សាវតារ
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ មជ្ឈមណ្ឌលនេះមានព្រំប្រទល់ខាងជើងជាប់នឹងផ្លូវកៅស៊ូខេត្តនិងសាលាបឋមសិក្សាតាកែវក្រុង ខាងកើតជាប់នឹងសាលាបឋមសិក្សាអនុវត្តន៍ក្រុង ខាងត្បូងជាប់នឹងផ្លូវជាតិលេខ២ និងខាងលិចជាប់នឹងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ។ មជ្ឈមណ្ឌលមានទីតាំងភូមិសាស្ត្រនៅលើប្លង់ដីរួមគ្នាជាមួយនឹងសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ និងដែលមានទីធ្លាកីឡាសាធារណៈ(ទីលានបាល់ទាត់) ស្ថិតនៅចំកណ្ដាល។
យោងទៅតាមសំណៅឯកសារប្រវត្តិខ្លះៗដែលមានបន្សល់ទុក មជ្ឈមណ្ឌលមួយនេះ បានចាប់ផ្ដើមដំណើរការដំបូងចាប់តាំងពី ខែកក្កដា ឆ្នាំ១៩៨១ ហើយត្រូវបានគេស្គាល់ថាជា “មជ្ឈមណ្ឌលគរុកោសល្យភូមិភាគបឋមសិក្សា” ដែលដំណើរការកម្មវិធីបណ្ដុះបណ្ដាលគ្រូកម្រិតបឋមសិក្សា តាមប្រព័ន្ធ ៧ បូក ១ សម្រាប់បំពេញតម្រូវការគ្រូក្នុងខេត្តចំនួន បី គឺ៖ ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់សោម ។ នៅឆ្នាំ១៩៨២ មជ្ឈមណ្ឌលចាប់ផ្ដើមបើកវគ្គវិក្រឹតការ គ្រូកម្រិតសិក្សាទី២ ឬ ដែលបច្ចុប្បន្នយើងហៅថា គ្រូមធ្យមសិក្សាបឋមភូមិ ឬហៅតាមពាក្យសាមញ្ញថា “គ្រូអនុ” តាមរូបភាពវគ្គបំប៉នរយៈពេលខ្លី ហើយដែលបានអនុវត្តបន្តបន្ទាប់ហូតដល់ឆ្នាំ១៩៨៧។ ដោយឡែក ឈ្មោះផ្លូវការថា “មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ” ត្រូវបានបង្កើតឡើងតាម សេចក្ដីសំរេច លេខ ១៣៧ ស.ស.រ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៨៤ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការគ្រប់គ្រងគ្រឹះស្ថានមួយនេះ ក៏ត្រូវបានបែងចែកជាពីរដាច់ពីគ្នា តរៀងមក គឺ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ ហើយដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៨៥ បន្តបន្ទាប់មក រហូតដល់សព្វថ្ងៃ។
គិតត្រឹមខែសីហា ឆ្នាំ២០២២ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវមានអាយុកាល 38ឆ្នាំ។ ក្នុងដំណើរការវគ្គបណ្ដុះបណ្ដាលតាំងពីដំបូង បូករួមទាំងវគ្គបណ្ដុះបណ្ដាលខ្លីក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ និងដោយគិតត្រឹមឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលគរុសិស្ស និងសិក្ខាកាមសរុបចំនួនប្រមាណ 7,743 នាក់ ក្នុងនោះស្រី 2,522 នាក់ ហើយដែលបានបែងចែកជា ៣០ ជំនាន់ផ្សេងៗគ្នា។ លើសពីនេះ មជ្ឈមណ្ឌលក៏បានដំណើរការវគ្គបំប៉នគ្រូបង្រៀនកម្រិតបឋមសិក្សា ឡើងទៅជាគ្រូបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ បានចំនួន ១២ ជំនាន់ ដែលមានសិក្ខាកាមចូលរួមសរុបចំនួនប្រមាណ 1,972 នាក់ ក្នុងនៅស្រី 652 នាក់។
កម្រងរូបថតនាយកមជ្ឈមណ្ឌល
ឯកសារប្រវត្តិ
ប្រវត្តិមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ (ដោយលោក គង់ ពៅ)