ជាបឋម នាងខ្ញុំសូមគោរពជម្រាបសួរ លោកស្រី Gabriela Stevens 6, លោកស្រី Shelly Zimmer ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកដើម្បីចូលរួមកម្មវិធីនេះ។
អរុណសួស្តី សហការី គិលានុដ្ឋាក គិលានុដ្ឋាកយិកា និស្សិត និង ភ្ញៀវកិត្តិយស ក្រុមការងារ និងថ្នាក់ដឹកនាំរបស់អង្គការ CMMC Jeremiah's Hope, ប្រធានគណៈគិលានុបដ្ឋាកថ្នាក់ជាតិ ដែលមានវត្តមាននៅក្នុងសន្និសីទដ៏មានសារៈសំខាន់មួយនេះ ។
ថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីបើកសិន្និសីទថែទាំវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៤ របស់អង្គការ CMMC/Jeremiah's Hope ក្រោមប្រធានបទ "Nurses Make the Difference"។
ក្នុងឱកាសដ៏មហោឡារិក នាងខ្ញុំសូមសំដែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះគណៈកម្មការរៀបចំ ដែលតែងតែបានសហការគ្នាប្រារព្ធធ្វើសិន្និសីទថែទាំវេជ្ជសាស្ត្រប្រចាំឆ្នាំឡើង ជារៀងរាល់ឆ្នាំ។ នេះគឺជាគុណតម្លៃដ៏ធំធេងក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ និងភាពជឿនលឿននៃវិស័យថែទាំវេជ្ជសាស្ត្រ ទៅដល់សហភាតរៈទាំងអស់នៅក្នុងមន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យឯកជននានាផងដែរ ក្នុងការលើកស្ទួយវិស័យសុខាភិបាល ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ក្រមសីលធម៌ វិជ្ជាជីវៈ ដែលជាកាតព្វកិច្ចចាំបាច់របស់យើងទាំងអស់គ្នា។ (សូម្បីតែកំឡុងពេលជំងឺរាតត្បាត covid 19 ក៏បានធ្វើតាម Zoomនៅក្នុងខែវិច្ឆិកា ឆ្នាំ2021)
នាងខ្ញុំ សូមគូសបញ្ជាក់ថា អង្គការ Christian Medical Ministry to Cambodia Jeremiah's Hope ហៅកាត់ថា CMMC/JH ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយវេជ្ជបណ្ឌិតជនជាតិអាមេរិកពីររូប គឺ ដុកទ័រ Daniel Smith and Mark Sheehan។ អង្គការបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងនៅកម្ពុជាយើង ជាអង្គការគ្រីស្ទាន ក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ។
យើងមានបេសកកម្មក្នុងការពិនិត្យព្យាបាលអ្នកជំងឺដោយមិនរើសអើងជីវភាពមាន ក្រ និន្នាការនយោបាយ រឺ ជំនឿសាសនា ដោយអនុវត្តន៍វេជ្ជសាស្ត្រឈានមុន ព្រមទាំងបណ្តុះបណ្តាលគ្រូពេទ្យ និង គិលានុដ្ឋាកកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាយើងទាំងមូល។
ប្រធានបទនៅថ្ងៃនេះ " Nurses Make The Difference"
