូវ​ក្នុង​រដូវប្រាំង ព្រមទាំង​ជា​ផ្នែក​មួយ​នៃ​ការផ្គត់ផ្គង់​សេវា​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ ជនបទ ព្រោះ​ចាក់​ក្រាល​បាត​ដោយ​បេតុង ងាយស្រួល​ក្នុងការ​រក្សា​អនាម័យ​៕

6.

កូរ៉េខាងជើង "​ស្ថិតក្នុង​សង្គ្រាម​" ជាមួយ​កូរ៉េខាងត្បូង​

ថ្ងៃ សៅរ៏ ទី ៣០ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១១:៥១

កូរ៉េខាងជើង​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​បាន​ចូលក្នុង "​ស្ថានភាព​សង្គ្រាម​" មួយ​ជាមួយ​កូរ៉េខាងត្បូង ហើយនឹង​ដោះស្រាយ​ជាមួយ​រាល់​បញ្ហា​អន្តរ​កូរ៉េ​ឲ្យ​ខាងតែបាន។​

​ កូរ៉េខាងជើង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ផ្ញើ​ទៅកាន់​គ្រប់​ ស្ថាប័ន និង​ក្រសួង​រដ្ឋាភិបាល​ទាំងអស់​ថា "​បច្ចុប្បន្ននេះ ទំនាក់ទំនង​អន្តរ​កូរ៉េ​ចូលក្នុង​ស្ថានភាព​សង្គ្រាម​មួយ និងរាល់​បញ្ហា​ទាំងអស់​រវាង​កូរ៉េ​ទាំងពីរ​នឹងត្រូវ​ដោះស្រាយ​ផ្អែក​តាម​ អនុសញ្ញា​អំឡុងពេល​កើតសង្គ្រាម​"។​

​សេចក្តី​ថ្លែង​ការណ៍ចេញផ្សាយ​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​ផ្លូវការ (KCNA) បាន​និយាយថា "​ស្ថានភាព​ដែល​ពុំមាន​សន្តិភាព និង សង្គ្រាម​ជា​យូរ​មកហើយ​នៃ​ឧបទ្វីប​កូរ៉េ ទីបំផុត​បាន​ចប់​ហើយ​"។​

​ កូរ៉េ​ទាំងពីរ​ជានិច្ចកាល​តាមន័យ​បច្ចេកទេស​នៅតែ​ស្ថិតក្នុង​សង្គ្រាម​នៅឡើយ ព្រោះ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ បានបញ្ចប់​ទៅដោយ​យុទ្ធសន្តិភាព (​ឬ​បទ​ឈប់​បាញ់​) ជាជាង​សន្ធិសញ្ញា​សន្តិភាព។​

​កូរ៉េខាងជើង​ បានប្រកាស​កាលពី​ដើមខែ​នេះ​ថា ខ្លួន​បាន​ហែក​ចោល​នូវ​បទ​ឈប់​បាញ់ និងកិច្ចព្រមព្រៀង​សន្តិភាព​ទ្វេភាគី​ដទៃទៀត​ដែល​ចុះហត្ថលេខា​ជាមួយ​ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ដើម្បី​ជំទាស់​នឹង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​ កូរ៉េខាងត្បូង និងអាមេរិក។​

​តាម​ទ្រឹស្តី ការ​ទុកជា​មោ​ឃៈ​នូវ​បទ​ឈប​បាញ់​បាន​បើកផ្លូវ​ដើម្បី​បន្ត​អរិភាព​នានា ទោះយ៉ាងណា​ក្រុម​អ្នក​អង្កេត​ការណ៍​បាន​កត់សម្គាល់ថា វា​មិនមែនជា​លើកដំបូង​បង្អស់​ដែល​កូរ៉េខាងជើង​បានប្រកាស​លុបចោល​បទ​ឈប់​បាញ់ ​នោះទេ។​

​បទ​ឈប់​បាញ់​ត្រូវ​បានអនុម័ត​ដោ​យម​ហាស​ន្និ​បាត​ អង្គការសហប្រជាជាតិ ហើយ​ទាំង​អង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូង​បាន​បដិសេធ​មិន​ទទួលស្គាល់​ការដកខ្លួន​ជា​ឯកតោភាគី​របស់​ កូរ៉េខាងជើង​នោះទេ។​

​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​សៅរ៍​ក៏បាន​ ព្រមាន​ដែរ​ថា ការបង្ក​រឿង​ខាង​យោធា​ណាមួយ​ក្បែរ​ព្រំដែន​គោក ឬសមុទ្រ​រវាង​កូរ៉េខាងជើង និងកូរ៉េខាងត្បូង​ អាច​នឹង​កើត​ទៅជា "​ជម្លោះ​ទ្រង់ទ្រាយ​ធំ និងសង្គ្រាម​នុយក្លេអ៊ែរ​"៕

7.

