របាយការណ៍ហិរញ្ញវត្ថុ គឺជាទិន្នន័យដែលត្រូវបានគេកត់ត្រារាល់សកម្មភាពដោះដូរ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ នៅក្នុងកាលបរិច្ឆេទជាក់លាក់។ ជាទូទៅ របាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើសវនកម្ម(សើរើដើម្បីពិនិត្យមើលបញ្ជីគណនេយ្យ) ដោយភ្នាក់ងាររដ្ឋាភិបាល សវនករ និងក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះការបង់ពន្ធជូនរដ្ឋ ដៃគូជំនួញ ឬម្ចាស់ភាគហ៊ុន។ នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ មានគណនីធំៗចំនួន ៤ រួមមាន៖
ក. របាយការណ៍ប្រាក់ចំណេញ គឺជាការពណ៌នា និងទូទាត់រវាងប្រាក់ចំណូល និងចំណាយរបស់អាជីវកម្មមួយ ដើម្បីរកលទ្ធផលចំណេញ ឬខាត នៅក្នុងរយៈពេលជាក់ លាក់ណាមួយនៃប្រតិបត្តិការអាជីវកម្មនោះ។
ខ. របាយការណ៍មូលធនម្ចាស់ គឺជាការពន្យល់អំពីការប្រែប្រួលនៃមូលធន ដោយសារ ឥទ្ធិពលពីរបាយការណ៍ចំណេញ(ឬខាត) និងពីការវិនិយោគចូល និងការដកប្រាក់ចេញណាមួយរបស់ម្ចាស់អាជីវកម្ម នៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។
គ. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬតារាងតុល្យការ គឺជាការពណ៌នាអំពីស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មទាំងមូល ដោយរួមមាន ទ្រព្យសម្បត្តិ បំណុល និងមូលធនម្ចាស់ នៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។
ឃ. របាយការណ៍ចលនា ឬលំហូរសាច់ប្រាក់ គឺជាការកំណត់អត្តសញ្ញាណលំហូរសាច់ប្រាក់ចូល និងលំហូរសាច់ប្រាក់ចេញ នៅក្នុងរយៈពេលជាក់លាក់ណាមួយ៕
នៅពេលអ្នកបើកអាជីវកម្មថ្មី ឬខ្វះលុយពង្រីកអាជីវកម្ម ហើយចង់ប្រើកម្ចីបើក ឬពង្រីកអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ពួកគេនឹងសួរនាំអ្នកអំពីរបាយការណ៍ហិរញ្ញវត្ថុជាក់លាក់មួយចំនួន រួមមានរបាយការណ៍ចំណេញ-ខាត, របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍តុល្យការ។ ខ្ញុំដឹង ការរៀនគណនេយ្យមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសការរៀនដោយខ្លួនឯង ប៉ុន្តែពួកយើងព្យាយាមសរសេរពន្យល់ដោយវិធីងាយយល់សម្រាប់អ្នកអាន ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់។
