បណ្ណាល័យដែលអាចផ្ទុកអ្នកអានបានប្រមាណ៩០នាក់ រួមជាមួយសៀវភៅមួយម៉ឺនក្បាល ស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងសប្តាហ៍កន្លងទៅនេះ (១៨ វិច្ឆិកា) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការជំរុញការអាន និងការស្រាវជ្រាវ គឺជាធាតុមួយចាំបាច់មិនអាចខ្វះបាន មូលហេតុនេះហើយបានជាក្រសួងអប់រំបានធ្វើការកែលម្អបណ្ណាល័យ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ចាប់ពីឆ្នាំ២០២០មក ក្នុងនោះមានគរុកោសល្យភូមិភាគកំពង់ចាម តាកែវ ព្រៃវែង និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។
រដ្ឋមន្ត្រីក្រសួងអប់រំ បន្តថា បណ្ណាល័យនីមួយៗមានកន្លែងអានឆ្លើយតបទៅនឹងអ្នកអានដែលមានតម្រូវការខុសៗគ្នា បន្ទប់កុំព្យូទ័រ បន្ទប់ពហុបំណង ព្រមទាំងបន្ទប់ និងកន្លែងបំពេញការងាររបស់បណ្ណរក្សផងដែរ។ លើសពីនេះ បណ្ណាល័យទាំងមូលមានបំពាក់គ្រឿងបរិក្ខាទំនើបទាន់សម័យ កន្លែងអង្គុយមានផាសុកភាព ម៉ាស៊ីនត្រជាក់ កុំព្យូទ័រក្នុងការស្រាវជ្រាវ ព្រមទាំងសៀវភៅភាសាអង់គ្លេស បារាំង និងខ្មែរជាច្រើនទៀត។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំបណ្ណាល័យនៅតាមមជ្ឈមណ្ឌលភូមិភាគ ឱ្យទៅជាបណ្ណាល័យមួយថ្មីមានស្តង់ដាខ្ពស់ មានសោភណ្ឌភាព ដែលអាចទាក់ទាញគរុសិស្ស គ្រូឧទ្ទេស ចូលអានក្នុងការបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអបរំ ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូដែលជាបណ្ណារក្សចូលរួមជួយថែរក្សាបណ្ណាល័យ និងសម្ភារបរិក្ខាទាំងនេះឱ្យបានគង់វង្សទុកជាប្រយោជន៍ដល់កូនចៅយើងទាំងអស់៕
សកម្មភាពគរុសិស្សចូលអានសៀវភៅក្នុងបណ្ណាល័យ
សកម្មភាពសិស្សានុសិស្សមកពីវិទ្យាល័យផ្សេងៗចូលអានសៀវភៅក្នុងបណ្ណាល័យ