ជីវិត​កុមារី​វ័យ​៨​ឆ្នាំ​ដែល​ឪពុក​ត្រូវ​គេ​សម្លាប់​លើ​ទូក​ថៃ​ រីឯ​ម្តាយ​បាត់​ពី​ផ្ទះ

Posted about 4 days ago | 5 comments

Tuesday, 26 March 2013

ស៊ូ វុទ្ធី

ភ្នំពេញ ប៉ុស្តិ៍

កុមារី ធិន ចន្នី អង្គុយកាន់​សៀវ​ភៅ ទោះ​បី​ជា​រូប​នាង​មិន​បាន​ចូល​សាលា​។ រូបថត ស៊ូ វុទ្ធី

តាកែវៈ ដោយ​សារ​ជីវភាព​ក្រីក្រ និង​កាលៈ​ទេសៈ​បង្ខំ បាន​ជម្រុញ​ឲ្យ​កុមារី​ ទើប​តែ​វ័យ​៨ឆ្នាំ​កំព្រា​ឪពុកម្តាយ​ម្នាក់​បោះ​បង់​ចោល​ការ​សិក្សា ទាំង​ខ្លួន​មិន​ទាន់​នឹង​ចេះ​ចាំ​ស្រះ​២១​តួ និង​ព្យញ្ជនៈ​ទាំង​៣៣តួ​ ដែល​ជា​គ្រឹះ​មូលដ្ឋាន​ចំណេះ​ដឹង​ទូទៅ​ផង ហើយ​ត្រូវ​រ៉ាប់រង​លើ​ជីវភាព​គ្រួសារ​ទាំង​ស្រុង ចិញ្ចឹម​ប្អូនៗ​ចំនួន​បី​នាក់​ និង​ជីដូន​មាន​ជំងឺ​ប្រចាំ​កាយ។

កុមារី ​វ័យ​៨​ឆ្នាំ​ដែល​បោះ​បង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១ និង​ក្លាយ​ជា​ម្តាយ​ទី​ពីរ​ចិញ្ចឹម​ប្អូនៗ​ មាន​ឈ្មោះ ធិន ចន្នី នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់ ដែល​ឪពុក​ស្លាប់​ និង​ម្តាយ​បោះបង់​ចោល តាំង​ពី​នាង​មាន​អាយុ​៥ឆ្នាំ​។ កុមារី​រូប​នេះ​រស់​នៅ​ក្នុង​ភូមិ​នៀល ឃុំគុស ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ជ្រកក្រោម​ដំបូល​ខ្ទម​ដ៏​តូច​មួយ​ជា​មួយ​ជីដូន​នៅ​ជិត​ជើង​ភ្នំ​ដំរី​រមៀល​។

ក្មេង​ស្រី​ដ៏​កម្សត់​ឈ្មោះ​ ធិន​ ចន្នី​ បាន​ឲ្យ​ដឹង​ថា៖​«ខ្ញុំ​មាន​បង​ប្អូន​៤នាក់​។ ខ្ញុំ​ជា​​ កូន​ទី​២។​ បងប្រុស​របស់​ខ្ញុំ​ឈ្មោះ ធិន​ ចំរើន អាយុ​៩ឆ្នាំ ប្អូន​បន្ទាប់​ខ្ញុំ​ឈ្មោះ ធិន ចន្នា អាយុ​៦ឆ្នាំ​ និង​ប្អូន​ពៅ ឈ្មោះ ធិន ណេត​អាយុ​៣​ឆ្នាំ។ ពួក​ខ្ញុំ​កំព្រា​ឪពុក​ម្តាយ​​រស់​នៅ​ជា​មួយ​ជីដូន​តាំង​ពី​ខ្ញុំ​អាយុ​ ៥ឆ្នាំ​ម្ល៉េះ។ តែ​ពួក​ខ្ញុំមុន​នេះ​រស់​នៅ​ជា​មួយ​ជី​ដូន ​តែ​បង​ប្រុស​ខ្ញុំ​គាត់​នៅ​ឯវត្ត​ជម្ពូវ័ន​ក្រុង​ភ្នំពេញ​ឯណោះ ទើប​តែ​មក​នៅ​ជុំ​គ្នា​វិញ​មុន​នេះ​ទេ​»។

រំឭក​ពី​ខ្សែ​ជីវិត​ដ៏​កម្សត់​ ជាមួយ​នឹង​ទឹក​ភ្នែក​រលីង​រលោង​ដោយ​ដៃ​ត្បាញ​បង្គី​បណ្តើរ​កុមារី​ ចន្នី បាន​បន្លឺ​សំឡេង​ទាំង​អន្តឺត​អន្តក់​ថា៖​ «ជីវិត​ពួក​ខ្ញុំ​អភ័ព្វ​តាំង​ពី​មិន​ទាន់​ដឹង​ក្តី​ម្ល៉េះ ខ្ញុំ​មាន​អាយុ​ប្រាំ​ឆ្នាំត្រូវ​កំព្រា​ម្តាយ​ឪពុក​ ដែល​កាល​នោះ​ប្អូន​ពៅ​ខ្ញុំ​ គេ​នៅ​បាត​ជើង​ក្រហម​រងាល​នៅ​ឡើយ រស់​នៅ​ជា​មួយ​ជីដូន ជា​មួយ​ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​បបរ​ខ្វះ​ទឹក​ត្រី។ ប៉ុន្តែ​ពេល​​នេះ​ជីដូន​ខ្ញុំ​គាត់​ធ្វើ​ការ​រក​ចិញ្ចឹម​ពួក​ខ្ញុំ​លែង​កើត​ ហើយ ព្រោះ​គាត់​មាន​ជំងឺ​ ហើយ​បន្ទុក​នេះ​ត្រូវ​ធ្លាក់​មក​លើ​ខ្ញុំ និង​រ៉ាប់​រង​ទាំង​ខ្លួន​ខ្ញុំ​ទើប​តែ​អាយុ​៨​ឆ្នាំ»។