តារាងតុល្យការ គឺជាទិន្នន័យសំខាន់មួយដែលអាចផ្តល់ព័ត៌មានសំខាន់ៗដល់ម្ចាស់កម្ចី មុនពេលពួកគេព្រមឲ្យប្រាក់អ្នកខ្ចីយកទៅពង្រីកអាជីវកម្ម។ សម្រាប់អាជីវកម្មទើបបង្កើតថ្មីដែលមិនទាន់មានកំណត់ត្រាគណនេយ្យ តារាងតុល្យការបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រាចាប់ផ្តើមដំបូង រួមជាមួយព្រឹត្តិការដែលបានកើតឡើងជាក់ស្តែងនៃអាជីវកម្មនោះ និងអ្វីដែលនឹងកើតឡើងមុនពេលថ្ងៃបើកដំណើរការជាផ្លូវការ ដូចមានក្នុងតារាងឧទាហរណ៍ខាងក្រោមស្រាប់។
តារាងតុល្យការ គឺជារបាយការណ៍អាជីវកម្មមួយដែលបង្ហាញថាតើអាជីវកម្មនោះមានអ្វីខ្លះ, ជំពាក់បំណុលអ្វីខ្លះ និងតម្លៃជាក់ស្តែងដែលម្ចាស់អាជីវកម្មនោះមាន។ តារាងតុល្យការត្រូវបានគេគណនាក្នុងពេលវេលាច្បាស់លាស់ ដូចជានៅពេលអាជីវកម្មបើកដំណើរការ, នៅពេលចុងគ្រានៃខែនីមួយៗ, ត្រីមាស ឬឆ្នាំ និងនៅពេលដែលអាជីវកម្មនោះបិទទ្វាក្ស័យធន។
តារាងតុល្យការត្រូវបានបែងចែកជាពីរផ្នែក ដោយផ្នែកទីមួយគឺរាយទ្រព្យទាំងអស់របស់អាជីវកម្មនោះ។ ផ្នែកទីពីររាយខ្ទង់បំណុល និងមូលធនម្ចាស់នៃអាជីវកម្មនោះ។ ទ្រព្យសរុបទាំងអស់របស់អាជីវកម្មនោះ ត្រូវតែស្មើនឹងការបូកបញ្ចូលគ្នារវាង បំណុល និងមូលធនម្ចាស់។ រូបមន្តតារាងតុល្យការគឺ៖ ទ្រព្យ = បំណុល + មូលធនម្ចាស់ ។
ជាដំបូង ចូររាយតារាងទ្រព្យទាំងអស់ដែលអាជីវកម្មរបស់អ្នកមាន ដោយដាក់កាលបរិច្ឆេទនៅថ្ងៃដែលអ្នកចាប់ផ្តើម។ តារាងទ្រព្យនោះអាចមានដូចជា សាច់លុយ, សម្ភារៈ, យានយន្ត, ទំនិញ, អាគារ ឬដី… ទៅតាមស្ថានភាព និងទ្រព្យសកម្មដែលអ្នកមានជាក់ស្តែង។ (ជាទូទៅបំណុលដែលគេជំពាក់ (AR) ក៏ស្ថិតក្នុងទ្រព្យអាជីវកម្មរបស់អ្នកដែរ ប៉ុន្តែដោយសារឧទាហរណ៍នេះជាអាជីវកម្មដែលមិនទាន់ដំណើរការ ទើបគ្មានទ្រព្យនេះ)
បន្ទាប់មករាយខ្ទង់បំណុលទាំងអស់ក្នុងអាជីវកម្មរបស់អ្នក (បំណុលដែលអ្នកជំពាក់គេក្រោមឈ្មោះអាជីវកម្ម)។ បំណុលទាំងនោះអាចជាបំណុលដែលអ្នកខ្ចីប្រាក់គេមកបើកអាជីវកម្ម, បំណុលជំពាក់ថ្លៃសម្ភារៈ, បំណុលថ្លៃទិញទំនិញ…ហើយបូលតួរលេខចូលគ្នាដើម្បីរកបំណុលសរុប។
ចំនួនខុសគ្នាបានពីការយកតួរលេខទ្រព្យសរុប ដកជាមួយបំណុលសរុប គឺជាតួរលេខមូលធនម្ចាស់។ ក្នុងដំណាក់កាលបើកដំបូង តួរលេខនៅផ្នែកមូលធនម្ចាស់គឺជាទុនដែលអ្នកយកមកវិនិយោគបើកអាជីវកម្មនោះ។
