សាលាបឋមសិក្សាសំរោង បានចាប់ផ្តើមបើកដំណើរការ នៅក្នុងរបបសង្គមរាស្រ្តនិយមឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧០ មានកម្រិតថ្នាក់ទី១២ ដល់ទី៧ចាស់។ ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ របបសាធារណៈរដ្ឋខ្មែរបន្តការសិក្សាធម្មតា ។ពីឆ្នាំ១៩៧៥ ដល់១៩៧៩ របបកម្ពុជាប្រជាធិប្បតេយ្យ ខ្មែរក្រហម ធ្វើឃ្លាំងសម្រាប់ដាក់ស្រូវ ។ ពីឆ្នាំ១៩៧៩ ដល់១៩៨៤ របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ធ្វើទីលានកងទ័ពវៀតណាម ។ ពីឆ្នាំ១៩៨៤ ដល់ ១៩៨៥ កន្លែងពលករស្នាក់នៅ(ក៥) ។ពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន ធ្វើសាលារៀនឡើងវិញ ។ ចំពោះការដឹកនាំ និងការគ្រប់គ្រង សាលាបឋមសិក្សាសំរោងមាន នាយកសាលាចំនួន៣នាក់(បី) ចាប់ពីឆ្នាំ១៩៨៦ ដល់១៩៩៩ លោក ខៀវ តឿង ជានាយកសាលា ។ ឆ្នាំ២០០០ ដល់ ២០១៣ លោក ភូន សទ្ធា ជានាយកសាលា និងឆ្នាំ២០១៣ ដល់បច្ចុប្បន្ន លោក ធួន ចន្ថារី ជានាយកសាលា ។
ដោយសាតែប្រទេសជាតិមានការប្រែប្រួល សាលាបឋមសិក្សាសំរោង បានវិវត្តន៍ខ្លួនដូចតទៅ ៖ សាលាមានត្រឹមកម្រិតថ្នាក់ទី៥ ក្នុងសម័យរដ្ឋកម្ពុជា ដល់ឆ្នាំ១៩៩១ ដោយមានកិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ១៩៩១ រដ្ឋកម្ពុជា បានប្តូរទៅជាព្រះរាជាណាចក្រកម្ពុជា ពេលនោះវិស័យអប់រំ មានការកែប្រែជាបន្តទៀតហើយនៅបឋមសិក្សាកំណត់ឲ្យមានដល់ថ្នាក់ទី ៦រហូតដល់បច្ចុប្បន្ន ។សព្វថ្ងៃសាលារៀននេះមានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំធ្វើឲ្យសាលាររៀននេះបានផ្លាស់ប្តូរមុខមាត់ក្លាយជាសាលាគំរូក្នុងខេត្តផ្នែកបរិស្ថាននិងការគោរពពេលវេលា ។ លោកគ្រូអ្នកគ្រូបានបង្កើនចំណេះដឹង និងអភិវឌ្ឍន៍ សមត្ថភាពផ្ទាល់ខ្លួនដើម្បីបម្រើវិស័យអប់រំ ឲ្យកាន់តែមានប្រសិទ្ធិភាព និងប្រែក្លាយចំណេះដឹងពីគ្រូបឋមសិក្សាទៅជាគ្រូកម្រិតមូលដ្ឋានបាន៤៥% ។
សាលាបឋមសិក្សាសំរោង មានទីតាំងជាប់នឹងផ្លូវជាតិ លេខ៦៨ ភូមិ សំរោង សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយពីទីរួមក្រុងប្រវែង៣៥០ ម៉ែត្រមានទីធ្លាធំល្មម បណ្តោយ១៦០ម៉ែត្រ ទទឹង១១០ម៉ែត្រ និងផ្ទៃក្រឡា១៧៦០០ម៉ែត្រការេ ។ សាលារៀននេះកើតឡើងតាំងពីឆ្នាំ១៩៨៩ នៅឆ្នាំ២០១០ ក្រសួងបានសាងសង់អគារមត្តេយ្យធនធានចំនួន ១ខ្នង មាន៥បន្ទប់។