កុមារី ​ ចន្នី​ ក៏​បាន​បន្ត​ថា៖​«ឪពុក​ខ្ញុំ​គាត់​បាន​ស្លាប់ គ្រា​ដែល​គាត់​ចេញ​ទៅ​រក​ស៊ី​ចុះ​ទូក​នៅ​​ថៃ ត្រូវ​គេ​សម្លាប់​ទម្លាក់​ទឹក​។ ចំណែក​ឯម្តាយ​ខ្ញុំ​ពេល​ដែល​ដឹង​ថា ប្តី​គាត់​ត្រូវ​គេ​សម្លាប់ គាត់​ចេញ​ពី​ផ្ទះ​ ដោយ​ប្រាប់​ខ្ញុំ ​និង​យាយ​ថា ទៅ​តាម​រក​សព​ឪពុក​យក​មក​ធ្វើ​បុណ្យ តាំង​ពី​ពេល​នោះ​មក​​បាត់​ដំណឹង​គាត់​រហូត​ ជិត​៤​ឆ្នាំ​ហើយ​មិន​លេច​ដំណឹង​ថា​ គាត់​យ៉ាង​ម៉េច​ទេ ថា​រស់ ឬស្លាប់​ក៏​មិន​ដឹង​ដែរ​»។

ថ្មីៗ​នេះ ចន្នី បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ទោះ​បី​ជា​ភាព​កម្សត់​និរាស​ម្តាយ​ឪពុក​ រស់​នៅ​ក្នុង​ភាព​រងា​វេទនា​ទាំង​ចិត្ត​ទាំង​កាយ​កាល​ពី​៣​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​ពួក​គេ​នៅ​មាន​ជីដូន​ម្នាក់​ជា​ជំហរ​មើល​ថែ​ថ្នាក់​ថ្នម​ ផ្គត់ផ្គង់​អាហារ​ព្រលប់​យប់​ព្រឹក​ តែ​ពេល​នេះ​ជីដូន​របស់​ពួក​គេ​សម្រាក​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ​មិន​អាច​ធ្វើ​ អ្វី​បាន​ទេ។

ក្នុង​សម្តី​អួល​ដើម​ក កុមារី ចន្នី បាន​បញ្ជាក់​ថា៖​«​តែ​ពេល​នេះ​លទ្ធភាព​ដែល​គាត់​មាន​នោះ​​ ត្រូវ​ខ្សោះ​ថាម​ពល  ហើយ​របរដែល​គាត់​តែង​ប្រកប​ចិញ្ចឹម​ពួក​ខ្ញុំ​ឲ្យ​រស់​ធំធាត់​នោះ ត្រូវ​ខ្ញុំ​ជា​អ្នក​ទទួល​ទាំង​ស្រុង​ជា​មួយ​ប្អូន​ៗ​របស់​ខ្ញុំ​»។

ចន្នី បាន​ឲ្យ​ដឹង​ថា៖​«របរ​ ដែល​យាយ​ខ្ញុំ​គាត់​រក​ចិញ្ចឹម​ពួក​ខ្ញុំ​កាល​ពី​គាត់​នៅ​មាន​កម្លាំង​ដើរ​ បាន​ នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ស៊ី​ឈ្នួល​ស្ទូង​ដក​ច្រូត​ស្រូវ ឡើង​ភ្នំ​បេះ​បន្លែ ច្រាត់​ទំពាំង​ និង​បក​រំពាក់​មក​តម្បាញ​បង្គី​លក់​នោះ​ទេ ហើយ​ពេល​នេះ​ របរ​ទាំង​នេះ​ត្រូវ​ធ្លាក់​មក​លើ​ពួក​ខ្ញុំ​ទាំង​អស់​»។ ចន្នី បញ្ជាក់​ថា៖​«នៅ​រដូវ​នេះ ផុត​រដូវ​កសិកម្ម​នៅ​តាម​ភូមិ ពួក​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ស្​ទើរ​​រាល់​ថ្ងៃ ​ដែល​ឃ្លាត​ពី​ផ្ទះ​ប្រហែល​បួន​គីឡូ​ម៉ែត្រ​ ដើម្បី​ស្វែង​រក​ទំពាំង​និង​ស្លឹក​ល្ងៀង​ និង​បន្លែ​ផ្សេងៗ​យក​មក​លក់​ដូរ​អង្ករ បើ​មិន​ទៅ​ទេ​នោះ ​ពួក​ខ្ញុំ​ប្រាកដ​ជា​ដាច់​បាយ​ហើយ​ ហើយ​សកម្មភាព​នេះ​ ខ្ញុំ​ស្នង​ពី​យាយ​ខ្ញុំ​ជិត​មួយ​ឆ្នាំ​ហើយ តាំង​ពី​គាត់​ធ្លាក់​ខ្លួន​ឈឺ​មក»។