សម្រាប់អាជីវកម្មខ្នាតតូច ទោះបីជាអ្នកមិនត្រូវការខ្ចីទុនបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុ ក៏អ្នកនៅតែត្រូវការរបាយការណ៍ហិរញ្ញវត្ថុមួយចំនួនសម្រាប់ជួយអ្នកក្នុងការសម្រេចចិត្តក្នុងអាជីវកម្មផងដែរ។ ហិរញ្ញវត្ថុគឺជាផ្នែកដ៏សំខាន់នៅក្នុងអាជីវកម្ម ហើយគេប្រើប្រព័ន្ធគណនេយ្យសម្រាប់គ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុទាំងអស់របស់អាជីវកម្មនោះ។ របាយការណ៍ចំណេញ-ខាត គឺជារបាយការណ៍មួយសំខាន់បំផុតក្នុងចំណោមរបាយការណ៍ផ្សេងទៀត។ ជាភាសាអង់គ្លេសគេហៅវាថា Income Statement ឬ Profit and Loss Statement ឬហៅកាត់ P&L ។ នៅក្នុងរបាយការណ៍នេះ បង្ហាញអំពីប្រាក់ចំណូល និងចំណាយ របស់អាជីវកម្មមួយ ហើយទូទាត់គ្នាដើម្បីរកលទ្ធផលចំណេញ ឬខាត នៅក្នុងប្រតិបត្តិការអាជីវកម្មនាពេលវេលាជាក់លាក់ណាមួយ (មួយខែ, មួយត្រីមាស ឬមួយឆ្នាំ)។
រាល់អាជីវកម្មនីមួយៗត្រូវការរៀប និងពិនិត្យមើលរបាយការណ៍ចំណេញ-ខាតរបស់ខ្លួនជាប្រចាំ ឬយ៉ាងហោចណាស់ពិនិត្យមើលរាល់បីខែម្តង។ ការពិនិត្យមើលរបាយការណ៍នេះ អាចជួយម្ចាស់អាជីវកម្មឲ្យធ្វើការសម្រេចចិត្តលើការធ្វើយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន និងកិច្ចការនានាក្នុងអាជីវកម្ម ដូចជានៅពេលប្រៀបធៀបរបាយការណ៍ក្នុងខែថ្មីជាមួយខែចាស់ឃើញមានការចំណាយច្រើនទៅលើរឿងមិនសូវចាំបាច់ ធ្វើឲ្យប្រាក់ចំណេញធ្លាក់ចុះ ដូចនេះម្ចាស់អាជីវកម្មអាចចាត់វិធានការថ្មីដើម្បីបង្កើនប្រាក់ចំណេញឡើងវិញ។ ការរៀបរបាយការណ៍ចំណេញ-ខាត ក៏ចាំបាច់សម្រាប់កាតព្វកិច្ចបង់ពន្ធផងដែរ។ របាយការណ៍ចំណេញ-ខាត គឺជាទិន្នន័យគោលសម្រាប់យកទៅគិតពន្ធលើប្រាក់ចំណេញ ដើម្បីរកចំនួនប្រាក់ចំណេញដែលជាប់ពន្ធ។
គម្រោងរបាយការណ៍ចំណេញ-ខាត៖ អាជីវកម្មថ្មីមួយត្រូវការបង្កើតរបាយការណ៍ចំណេញខាត ដើម្បីធ្វើជាគោលដៅចំណូល-ចំណាយ និងចំណេញសម្រាប់អនាគតនៃអាជីវកម្មរបស់ខ្លួន។ មានន័យថា មុនពេលអាជីវកម្មដំណើរការ គេរៀបវាដើម្បីដាក់គោលដៅថានឹងរកប្រាក់ចំណូលឲ្យបានប៉ុន្មាន និងចំណាយលើអ្វីខ្លះ ហើយអស់ចំនួនប៉ុន្មាន បន្ទាប់មកនៅពេលអាជីវកម្មដំណើរការ គេនឹងផ្ទៀងផ្ទាត់ជាមួយតួរលេខជាក់ស្តែងជាមួយគម្រោងរបាយការណ៍ចំណេញ-ខាតនេះ។ គេធ្វើគម្រោងរបាយការណ៍នេះឡើងសម្រាប់ឲ្យម្ចាស់អាជីវកម្មស្មានដឹងខ្ទង់ចំណូល ចំណាយ និងចំណេញ ហើយងាយស្រួលត្រៀមដើមទុនបម្រុងទុក និងវិភាគយុទ្ធសាស្ត្រនានា, ដើម្បីឲ្យអ្នកវិនិយោគមើល និងដើម្បីយកទៅខ្ចីលុយធនាគារមករកស៊ី។
