វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា មានអត្ថន័យអប់រំមនុស្សឱ្យមានបំណិនជីវិតច្បាស់លាស់
បញ្ញត្តិ “វិជ្ជាសម្បទា បំណិនសម្បទា ចិរយាសម្បទា កាយសម្បទា និងគុណសម្បទា” ជាបំណិនមូលដ្ឋានគ្រឹះជីវិតដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ ការអប់រំបំណិនជីវិតនេះ ពិតជារួមចំណែកសំខាន់ ជាពិសេសសម្រាប់យុវជនដែលជាវ័យមួយដែលត្រូវការការអភិវឌ្ឍខ្លាំងខាងផ្នែកបញ្ញា រាងកាយ សង្គម ផ្លូវចិត្ត និងសមត្ថភាព។
បើតាមគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត មានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ។
វិជ្ជាសម្បទា៖
សំដៅដល់ចំណេះដឹងដែលសិស្សានុសិស្សទទួលបានពីកម្មវិធីអប់រំ ហើយអាចយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនបាន។
បំណិនសម្បទា៖
សំដៅដល់ភាពប៉ិនប្រសប់ ដែលសិស្សានុសិស្សទទួលបានពីកម្មវិធីអប់រំ ហើយអាចយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនបាន។ ទន្ទឹមគ្នានេះ
ចរិយាសម្បទា៖
សំដៅដល់អត្តចរិត មនោសញ្ចេតនា ដែលសិស្សានុសិស្សត្រូវចេះប្រកាន់យកក្នុងស្ថានភាពជាក់ស្តែងមួយ ដើម្បីដាក់ចេញនូវវិធានការ ឬដំណោះស្រាយសមស្របនិងស្មើភាពជាមួយដៃគូ។ ចំពោះ
កាយសម្បទា៖
សំដៅដល់រូបរាងកាយពេញលេញនិងសុខភាពរឹងមាំល្អ។ ចំណែក
គុណសម្បទា៖
សំដៅដល់ការបរិបូរណ៍ដោយសេចក្តីល្អ សេចក្តីបរិសុទ្ធ។
នៅក្នុងឯកសារស្ដីពីកម្មវិធីលម្អិតសម្រាប់មត្តេយ្យសិក្សារដ្ឋ (២០១៨) វិជ្ជាសម្បទា មានន័យថា ការស្គាល់ ចំណាំ ថាតាម ហៅឈ្មោះ និងអានបានតួអក្សរ ពាក្យ ឃ្លា និងល្បៈងាយៗដែលធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃញឹកញាប់។ លើសពីនេះ ចំណាំ គូសតាម ហៅឈ្មោះ រាប់ចំនួន លេខពីរខ្ទង់ និងស្គាល់រូបរាង ទំហំវត្ថុនានា និងរង្វាស់រង្វាល់មួយចំនួន ប្រាប់បានពីរបៀបថែទាំសុខភាពងាយៗ ដូចជា អនាម័យខ្លួនប្រាណ ការបរិភោគចំណីអាហារ ប្រាប់ពីរបៀបបង្ការខ្លួនពីគ្រោះថ្នាក់ដោយចៃដន្យ ឬដោយធម្មជាតិ។
ដោយឡែក បំណិនសម្បទា ជាការប្រើប្រាស់ភាសាខ្មែរសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃក្នុងគ្រួសារ និងសហគមន៍ ដូចជាការស្តាប់ និយាយ និងប្រើសំដីសមរម្យប្រកបដោយការទទួលខុសត្រូវ ប្រើប្រាស់គណិតវិទ្យាដូចជាការចំណាំ រាប់ គូសតាម និងប្រៀបធៀបរក្សាអនាម័យខ្លួនប្រាណ។ ចំណែក ចរិយាសម្បទា មានន័យថា ការសប្បាយរីករាយចូលរួមលេងល្បែងសិក្សា ក្លាហាន សកម្ម ចែករំលែក និងសហការ ស្រឡាញ់ខ្លួនឯង គ្រួសារ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងជនរួមជាតិ ស្រឡាញ់បរិស្ថាន វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្លួន។
គួរជម្រាបជូនថា បើតាមគោលនយោបាយបំណិនជីវិតក្នុងឆ្នាំ២០០៦ មានគោលបំណងឱ្យសិស្សទាំងអស់ទទួលបានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា អាកប្បកិរិយា និងសមត្ថភាពប្រកបដោយគុណភាព និងសមធម៌ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម។ ទន្ទឹមគ្នានេះ គោលនយោបាយអប់រំបំណិនជីវិតបានពណ៌នាយ៉ាងលម្អិត និងចែកចេញជាពីរប្រភេទធំៗគឺ៖
១. បំណិនមូលដ្ឋាន (បំលឿនជីវិតទូទៅ និងបំណិនបុរេវិជ្ជាជីវៈ) និង
២. បំណិនអាជីព (បំណិនអាជីពងាយៗ និងបំណិនវិជ្ជាជីវៈ)៕ ប្រភព៖ education.ams.com.kh