បើទោះ​ជា​សុខភាព​ដុនដាប​ដោយ​ជំងឺ​ រុករាន​យ៉ាង​ណាក្តី តែ​យាយ អ៊ិត លី ក៏​មិន​ដេ​កចាំ​តែ​ចៅ​ៗ​រក​ចិញ្ចឹម​នោះ​ដែរ។ ជីដូន​ដ៏​កម្សត់​របស់​កុមារី​ ចន្នី បាន​ឲ្យ​ដឹង​ថា៖​«បើ​តាម​តែ​ជំងឺ​នោះ ខ្ញុំ​មិន​អាច​អង្គុយ​បាន​ទេ តែ​ចិត្ត​អាណិត​ចៅៗ​នៅ​ភ្នែក​ខ្មៅ​ៗ​ឲ្យ​រហង់​នោះ ពេល​ណា​ខ្ញុំ​រាង​ស្រួល​ខ្លួន​បន្តិច​នោះ ខ្ញុំ​ក៏​អត់​នៅ​ទំនេរ​ដែរ ពេល​ចៅ​ៗ​បាន​រំពាក់​ពី​ព្រៃ​មក​ ខ្ញុំ​ក៏​ធ្វើ​បង្គី​ឲ្យ​បាន​ជា​ក្បាល​ៗ​រួច​ទុក​ឲ្យ​ពួក​គេ​នោះ​បន្ត​ត្បាញ បង្ហើយ»។

ស្ថិត​ក្នុង​វ័យ​៥៦​ឆ្នាំ ប៉ុន្តែ​យាយ អ៊ិត លី ហាក់​មាន​សុខភាព​ និង​រាង​កាយ​ដូន​ជា​អ្នក​មាន​វ័យ​៧០​ឬ​៨០​ឆ្នាំ។ លោក យាយ បាន​ប្រាប់​ថា​៖​«សុខភាព​ខ្ញុំ​ទ្រុឌ​ទ្រោម​យ៉ាង​នេះ ដោយ​សារ​តែ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ កាល​ពី​ប្តី​ខ្ញុំ​គាត់​នៅ​រស់​ គាត់​តែង​វាយ​ធ្វើ​បាប​ខ្ញុំ​គ្មាន​ស្រាកស្រាន្ត​ឡើយ មាន​​ពេល​ខ្លះ​គាត់​មក​ពី​ផឹក​ស្រវឹង​មក​ដល់​ផ្ទះ​វាយ​ធ្វើ​បាប​ប្រពន្ធ​ មាន​ធ្លាក់​ឈាម​​ទាំង​កន្ថោៗ​ក៏​មាន​ដែរ»។

ជាមួយ​សំដី​រៀបរាប់​បើក​កកាយ​រឿង​ អតីត​កាល​នោះ យាយ អ៊ិត លី ក៏​បាន​បន្ត​ថា លុះ​ពេល​ដែល​ប្តី​ស្លាប់​ទៅ​នោះ លោក​យាយ​មាន​កូន​ៗ​ចំនួន​៧​នាក់​ តែ​គ្មាន​កូន​ណា​ម្នាក់​បាន​ដោយ​គន្លង​ធម៌​ទេ ចិញ្ចឹម​ធំឡើង​ដឹង​ក្តី​ ចេញ​ទៅ​បាត់​ៗ​រហូត​ ខ្លះ​២ឆ្នាំ​មិន​មក​អើត​ម្តាយ​ម្តង​ផង​ ហើយ​ក៏​មិន​ដឹង​ជា​គេ​ទៅ​រស់​នៅ​ឯណា​ដែរ។

លោក​យាយ​បញ្ជាក់​ថា៖​«​សុខ​ភាព ខ្ញុំ​ធ្លាក់​ដល់​ថ្នាក់​នេះ ក្រោយ​ពី​ជម្នះ​លើ​សុខភាព​ខ្លួន​ឯង​ ពេល​មាន​ជំងឺ​ប្រចាំ​ហើយ តស៊ូ​មិន​ថា​យប់​ថ្ងៃ ដើរ​ស៊ី​ឈ្នួល​គេ ឡើង​ភ្នំ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ចៅ​ៗ​បាន​រស់​»។

ប៉ុន្តែ​យ៉ាង​ណា ពេល​នេះ​ការ​តាំង​ចិត្ត​ និង​ភារៈ​ទាំង​នោះ​ត្រូវ​ធ្លាក់​មក​ដល់​ចៅ​ស្រី​ទាំង​វ័យ​មិន​ទាន់​បាន​ដប់​ ឆ្នាំ​ផង។​ លោក ស្រី​ អ៊ិត លី បាន​ឲ្យ​ដឹង​ថា៖«​ក្រោយ​ពី​ខ្ញុំ​ធ្វើ​អ្វី​លែង​កើត​នោះ ចៅស្រី​ ចន្នី គេ​ក៏​មិន​បាន​ទៅ​រៀន​សូត្រ​ដូច​មុន​ទេ គេ​ត្រូវ​មក​ចាប់​យក​របរ​ដែល​ខ្ញុំ​តែង​ប្រកប​ចិញ្ចឹម​ពួក​គេ​នោះ​ទាំង​អស់​ វិញ»៕

8.

ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រ៉ាប់រង​ចិញ្ចឹម​សមាជិក​គ្រួសារ​៥​នាក់

នៅ​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​ក្មេង​ស្រី​អាយុ ៨​ឆ្នាំ​មួយ​រូប បាន​ឈប់​រៀន ហើយ​ទៅ​រក​ស៊ី​ដើម្បី​ចិញ្ចឹម​មនុស្ស​ចំនួន ៥​នាក់​ជា​សមាជិក​គ្រួសារ។ មនុស្ស​ទាំង ៥​នាក់​នោះ មាន​ជីដូន​ចាស់​មួយ​រូប និង​បង​ប្អូន​ប្រុស ៣​នាក់។ ការ​ប្រឹង​រក​ស៊ី ដើម្បី​ចិញ្ចឹម​មនុស្ស​ជាច្រើន​នាក់​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។

ដោយ អ៊ុក សាវបូរី

2013-03-26

ស្ដាប់ ឬ ទាញ​យក​សំឡេង

កុមារី ធិន ចន្ធី អាយុ ៨​ឆ្នាំ និង​ប្អូន​ប្រុស​ពៅ​អាយុ ៣​ឆ្នាំ អូស​រទេះ​ដឹក​ទឹក ក្នុង​ភូមិ​នៀល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Ouk Savborey

ភាព​ទាល់ច្រក បង្ខំ​ឲ្យ​កុមារី ធិន ចន្ធី ទើប​មាន​អាយុ ៨​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភាព​ជា​កុមារ ទៅ​ធានា​រ៉ាប់រង​ជីវភាព​ក្រុម​គ្រួសារ​ប្រមាណ ៣​ឆ្នាំ​មក​នេះ។ កុមារី ធិន ចន្ធី រស់នៅ​ភូមិ​នៀល ឃុំ​គូស មាន​ចម្ងាយ​ប្រមាណ ១៤​គីឡូម៉ែត្រ​ពី​សាលា​ស្រុក​អង្គតាសោម ខេត្ត​តាកែវ និង​នៅ​ជិត​ភ្នំ​ដំរីរមៀល។

កុមារី ធិន ចន្ធី អះអាង​ថា ភ្នំ​ដំរីរមៀល ជា​ភ្នំ​សម្បូរ​ធនធាន​ដែល​នាង​អាច​រក​អង្ក្រង ស្លឹក​រងៀង អុស ជាដើម លក់​ចិញ្ចឹម​គ្រួសារ​នាង។

ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ទី​៤ នៃ​ខែ​មីនា កុមារី ធិន ចន្ធី មិន​បាន​ទៅ​សាលា​ទេ។ កុមារី​នៅ​អូស​ទឹក និង​រក​អង្ក្រង​ផ្សំ​សម្រាប់​ធ្វើ​ម្ហូប និង​សម្រាប់​លក់៖ «ខ្ញុំ​ដង​ទឹក ​ពី​ត្រពាំង ត្រពាំង​របស់​គេ​ទឹក​នោះ​មាន​ពណ៌​ស្រដៀង​ខ្មៅ។ ទឹក​នេះ ខ្ញុំ​ទុក​លាង​ចាន។ ខ្ញុំ​អូស ថ្ងៃ​ណា​នេះ ខ្ញុំ​រែក​ខ្ញុំ​ខ្ជិល​អូស​ខ្ញុំ​រែក»

កុមារី​បាន​ប្រាប់​ថា ដោយសារ​តែ​ជីដូន​ឈឺ មិន​អាច​រក​អ្វី​មក​ចិញ្ចឹម​ចៅ​ទាំង ៤​នាក់​បាន ទើប​នាង​ដើរ​ទៅ​ភ្នំ​ស្វែង​រក​សម្បុក​អង្ក្រង និង​អុស មក​ផ្សំ​លក់​ដើម្បី​ទិញ​ស្បៀង៖ «១​ថ្ងៃ ១​ម៉ឺន ២​ម៉ឺន ខ្ញុំ​ទៅ​គោះ​អង្ក្រង​នៅ​ឯ​ភ្នំ​ឯ​ណោះ ២​នាក់​បង»