ប្រធានបទនេះស្តាប់ទៅវាមានភាពសាមញ្ញមែន ប៉ុន្តែវាបង្កប់នៅអត្ថន័យដ៏ស៊ីជម្រៅ។ តើគិលានុបដ្ឋាករបស់យើងធ្វើអោយមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះនៅក្នុងវិស័យសុខាភិបាល? ការផ្លាស់ប្តូរនៅទីនេះគឺសំដៅទៅលើការផ្លាស់ប្តូរដែលមានលក្ខណៈវិជ្ជមាន។ គិលានុបដ្ឋាកយើងមានឥទ្ធិពលសំខាន់យ៉ាងណាទើបធ្វើអោយមានការផ្លាស់ប្តូរវិជ្ជមាននេះបាន? តើពួកគាត់មានតួនាទីសំខាន់យ៉ាងណាខ្លះនៅក្នុងវិស័យសុខាភិបាល? លោក លោកស្រី ព្រមទាំងប្អូនៗទាំងអស់គ្នានឹងបានត្រង់ត្រាប់ ស្វែងយល់អោយកាន់តែច្បាស់អំពីឃ្លាមួយនេះនៅពេលបានស្តាប់បទបង្ហាញរបស់វាគ្មិនដ៏ពិសេសៗរបស់យើងនៅថ្ងៃនេះ។
ពេញ១ថ្ងៃនេះផងដែរ យើងនឹងមានបទបង្ហាញផ្ទាល់មាត់ពីវាគ្មិនកិត្តិយស ចំនួន ៧ រូប ដែលក្នុងនោះមាន៖
វាគ្មិនកិត្តិយសធ្វើសន្ទរកថាគន្លឹះ ២នាក់ គឺ លោកស្រី Gabriela Stevens, លោកស្រី Shelly Zimmer
បទបង្ហាញផ្ទាល់មាត់ពីវាគ្មិនជាតិរបស់យើង ចំនួន៥រូប ទៀត
ជា ការបង្ហាញតាមរយៈPoster ចំនួន ២៣ Posters ផងដែរ
លោក លោកស្រី ប្អូនៗ នឹងបានរៀនសូត្រ ស្វែងយល់ ដើម្បីទទួលយកចំនេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់យកទៅបម្រើការងារប្រចាំថ្ងៃនៅមន្ទីរពេទ្យ គ្លីនិក និងកន្លែងធ្វើការរៀងៗខ្លួន។
ក្នុងដំណាក់កាលបច្ចុប្បន្ន ដែលកំនើនការមកទទួលសេវានៅអង្គភាពសុខាភិបាលទាំងសាធារណៈ និងឯកជន របស់ប្រជាជនយើងទូទាំងប្រទេសកាន់តែមានសន្ទុះច្រើនគំហុកពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋយើងងាកពីការទៅស្វែងរកការផ្តល់សេវាសុខភាពនៅប្រទេសជិតខាងមកប្រើសេវាក្នុងស្រុក។ នេះជាឱកាសរបស់យើងក្នុងការបញ្ចេញសមត្ថភាពដើម្បីស្រូបយកនូវទំនុកចិត្តរបស់ប្រជាជនយើងវិញអោយបានកាន់តែខ្លាំង។ ដូចនេះការបំរើសេវាសុខាភិបាលគ្រប់កម្រឹត និងគ្រប់ជំនាញឯកទេសទាំងគ្រូពេទ្យ និងគិលានុដ្ឋាកផ្នែកថែទាំវេជ្ជសាស្ត្រ ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងសមស្របតាមស្ថានការណ៍ ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់ជានិច្ចនូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ - Medical Ethics» ។
ដើម្បីកាន់តែបង្ខិតអោយបានជិតស្និទ្ឋបំផុតរវាង អ្នកបម្រើសេវាដោយផ្ទាល់ និងបងប្អូនអ្នកជំងឺយើង សាច់ញាត្តិ មិត្តភក្ត្រទាំងឡាយ 53ដែលលោកមកទទួលសេវា និងនៅជាមួយយើង។ ការបង្ករអោយភាពជិតស្និត និង ទំនុកចិត្តកាន់រឹតតែម៉ាំទាំនេះនឹងបណ្តាលអោយមានភាពកក់ក្តៅ រីករាយ និងពេញចិត្តពេញថ្លើមទាំងអស់គ្នាដោយគ្មានទីបញ្ចប់។
ថ្ងៃនេះ ជាឱកាសនៃការបង្កើនការបណ្តុះបណ្តាលជំនាញថ្មីៗ ជូនបងប្អូន គិលានុបដ្ឋាក-យិកា និងនិស្សិតយើង ដើម្បីផ្លាស់ប្តូរចំណេះដឹងថ្មីៗនិងបទពិសោធន៍ទាំងក្នុង និងនៅក្រៅប្រទេស តាមរយ៖ការទំនាក់ទំនង រវាងអ្នកជំនាញក្នុងស្រុក និងអ្នកជំនាញអន្តរជាតិ ដែលមាន លោកស្រី Gabriela Stevens, លោកស្រី Shelly Zimmer អញ្ជើញមកពីសហរដ្ឋអាមេរិក ដែលគាត់ធ្វើជារៀមច្បង និងជាគ្រូរបស់យើង។ នេះគឺជាកំលាំងចលករយ៉ាងពិតប្រាកដបង្ហាញពីភាពរឹងមាំ និងជឿជាក់បានពីគ្រប់ជំនាញលើសាកលលោក។
នាងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ឆ្លងតាមរយៈការជួបជុំគ្នារយៈពេល ១ ថ្ងៃពេញនេះ លោក លោកស្រី និងប្អូនៗនិស្សិត នឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តពិនិត្យ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ និងចំនុចអាទិភាពរបស់វិស័យសុខាភិបាលដែលបានដាក់ចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ តាំងនាមឲ្យអង្គការ CMMC Jeremiah's Hope និងខ្លួននាងខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភក្តិ ជាតិ អន្តរជាតិ និងសប្បុរសជនទាំងអស់ ជាពិសេសនៅសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រដល់អង្គការ CMMC/JH ដើម្បីអោយមានការបង្កើតឡើងនូវសន្និសីទថែទាំវេជ្ជសាស្ត្ររបស់យើងជារៀងរាល់ឆ្នាំ។
ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ អង្គពិធីទាំងមូល ទទួលបាននូវសុខភាពបរិបូណ៍ ប្រជ្ញាវាងវៃ និងជោគជ័យក្នុងគ្រប់ភារិកច្ចការងារ កុំបីឃ្លៀងឃ្លាតឡើយ។
នាងខ្ញុំសូមប្រកាសបើក ទិវាសន្និសិទ ថែទាំវេជ្ជសាស្ត្រ របស់យើងចាប់ពីពេលនេះតទៅ។
សុន្ទរកថាកម្មវិធីសន្និសីទរបស់ លោក ជា សុភក្រ្តមុនីរ័ត្ន ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកថ្នាក់ជាតិ (CCN)
ជាបឋម សូមគោរព លោកស្រីវេជ្ជបណ្ឌិត ហុក តុលា ជា Country Director of CMMC Jeramiah’s Hope និង ថ្នាក់ដឹកនាំគ្រប់គ្រង វេជ្ជបណ្ឌិត គិលានុបដ្ឋាកនិងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុង សន្និសីទ គិលានុបដ្ឋាកប្រចាំឆ្នាំ លើកទី៤ នៃអង្គការ Christian Medical Ministry to Cambodia – Jeremiah’s Hope។
ថ្ងៃនេះជាថ្ងៃសំខាន់មួយ ដែលយើងទាំងអស់គ្នាបានមកជួបជុំគ្នា ដើម្បីចែករំលែក ចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍ ជំនាញថែទាំ ដើម្បីបម្រើសុខភាពជូនប្រជាជនកម្ពុជាដោយសេចក្ដីស្រឡាញ់ និងមេត្តាករុណា ពេញចិត្ត។ ហើយឆ្នាំនេះក៏ជាឆ្នាំទី១ សម្រាប់ខ្ញុំបាទ និងសូមអរគុណដល់ក្រុមការងារបានអញ្ជើញខ្ញុំបាទបានចូលរួមជា គណៈធិបតីក្នុង សន្និសីទគិលានុបដ្ឋាក ប្រចាំ ឆ្នាំ លើកទី ៤នេះ ដូចប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថាគិលានុបដ្ឋាកឆ្មប គឺជាសម្ផស្ស ឬគំនូរនៃមន្ទីរពេទ្យ ក្នុងការផ្តល់សេវាថែទាំជូនអ្នកជំងឺ។ ហើយគិលានុបដ្ឋាកឆ្មប គឺជាមនុស្សដំបូង ដែលអ្នកជំងឺជួប និងជាមនុស្សចុងក្រោយដែលពួកគេចែកជំនឿចុងក្រោយនៅពេលឈឺចាប់ និងអស់សង្ឃឹម។ តួនាទីរបស់ យើងជាគិលានុបដ្ឋាកគឺជាអ្នកថែទាំអ្នកជំងឺពោរពេញដោយការលះបង់ ការអត់ធ្មត់ និងក្តីស្រឡាញ់ដែលបញ្ចេញពីចិត្តពិត ប្រាកដគឺដូចនឹង Patient Centered Care។
