មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ
ចក្ខុវិស័យ
ឆ្នាំ២០២៣-២០២៨
កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។
មុនឆ្នាំ២០២៤
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ (មគភ.តក) ជាគ្រឹះស្ថានបណ្ដុះបណ្ដាលនិងអប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតមូលដ្ឋានដែលពេញទៅដោយឧត្ដមភាពទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស។
បេសកកម្ម
ឆ្នាំ២០២៣-២០២៨
ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖
អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន។
មុនឆ្នាំ២០២៤
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ (មគភ.តក) ធានាផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលនិងអប់រំគ្រូបង្រៀនកម្រិតមូលដ្ឋានដែលប្រកបទៅដោយគុណភាព និងប្រសិទ្ធភាពដូចខាងក្រោម៖
វគ្គបណ្ដុះបណ្ដាលនិងអប់រំដំបូង (Pre-service teacher training and education) សម្រាប់គរុសិស្សគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធ ១២+២
វគ្គវិក្រឹតការ (In-service teacher professional development) ដល់សិក្ខាកាមដើម្បីបំពេញ (Complementing) លើកកម្ពស់ (Upgrading) និងធ្វើបច្ចុប្បន្នភាព (Updating) គុណវុឌ្ឍិវិជ្ជាជីវៈគ្រូបង្រៀនកម្រិតមូលដ្ឋានតាមបច្ចុប្បន្នភាពនៃស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន។
សេវាប្រឹក្សាគរុកោសល្យកម្រិតមធ្យមសិក្សាបឋមភូមិដល់សាលាមធ្យមសិក្សាអនុវត្ត និងគ្រឹះស្ថានសិក្សាសាធារណៈ និង
ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកំណែទម្រង់វិស័យអប់រំនៅប្រទេសកម្ពុជា ជាពិសេសកំណែទម្រង់ការអប់រំគ្រូបង្រៀន។
សកម្មភាព
សកម្មភាពការងាររបស់មជ្ឈមណ្ឌល រួមមាន៖
បង្រៀន និងបង្វឹក៖ ដើម្បីឱ្យគរុសិស្ស និងសិក្ខាកាមទទួលបាននូវ សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនកម្រិតមូលដ្ឋាន
ផ្ដល់ការប្រឹក្សា និងសម្របសម្រួល៖ ធ្វើការជាមួយសាលាសហការ និងភាគីពាក់ព័ន្ធដើម្បីធានាដំណើរការល្អនៃខ្លឹមសារបណ្ដុះបណ្ដាលនិងអប់រំគ្រូបង្រៀនកម្រិតមូលដ្ឋាន
ពិនិត្យ តាមដាន និងធ្វើការវាយតម្លៃ៖ សិក្សាលើបម្រែបម្រួលសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនក្នុងចំណោមគរុសិស្ស និងសិក្ខាកាម និងធ្វើការវាយតម្លៃចុងក្រោយ (Summative assessment)
អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ៖ លើកទឹកចិត្តឱ្យបុគ្គលិកអនុវត្តសកម្មភាពស្វ័យសិក្សាពីវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ តាមរយៈការអាន និងការស្រាវជ្រាវប្រតិបត្តិ និង
ផ្ដល់កិច្ចសហការ និងភាពជាដៃគូអភិវឌ្ឍន៍ការអប់រំ៖ រួមចំណែកក្នុងសកម្មភាពកែលម្អកម្មវិធីសិក្សាចំណេះទូទៅ កម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្ដាលនិងអប់រំគ្រូបង្រៀនកម្រិតមូលដ្ឋាន និងការគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ។