កុមារី​ឲ្យ​ដឹង​ថា ក្រោយ​ពី​ឪពុក​ម្តាយ​ស្លាប់ បង​ប្អូន​នាង ៤​នាក់​កំព្រា ត្រូវ​ជីដូន​ខាង​ម្តាយ​ជួយ​មើល​ថែទាំ ប៉ុន្តែ​ដោយសារ​ជីដូន​ឈឺ​ក្រោក​មិន​សូវ​បាន​យូរ ចេះ​តែ​វិល​មុខ ទើប​កុមារី និង​បង​ប្រុស​នាំគ្នា​ស្វែង​រក​ចំណូល​ពី​ការ​លក់​អង្ក្រង និង​ស្លឹក​ឈើ​ក្នុង​ព្រៃ​ភ្នំ​មក​លក់។ កុមារី​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​បាន​អង្ក្រង និង​ស្លឹក​រងៀង ឬ​អុស រក​បាន​ពី​ភ្នំ​ដំរីរមៀល យក​ទៅ​លក់ គាត់​ត្រូវ​ដើរ​តាំង​ពី​ភ្នំ​ដំរីរមៀល ទៅ​ដល់​ផ្សារ​ត្រាំកក់ ចម្ងាយ ៦​គីឡូម៉ែត្រ ដើម្បី​លក់​របស់​រក​បាន​នោះ​ប្ដូរ​យក​ប្រាក់​ទិញ​អង្ករ​ ឬ​អំបិល ត្រី​សាច់​ជាដើម ហើយ​ដើរ​មក​ផ្ទះ​វិញ ៣​គីឡូម៉ែត្រ​ទៀត៖ «យាយ​គាត់​ឈឺ គាត់​ហូប​បាយ​អត់​បាន។ ខ្ញុំ​ដើរ​កាប់​ក្តាម រក​អង្ក្រង​បាន​យក​លក់ យក​លុយ​ចាយ និង​រៀន។ លក់​មួយ​កូន​ចាន ១​ពាន់​រៀល ថ្ងៃ​ណា​ខ្ញុំ​រៀន​អត់ ថ្ងៃ​ណា​ខ្ញុំ​អត់​រៀន លក់​បាន»

កុមារា ធិន ចំរើន អាយុ ១០​ឆ្នាំ ថ្លែង​ថា ឪពុក​ម្តាយ​គាត់​បាន​ស្លាប់​មិន​ដឹង​នៅ​ទីណា​ទេ ព្រោះ​ចេញ​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ។ ៥​ឆ្នាំ​ក្រោយ​មក ឮ​ថា​ស្លាប់​បាត់​ទៅ​ហើយ។ កុមារា​បន្ត​ថា ជីដូន​ឈឺ​សម្រាក​លើ​កន្ទេល មាន​តែ​គាត់ និង​ប្អូន​ស្រី​ទេ ដែល​អាច​រក​ចំណូល​ចិញ្ចឹម​ប្អូន​តូចៗ​បាន។ ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​អត់​ធ្មត់​នៅ​ពេល​ខ្វះខាត​អាហារ​ម្តង​ម្កាល។ ពួក​គេ​មិន​ចេះ​ខ្ចី​បុល​នរណា​ឡើយ ព្រោះ​នៅ​តូច​គ្មាន​គ្រួសារ​ណា​បណ្ដាក់ ឬ​ឲ្យ​ខ្ចី​ទេ ព្រោះ​អ្នក​ភូមិ​គេ​ជួយ​ចិញ្ចឹម​ក្រុម​គ្រួសារ​កុមារ​កំព្រា​នេះ​ច្រើន​ពេក​ ហើយ ពួក​គេ​ក៏​មាន​គ្រួសារ​របស់​គេ​ត្រូវ​ចិញ្ចឹម​ដែរ៖ «បង​ប្អូន​ខ្ញុំ​ចេះ​ជួយ​គ្នា។ ជួន​កាល​មាន​ត្រី​អាំង មាន​ត្រី​ងៀត​អី​ចៀន។ ដើរ​រក​អង្ក្រង​រក​អី គោះ​យក​ទៅ​លក់ ហើយ​ទិញ​មក»

ស្ត្រី​មេម៉ាយ​ឈ្មោះ អិត លី អាយុ ៥៤​ឆ្នាំ ត្រូវ​ជា​ជីដូន​របស់​កុមារ​កំព្រា​ទាំង ៤​នាក់ បាន​អះអាង​ថា គាត់​មាន​កូន ៧​នាក់។ ប្ដី​គាត់​ធ្លាក់​ពី​លើ​ដើម​ត្នោត​ស្លាប់​រយៈពេល ១៥​ឆ្នាំ​កន្លង​មក​នេះ។ កូន​ចៅ​បែក​មាន​គ្រួសារ​អស់ គ្មាន​នរណា​បាន​ជួយ​គាត់​វិញ​ទេ។ មិន​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ចៅ​កំព្រា ៤​នាក់​នេះ​ទៀត។ តែ ២ ទៅ ៣​ឆ្នាំ​មក​នេះ គាត់​ឧស្សាហ៍​វិល​មុខ និង​ដួល​ញឹកញាប់ ទើប​គាត់​មិន​អាច​ជួយ​អ្វី​ដល់​ចៅ​ទាំង ៤​នាក់​បាន។ បច្ចុប្បន្ន ចៅ​ទាំង ៤​នាក់ មើល​ថែ​គាត់​វិញ ចៅ​ពៅ​គេ​អាយុ ៣​ឆ្នាំ ជួយ​ដង​ទឹក​ឲ្យ​គាត់​ផឹក​ជាដើម៖ «ខ្ញុំ​អត់​ដែល​ហ៊ាន​ដើរ​ទៅ​ណា​ទេ។ ខ្ញុំ​ឈឺ​ដើរ​ខ្លាច​តែ​ដួល។ ខ្ញុំ​ទៅ​ផ្ទះ​ប្រធាន​ភូមិ​ដួល​បាត់​មាត់ បាត់​ក​ទៅ។ បើ​ចៅ​ខ្ញុំ​គ្នា​នៅ​ផ្ទះ រែក​ទឹក​រែក​អី​ដាំ​បាយ​ទៅ ខ្ញុំ​ឈឺ​ដៃ​ឈឺ​ជើង ធ្វើ​អី​អត់​កើត។ កុំ​បាន​មេ​ភូមិ​គាត់​ជួយ​ខ្ញុំ ជួយ​ដោះស្រាយ​ដែរ​ហ្នឹង បាន​អង្ករ បាន​មី បាន​ទឹក​ត្រី ហើយ​លុយ​ឲ្យ​ក្មេងៗ​បាន​ម្នាក់ ១០​ម៉ឺន ហូប​មិន​ដែល​គ្រាន់​ទេ មក​ពី​ខ្ញុំ​មិន​ដែល​មាន​ស្អី​ទេ»

