វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ
វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ
រតនគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ខ្ញុំបានដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅ វិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដែលស្ថិតក្នុងភូមិអភិវឌ្ឍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ហើយនិងមានការចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្ស។
ជំនួសឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពជូនដល់សិស្សានុសិស្ស ក៏ដូចជាអភិវឌ្ឍសាលារៀនឱ្យមានសោភណភាពស្រស់បំព្រង លទ្ធភាពសិក្សារបស់សិស្សល្អប្រសើរ និងបានជាប់ជាសាលារៀនគំរូនាឆ្នាំកន្លងទៅនេះ។
ខេត្តចំនួន៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ដែលក្រសួងបានផ្តល់ជូននូវការអប់រំពហុភាសា ដើម្បីធានាយ៉ាងណាឱ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាពង្រីកសេវាអប់រំពហុភាសាប្រកបដោយសមធម៌ បរិយាបន្ន និងមាននិរន្តរភាពដល់ជនជាតិដើមភាគតិច ដោយផ្សារភ្ជាប់នឹងភាសាកំណើត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លោកបានលើកទឹកចិត្ត និងគាំទ្រលើការប្តេជ្ញាចិត្តរបស់គណៈគ្រប់គ្រង និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការ ប្រែក្លាយវិទ្យាល័យនេះ ឱ្យទៅជាសាលារៀនជំនាន់ថ្មីនាពេលអនាគត ដែលការជាប់ជាសាលារៀនជំនាន់ថ្មីនេះ នឹងទទួលបានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបន្ទប់រៀនតាមមុខវិជ្ជា បណ្ណាល័យសតវត្សរ៍ទី២១ ការផ្តល់ឱកាសជូនគ្រូបង្រៀនក្នុងការទទួលបានការបំប៉នលើវិធីសាស្រ្តបង្រៀនថ្មីៗ ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរៀន ការកែលម្អបន្ទប់ពិសោធន៍ ជាពិសេស ប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក្នុងការរៀន និងបង្រៀន។
គួរបញ្ជាក់ដែរថា ការចូលជាសាលារៀនជំនាន់ថ្មី នឹងត្រូវអនុវត្តវិធីសាស្រ្តបង្រៀនថ្មី ជួយសិស្សានុសិស្សឱ្យចេះរៀន មានគោលដៅច្បាស់លាស់ ការប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេសក្នុងការរៀននិងបង្រៀន មានឱកាសបង្កើតជាក្លិបសិក្សា ស្វ័យភាពក្នុងការរៀនសូត្រទៅតាមចំណង់ចំណូលចិត្តរបស់សិស្សរៀងៗខ្លួន ក៏ដូចជាត្រៀមខ្លួនរួចរាល់សម្រាប់ថ្នាក់ឧត្តមសិក្សា និងឱកាសសម្រាប់សិស្សានុសិស្សក្នុងការទទួលបានអាហារូបករណ៍ផ្សេងៗ ។
សារជាថ្មីម្តងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងជួយគាំទ្រអភិវឌ្ឍសាលាកន្លងមក និង ជឿជាក់ថា ប្រសិនបើមានការប្ដេជ្ញាចិត្តខ្ពស់ នោះវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ នឹងអាចប្រែក្លាយទៅជាវិទ្យាល័យជំនាន់ថ្មីនាពេលអនាគត៕
សូមអរគុណ!!
១៤ សីហា ២០២៤ | ខេត្តរតនគិរី