ដូចលោកគ្រូអ្នកគ្រូប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាឆ្នាំនេះ មានគណៈគិលានុបដ្ឋាកកម្ពុជាចូលរួម ចំលើយគឺថា
១. ចូលរួមបង្កើនសមត្ថភាព និងចំណេះដឹងវិជ្ជាជីវៈ នឹងផ្តល់ជាពិន្ទុលើកទឹកចិត្តជំរុញអោយមានវគ្គបណ្តុះបណ្តាល
ក) ដូចជាសន្និសិទនេះហើយគឺជាឱកាសសំខាន់មួយសម្រាប់ គិលានុបដ្ឋាក និងអ្នកដឹកនាំវិជ្ជាជីវៈក្នុងការ ទទួលបានចំណេះដឹងថ្មីៗ និងបច្ចេកទេសសម័យទំនើប
ខ)ទទួលនូវបទពិសោធន៍អន្តរជាតិដែលអាចយកមកអនុវត្តក្នុងប្រព័ន្ធគិលានុបដ្ឋាកជាតិ។
គ) លើសពីនេះទៀតគឺមានការស្នើសុំពិន្ទុ CPD point សម្រាប់បន្តអាជ្ញាបណ្ណរបស់លោកគ្រូអ្នកគ្រូទាំងអស់ គឺ ៦០ពិន្ទុ
២. ការចែករំលែកនៃលទ្ធផល និងសម្រេចការងារ
ក) CCN មានតួនាទីក្នុងការលើកកម្ពស់វិជ្ជាជីវៈ ក្នុងនោះការចូលរួមសន្និសិទអនុញ្ញាតឱ្យ៖
ខ)បង្ហាញពីការសម្រេចនានារបស់ CCN
គ)ពង្រឹងភាពគួរឱ្យទុកចិត្ត បង្ហាញពីការរីកចម្រើន និងកែលម្អវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា។
៣. បង្កើតបណ្តាញ សហប្រតិបត្តិការ
សន្និសិទលើកទី៤ របស់ CMMC ជាវេទិកាធ្វើឱ្យ CCN អាច៖
ក)ជួបជុំក្រុមអង្គការ ក្រសួង ស្ថាប័នសុខាភិបាល
ខ)បង្កើតដៃគូជាតិនិងអន្តរជាតិ
គ)ទទួលបានឱកាសសហការនាពេលអនាគត ដូចជា ការបណ្ដុះបណ្ដាល ការឧបត្ថម្ភ និងគម្រោងពង្រឹងវិជ្ជាជីវៈ។
៤. លើកកម្ពស់តួនាទី គុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ
ការចូលរួមសន្និសិទគឺជាផ្នែកមួយនៃការគាំទ្រយុទ្ធសាស្ត្រ៖
ក)Strengthening the Nursing Profession
ខ) Improving Patient Safety
គ) Enhancing Nursing Regulations and Standards
ជាមួយគ្នានេះ សន្និសិទរបស់ CMMC – Jeremiah's Hope in Cambodia ក៏ផ្តោតលើស្តង់ដារថែទាំ ការអភិវឌ្ឍវិជ្ជាជីវៈ និងផលប្រយោជន៍សម្រាប់អ្នកជំងឺ ដែលស្របតាមបេសកកម្មរបស់ CCN ផងដែរ។
៥. តំណាងប្រទេសក្នុងវេទិកាជាតិ-អន្តរជាតិ
CCN ជាតំណាងផ្លូវការនៃវិជ្ជាជីវៈគិលានុបដ្ឋាករបស់កម្ពុជា ដូច្នេះការចូលរួមក្នុងសន្និសិទជាតិនេះជាឱកាស៖
បង្ហាញភាពខិតខំប្រឹងប្រែងរបស់គិលានុបដ្ឋាកគ្រប់រូប និងមានការគាំទ្រពីថ្នាក់ដឹកនាំ ជំរុញឲ្យមាន ការស្គាល់អន្តរជាតិ កាន់តែច្រើន តាមការបង្កើតភាពជាដៃគូសហការមានគុណភាព។
ហើយខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំជាមួយនឹងការលើកទឹកចិត្ត អោយគិលានុបដ្ឋាកមានគំនិតនវានុវត្តទៅមុខ ជានិច្ចដូចជាការជួបជុំនៅក្នុងសន្និសីទនេះ ដែលបានប្រមូលផ្តុំមកនូវចំណេះដឹងថ្មីៗ ជំនាញថែទាំ និងបទពិសោធន៍ពិត ប្រាកដក្នុងការថែទាំអ្នកជំងឺ។ហើយខ្ញុំជឿជាក់ថាការចូលរួមរបស់អ្នកទាំងអស់គ្នានេះ នឹងក្លាយជាចំណុចចាប់ផ្តើម នៃការផ្លាស់ប្តូរដ៏មានន័យ សម្រាប់ការថែទាំសុខភានិងជីវិតអ្នកជំងឺ ដោយមិនចំណាយពេលមួយថ្ងៃនេះដោយ មិនបានអ្វីត្រលប់ទៅវិញនោះទេ។
សូមអរគុណ