២៥-មីនា-២០១៣៖ កុមារី ធិន ចន្ធី និង​បង​ប្អូន​ប្រុស ៣​នាក់ រួម​ទាំង​ជីដូន​សម្រាក​នៅ​លើ​គ្រែ ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ RFA/Ouk Savborey

មេ​ភូមិ​នៀល លោក ណោម សារឿន ថ្លែង​ថា ក្នុង​ភូមិ​នេះ​មាន​មនុស្ស​រស់នៅ ៨៨​គ្រួសារ។ ក្នុង​នោះ​មាន​គ្រួសារ​ជិត​៣០ ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​លំដាប់​លេខ​១ និង​លេខ​២។ ចំណែក​ក្រុម​គ្រួសារ​កុមារី​កំព្រា​នោះ ស្ថិត​ឋានៈ​ក្រីក្រ​បំផុត។ លោក​ថា គ្រួសារ​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ស្រុក​ត្រាំកក់ អាជ្ញាធរ​ខេត្ត ទីប្រឹក្សា​លោក ហេង សំរិន ប្រធាន​រដ្ឋសភា សប្បុរស​ជន​ក្នុង និង​ក្រៅ​ប្រទេស។ សប្បុរស​ជន​ខ្លះ​ជួយ​ទិញ​ស័ង្កសី​ឲ្យ ដើម្បី​ប្រក់​ផ្ទះ ខ្លះ​ជួយ​ទិញ​ស្លឹក​បាំង​ជញ្ជាំង ខ្លះ​ជួយ​អង្ករ ខ្លះ​កន្ទេល ក្រមា ខ្លះ​សម្លៀកបំពាក់ ខ្លះ​ថវិកា។

ចំណែក​រូប​គាត់ ជា​អាជ្ញាធរ​ភូមិ​ជួយ​ដឹក​ក្មេង​ធំៗ​ទាំង ២​នាក់​បង​ប្អូន​ទៅ​សាលា​រៀន ព្រោះ​ចង់​ឲ្យ​គេ​រៀន​អាច​ចេះ​អាន​អក្សរ​បាន​ខ្លះ៖ «ដោយសារ​ពី​មុន គាត់​ដំបូល​ស្លឹក មិន​មាន​ស័ង្កសី​ដូច​សព្វថ្ងៃ​នេះ​ទេ ដោយ​ខាង​សម្ដេច ហេង សំរិន គាត់​បាន​ជួយ និង​សប្បុរស​ជន​មក​ពី​សៀមរាប។ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​គាត់​ដែរ គាត់​មក​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន ហើយ​រាជ​រដ្ឋាភិបាល​ក៏​បាន​ជួយ​ដែរ តែ​វា​មិន​បាន​គ្រប់​ចំនួន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ទេ ដោយសារ​គាត់​ក្រីក្រ​ពេក។ តែ​សប្បុរស​ជន​ដទៃ​ទៀត គាត់​បាន​ជួយ​ហូរហែ»

ក្នុង​ថ្ងៃ​ច័ន្ទ ទី២៥ ខែ​មីនា នោះ​ដែរ ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ ដឹកនាំ​ដោយ​លោក ម៉ៅ សុផល បាន​ទិញ​កង់​មួយ​គ្រឿង មី ២​កេះ សម្លៀកបំពាក់ រួម​ទាំង​ថវិកា​ច្រើន​ម៉ឺន​រៀល ជូន​បង​ប្អូន​កុមារី ធិន ចន្ធី។

