សូមស្វាគមន៍ លោកអ្នកដែលបានចូលមកទីនេះ។

តើ សហគមន៍សម្បូរសប្បាយ ដែលហៅកាត់​ថា ស៣ ជាអ្វី? សូម ចុចទីនេះ ដើម្បីអានជា ភាសាអង់គ្លេស

សហគមន៍សម្បូរសប្បាយ ហៅកាត់ថា ស៣ គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ឲ្យចេះដាំដុះ និងចេះផលិតនូវផលិតផលកសិកម្មដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅ រួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌ និងបរិស្ថាននៅមូលដ្ឋានរស់រវើក និងមានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។

ខាងក្រោមនេះគឺជាសេចក្ដីពន្យល់ន័យនៃពាក្យនីមួយៗ របស់សហគមន៍សម្បូរសប្បាយ៖

  • សហគមន៍ (ស១) គឺ សហការគ្នា ឬរួបរួមគ្នាទៅវិញទៅមក, ការទៅជាមួយ, ដំណើរជាមួយគ្នា។ ប្រជុំភូមិ ឬតំបន់អ្នកស្រុកប្រកបមុខរបរចូលគ្នា​ បង្កើតឲ្យមានសហគមន៍។
  • សម្បូរ (ស២) គឺ ពេញពាស បរិបូរក្រៃពេក គរគោក
  • សប្បាយ (ស៣) គឺ ដំណើរនៅជាសុខ ដំណើរមិនមានទុក្ខ មិនមានព្រួយ មិនមានជំងឺ៖ ឧទាហរណ៍ រស់នៅដោយសប្បាយ។

ស៣ ត្រូវសម្បូរ សមចល ដែលមានសេចក្ដីពន្យល់​ដូចខាងក្រោម៖

- មានន័យថា សុខភាព (សុខទាំង ផ្លូវការនិងផ្លូវចិត្ត)

- មានន័យថា មិត្តភាព (ភាពដែលរាប់អានគ្នាជិតដិត ដែលស្រឡាញ់រាប់រកគ្នា យ៉ាងជិតស្និទ្ធិ)

- មានន័យថា ចំណេះ (ចំណេះដឹង ចំណេះធ្វើ និងចំណេះមើល)

- មានន័យថា លុយ (លុយហត់ លុយភ័យ លុយសប្បាយ)

លុយទាំង៣ មានន័យថា

  1. លុយហត់ គឺជាលុយដែលបានមកពីមុខរបរ ឬការងារប្រចាំថ្ងៃដោយនឿយហត់។
  2. លុយភ័យ គឺជាលុយបំណុល (ជំពាក់គេ ដូចជា ចងការពីគេ ឬខ្ចីពីធនាគារ ជាដើម)
  3. លុយសប្បាយ គឺជាលុយ បានមកដោយមិនហត់នឿយ និងមិនភ័យព្រួយ ឬភ័យខ្លាច។

ខាងក្រោមនេះ យើងលើកយកតែរឿងពាក់ព័ន្ធនឹង សេដ្ឋកិច្ច-សង្គមកិច្ច កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម មកនិយាយដោយសង្ខេប តែប៉ុណ្ណោះ។ ចំណែកវប្បធម៌ និងបរិស្ថាន យើងនឹងនិយាយនៅក្នុងអត្ថបទដាច់ដោយឡែកផ្សេងទៀត។

យើងអាចនិយាយបានថា ស៣ សហគមន៍សម្បូរសប្បាយ គឺជាសហគមន៍សម្បូរលុយចាយ។ ដើម្បីសម្បូរលុយចាយ ហើយលុយនេះនាំឲ្យសហគមន៍ មានសកម្មភាពសេដ្ឋកិច្ចរស់រវើក ទាល់តែសហគមន៍នោះ មានភាពសម្បូរ៥យ៉ាង សំខាន់ៗដូចខាងក្រោម៖

១. សម្បូរផលិតផល (សម្បូរកសិកម្ម សម្បូរសិប្បកម្ម ពិសេស សម្បូរផលិតផលនៅក្នុងមូលដ្ឋាន និងក្នុងតំបន់)

២. សម្បូរទីផ្សារ (ផ្សារមូលដ្ឋាន ផ្សារក្រៅមូលដ្ឋាន និងផ្សារក្រៅប្រទេស)