គុណតម្លៃ
ឆ្នាំ២០២៣-២០២៨
គ្រឹះស្ថានអប់រំគ្រូបង្រៀនអនុវត្តតួនាទីភារកិច្ច ដោយឈរលើគុណតម្លៃជាគន្លឹះចំនួន ៥(ប្រាំ)គឺ មនសិការវិជ្ជាជីវៈ ឧត្តមភាព សុចរិតភាព ភាពធន់ និងនវានុវត្តន៍ ។
មនសិការវិជ្ជាជីវៈ៖ ការបង្ហាញពីអារម្មណ៍វិជ្ជមាន ការទទួលខុសត្រូវ ការស្រឡាញ់អាជីព និងស្គាល់ពីតម្លៃរបស់ខ្លួន
ឧត្តមភាព៖ ការព្យាយាមបង្កើនសមត្ថភាពគ្រប់គ្រង ដឹកនាំ និងអនុវត្តឱ្យមានសុក្រឹតភាព
សុចរិតភាព៖ ការបង្ហាញសេចក្តីស្មោះត្រង់ ការប្រព្រឹត្តរបស់បុគ្គលម្នាក់ៗដែលស្ដែងឡើង តាមរយៈការគិត ការបញ្ចេញយោបល់ និងសកម្មភាពវិជ្ជមានប្រកបដោយការទទួលខុសត្រូវខ្ពស់
ភាពធន់៖ ការបង្ហាញពីភាពតស៊ូ អត់ធ្មត់ ព្យាយាម និងការសម្របទៅតាមស្ថានការ
នវានុវត្តន៍៖ ការអភិវឌ្ឍខ្លួនឯងជាប្រចាំតាមរយៈការពិសោធជាក់ស្ដែង និងការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពឱ្យទាន់ តម្រូវការសង្គមនិងសកលលោកដែលរីកចម្រើនឥតឈប់ឈរ។
មុនឆ្នាំ២០២៤
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ (មគភ.តក) ប្រកាន់ខ្ជាប់នូវគុណតម្លៃដូចខាងក្រោម៖
ភាពប្រកបទៅដោយវិជ្ជាជីវៈអ្នកអប់រំ (Educator professionalism)៖ គណៈគ្រប់គ្រង បុគ្គលិក និងគ្រូឧទ្ទេសទាំងអស់ប្រកាន់ខ្ជាប់នូវឥរិយាបថជា "អ្នកវិជ្ជាជីវៈគំរូ" សម្រាប់សហគមន៍អ្នកវិជ្ជាជីវៈគ្រូបង្រៀន(Teaching staff) និងអ្នកចាប់អាជីពជាគ្រូបង្រៀនទាំងអស់(Novice Teachers)
ការប្ដេជ្ញាចិត្តខ្ពស់ (Commitment)៖ យើងប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យ បេសកកម្ម និងផែនការសកម្មភាព ដែលនឹងនាំទៅដល់ការអភិវឌ្ឍន៍នូវវិស័យអប់រំគ្រូ និងការកសាងធនធានមនុស្សនៅប្រទេសកម្ពុជា
ការអភិវឌ្ឍជាមួយគ្នា (Co-development)៖ យើងបំពេញការងារបែប សហការចូលរួម បណ្ដាញទំនាក់ទំនង ការងារក្រុម ការទទួលខុសត្រូវ និងភាពស្មោះត្រង់ ដើម្បីសម្រេចប្រយោជន៍រួម
ការទទួលយកនវានុវត្តន៍ (Evidence-based Innovation)៖ យើងជឿជាក់ និងទទួលយកនូវនវានុវត្តន៍ដែលមានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈវិទ្យាសាស្ត្រ និងដែលមានគោលដៅលើកកម្ពស់គុណភាពការអនុវត្តវិជ្ជាជីវៈគ្រូបង្រៀន។
គោលបំណង៖
ឆ្នាំ២០២៣-២០២៨
ធានាភាពឆ្លើយតបនៃកម្មវិធីអប់រំអប់រំគ្រូបង្រៀន និងការអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់
ធានាឱ្យគ្រូឧទ្ទេសមានគុណវុឌ្ឍិនិងសមត្ថភាពឆ្លើយតបនឹងស្តង់ដាវិជ្ជាជីវៈ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និង វប្បធម៌ស្រាវជ្រាវ
ធានាបានបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព
ធានាបានការទទួលស្គាល់ពីសហគមន៍នូវឧត្ដមភាពនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន
ធានាអភិបាលកិច្ច ការដឹកនាំ និងការគ្រប់គ្រងល្អ
ធានាគុណភាពផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ។
ផែនការយុទ្ទសាស្ត្រ ឆ្នាំ២០២៣-២០២៨ (សេចក្ដីព្រាងខែមករា ឆ្នាំ២០២៤)