លោក ម៉ៅ សុផល ថ្លែង​ថា លោក​នឹង​ស្នើសុំ​ទៅ​កាកបាទក្រហម​កម្ពុជា និង​ក្រសួង​សង្គមកិច្ច ឲ្យ​ជួយ​ផ្តល់​ស្បៀង​ឲ្យ​បាន​រាល់​ខែ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​កុមារី និង​បង​ប្រុស​ផ្អាក​រៀន ព្រោះ​តែ​ធានា​រ៉ាប់រង​ការ​ចិញ្ចឹម​ក្រុម​គ្រួសារ​បែប​នេះ​ត​ទៅ​ទៀត៖ «យើង ​បើ​អត់​ជួយ​ក្មេង​នេះ​ទេ គឺ​ទៅ​ថ្ងៃ​អនាគត ក្មេង​នេះ​គឺ​ប្រៀប​ដូច​ពេល​យប់ គឺ​អត់​មាន​ពន្លឺ ពីព្រោះ​អនាគត​ក្មេង​នេះ​នឹង​បោះ​បង់​ការ​សិក្សា​នៅ​ពេល​ដែល​យើង​អត់​ជួយ​ គាត់។ អីចឹង ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ឬ​ក៏​ខ្មែរ​ដែល​នៅ​ឯ​នាយ​សមុទ្រ សូម​ជួយ​ក្មេង​នេះ ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​អនាគត​ល្អ​ផង។ ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​វិញ គឺ​ខ្ញុំ​ប្រាប់​ខាង​ផ្នែក​កាកបាទ​ក្រហម ដើម្បី​ឲ្យ​ជួយ​ដល់​យាយ ហើយ​និង​ក្មេង ៤​នាក់​នេះ ដើម្បី​ជួយ​បន្ត​ទៅ​មុខ​ទៀត»

នៅ​ថ្ងៃ​នោះ​ដែរ ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តល់​ថវិកា​ចំនួន ១០០​ដុល្លារ និង​ប្រាក់​រៀល​ច្រើន​ម៉ឺន​ទៀត ជួយ​ក្រុម​គ្រួសារ​កុមារី​កំព្រា​នោះ​ដែរ។

អាជ្ញាធរ​ឃុំ​គូស បាន​ថ្លែង​ថា មិន​មែន​តែ​ក្រុម​គ្រួសារ​កុមារី​មួយ​នេះ​ទេ​ដែល​ជួប​ការ​លំបាក​នោះ គឺ​នៅ​ក្នុង​ឃុំ​មាន​គ្រួសារ​ច្រើន​ទៀត បាន​ធ្វើ​ចំណាក​ស្រុក ព្រោះ​តែ​ការ​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​រួម​ផ្សំ​មិន​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​បាន​ ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

9.

រមណី​ដ្ឋាន​ភ្នំ​តា​ម៉ៅ​សំបូរ​សត្វ​មើល​ជាង​ឆ្នាំមុន​

  តាកែវ ៖ ប្រធាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​បាន​អះអាងថា មកដល់​ចុងឆ្នាំ ២០១២ នេះ​ចំនួន​សត្វ​ចាស់ និង​ថ្មី​ដែល​ចូលមក​អភិរក្ស​នៅ​សួនសត្វ​បាន​កើនឡើង​ដល់​ទៅ​ចំនួន ១៤០០ ក្បាល។ លោក ញឹក រតន​ពេជ្រ ប្រធាន​សួនសត្វ​ភ្នំ​តា​ម៉ៅ បាន​អះអាងថាចំនួន ​សត្វ​នៅ​ភ្នំ​តា​ម៉ៅ គឺមាន​ចេញ​មាន​ចូល ប៉ុន្តែ​សរុប​នៅ​ចុង​ឆ្នាំនេះ មាន​ចំនួន ១៤០០ ក្បាល​។ នៅក្នុង​ចំណោម​សត្វ​ទាំងនោះ​គឺមាន​សត្វ​ចំនួន ៩៨ ប្រភេទ​ដោយ​រាប់​តាំងពី ដំរី ខ្លា ខ្លាឃ្មុំ ខ្ទីង ទន្សោង ក្រពើ​ភ្នំ បក្សាបក្សី ជាដើម​។​លោក​បាន​បន្តទៀតថា គិត​មកដល់ពេលនេះ​គ្រាន់តែ​ការចំណាយ​នៅលើ​ចំណី​របស់​សត្វ​ទាំងនោះ មានតម្លៃ​ប្រមាណ ១២០០ លាន​រៀល ក្នុង​មួយឆ្នាំ​។

         សួនសត្វ​ភ្នំ​តា​ម៉ៅ គឺជា​សួនសត្វ​ដែល​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ សួនសត្វ​នេះ​ត្រូវបាន​ប្រតិបត្តិការ​នៅលើ​ទំហំ​ដី​ប្រមាណ​ជា ២២៨៥ ហិកតា​។ ក្រៅពី​ជា​សួនសត្វ វា​ក៏​ជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​តែមួយគត់​នៅ​កម្ពុជា​ផងដែរ​។ បើតាម​ការណ៍​សង្កេតមើល​ភ្នំ​តា​ម៉ៅ​អី​ឡូ​វ មាន​ភាព​រីកចំរើន​ច្រើន​តាំងពី​លោក ញឹក រតន​ពេជ្រ មក​ធ្វើ​ប្រធាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​មក​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្ត​ជាស​សើរ​មិន​ដាច់​ពី​ម៉ាត់​ថា ភ្នំ​តា​ម៉ៅ​ពិតជា​ល្អ​មែនហើយ​មាន​ភ្ញៀវ​មកលេង​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ រដូវប្រាំង ឬ​រដូវវស្សា​ទេ​៕ អៀន​មករា​

From: http://www.watphnom-news.com/page/63

10.