៣. សម្បូរទុន (សម្បូរប្រាក់ដើម ទ្រព្យដើម ដើម្បីយកទៅពង្រឹងការផលិត និងទីផ្សារ ក៏ដូចជាលុយសប្បាយដែរ)

៤. សម្បូរទឹក (មានទឹកច្រើនដើម្បីបង្កើនការផលិត និងស្ថេរភាពនៃការផលិត)

៥. សម្បូរធនធានមនុស្ស និងអ្នកដឹកនាំល្អ ងាយស្រួលបម្រើការងារប្រកបដោយគុណភាពនិងដឹកនាំការអភិវឌ្ឍមូលដ្ឋាននៅលើផ្លូវត្រូវ។

យុទ្ធសាស្ត្រនិងសកម្មភាពគន្លឹះគឺ អ្នកផលិតនៅតាមមូលដ្ឋានរួមគ្នាផលិត ផ្គត់ផ្គង់មកទីផ្សារមូលដ្ឋាន ជំនួសការនាំចូល និង​ផលិត​នូវ​ផលិត​ផល​ពិសេសដើម្បីនាំចេញ។

លុយដែលបានមកពីការជំនួសការនាំចេញផលិតផល និងសល់នៅក្នុងមូលដ្ឋានដើម្បីចាយនៅមូលដ្ឋានដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានភាពរស់រវើក បង្កើតមុខរបរ និងការងារជូនអ្នកមូលដ្ឋានដែលកាត់បន្ថយចំណាកស្រុក។

ល្បឿនលុយដែលដូរដៃអ្នកមូលដ្ឋានជាមធ្យមក្នុងមួយឆ្នាំ អាចស្មើនឹង៨ដង ឬលើសពីនេះ គឺបានន័យថា សេដ្ឋកិច្ចនៅមូលដ្ឋាននោះមានសកម្មភាពរស់រវើក។ ឧទាហរណ៍ អ្នកផលិតតាមមូលដ្ឋានលក់បានចំណូល ១លានរៀល ក្នុង១ឆ្នាំ បរិមាណលុយនេះ អាចទៅជា៨លានរៀល ឬលើសពីនេះ តាមរយៈ​ការទិញ​លក់​ដូរដៃគ្នាទៅវិញទៅមក ដូចជា អ្នកលក់បន្លែបានលុយទៅទិញខោអាវ អ្នកលក់ខោអាវបានលុយទៅហាងបាយ (ហូបបាយ) អ្នកលក់បាយបានលុយទៅទិញមាន់ អ្នកលក់មាន់យកលុយទៅទិញចំណីឲ្យមាន់ស៊ី។ល។

ជាការចាប់ផ្ដើម អ្នកមូលដ្ឋានត្រូវរួមគ្នាផលិតអ្វីមួយដែលងាយស្រួលជាងគេ ដើម្បីផ្គត់ផ្គង់ទីផ្សារមូលដ្ឋាន ឧទាហរណ៍ ស្លឹកគ្រៃ រំដេង រមៀត ម្ទេស ... ។

ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលពីខាងក្រៅ អ្នកមូលដ្ឋានត្រូវរួមគ្នាធ្វើឲ្យបានល្អប្រសើរនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖

  1. ធានាឲ្យមានបរិមាណគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារមូលដ្ឋាន
  2. ធានាឲ្យមានការផ្គត់ផ្គង់ទៀងទាត់ ឬរាល់ថ្ងៃ
  3. ធានាឲ្យមានគុណភាព
  4. ធានាឲ្យមានតម្លៃប្រហាក់ប្រហែល ឬប្រកួតប្រជែងជាមួយគេបាន
  5. រួមគ្នាធានាឲ្យមានទុនគ្រប់គ្រាន់សម្រាប់បង្វិល
  6. រួមគ្នាជំរុញឲ្យអ្នកមូលដ្ឋានទិញផលិតផលដែលផលិតបាននៅមូលដ្ឋាន។

ក្រុមការងារ ស៣ នឹងជួយគាំទ្រដល់ការងារអភិវឌ្ឍន៍ធនធានមនុស្សតាមមូលដ្ឋាន ដើម្បីធ្វើឲ្យបានសម្រេចល្អនូវចំណុចទាំង៦ខាងលើនេះ ដោយ​ចាប់​ផ្ដើម​ពី​ផលិតផលអ្វីមួយ៕