ទិន្នន័យភាគច្រើនសម្រាប់របាយការណ៍ចំណេញ-ខាត គឺយកពីតារាង ឬសៀវភៅ ឬគណនីប្រាក់ចំណូល និងចំណាយ។ នៅពេលអ្នករៀបគម្រោងរបាយការណ៍ចំណេញ-ខាត អ្នកត្រូវការយកទិន្នន័យពីគម្រោងលៃលកប្រចាំខែ ឬឆ្នាំ។ ខាងក្រោមនេះគឺជាទិន្នន័យ ឬព័ត៌មានចាំបាច់ដែលអ្នកត្រូវការយកមករៀបរបាយការណ៍ចំណេញ-ខាត៖
១. ប្រតិបត្តិការទាំងអស់នៅក្នុងគណនីចរន្ត ឬគណនីតម្កល់(Current Account ឬ Checking Account) នៃអាជីវកម្មរបស់អ្នក និងការចំណាយទូទាត់ទាំងអស់ក្រោមឈ្មោះអាជីវកម្ម។
២. ប្រតិបត្តិការចំណាយតូចតាច (Petty Cash) ឬប្រតិបត្តិការសាច់ប្រាក់ដទៃទៀតដែលអ្នកមានបង្កាន់ដៃទូទាត់ប្រាក់។ *ជម្រើស៖ អាជីវកម្មខ្លះមិនមាន Petty Cash ទេ។
៣. សម្រាប់ប្រាក់ចំណូល អ្នកនឹងត្រូវការតារាងរាយប្រតិបត្តិការចំណូលទាំងអស់។ *ជម្រើសតាមស្ថានភាពអាជីវកម្ម៖ អ្នកក៏ត្រូវការកត់ត្រាគ្រប់ប្រភពនៃចំណូលទាំងអស់ផងដែរ ដូចជាគេទូទាត់ឲ្យអ្នកជាសែក, តាមគណនីធនាគារ, តាមវីង, ទ្រូម៉ាន់នី, ABA, អេស៊ីលីដាទាន់ចិត្ត,…. ឬក៏អ្នកមិនកត់ត្រាភ្លាមៗក៏អ្នកអាចទៅមើលក្នុងបច្ចុប្បន្នភាពគណនីធនាគាររបស់អ្នកបានដែរ។
៤. អ្នកក៏ត្រូវការទិន្នន័យដូចជា នៅពេលអ្នកថែមទំនិញឲ្យអតិថិជន, ប្តូរទំនិញ ឬបញ្ចុះតម្លៃឲ្យអតិថិជនផងដែរ។
ប្រសិនបើអ្នកប្រើកម្មវិធី Software គណនេយ្យសម្រាប់អាជីវកម្ម របាយការណ៍នេះនឹងរៀបដោយស្វ័យប្រវត្តិតាមរបាយការណ៍ស្តង់ដារ។ ទោះបីជាមានរបាយការណ៍នេះក្នុងប្រព័ន្ធកុំព្យូទ័ររបស់អ្នកក៏ដោយ ក្នុងនាមជាម្ចាស់អ្នកក៏គួរតែដឹងថាព័ត៌មានណាខ្លះដែលត្រូវការយកមកធ្វើរបាយការណ៍ចំណេញ-ខាតផងដែរ។
ការរៀបរបាយការណ៍ហិរញ្ញវត្ថុ គឺផ្អែកទៅតាមស្ថានភាព, ទម្រង់, ទំហំ និងប្រភេទអាជីវកម្មរបស់អ្នក។ ឧទាហរណ៍សម្រាប់របាយការណ៍ចំណេញ-ខាត, បើអាជីវកម្មរបស់អ្នកគ្រាន់តែអាជីវកម្មលក្ខណៈគ្រួសារទេ អ្នកគ្រាន់តែយកតួលេខសរុបនៃប្រាក់ចំណេញ ដកជាមួយនឹងតួលេខចំណាយសរុប នោះអ្នកនឹងរកឃើញប្រាក់ចំណេញដុល។ ប៉ុន្តែសម្រាប់អាជីវកម្មខ្នាតតូច-មធ្យម-ធំ ដែលមានកតព្វកិច្ចបង់ពន្ធ នៅក្នុងរបាយការណ៍ចំណេញ-ខាត មានតារាងបង្ហាញប្រាក់ចំណេញមុនបង់ពន្ធ និង/ឬចំនួនប្រាក់ចំណាយលើការបង់ពន្ធ ហើយបើពួកគេជាក្រុមហ៊ុនទម្រង់សាធារណៈមានម្ចាស់ភាគហ៊ុនច្រើន ក្នុងរបាយការណ៍នោះនឹងមានតារាងជាច្រើនទៀតរួមទាំងតារាងប្រាក់ចំណេញក្នុងមួយហ៊ុន និងតារាងចែកភាគលាភក្នុងមួយហ៊ុនផងដែរ។ ខ្ញុំសរសេរចំណុចទាំងនេះគ្រាន់តែប្រាប់អ្នកខ្លះៗអំពីរបាយការណ៍សម្រាប់ក្រុមហ៊ុនខ្នាតមធ្យម និងធំប៉ុណ្នោះ ប៉ុន្តែបើអ្នកស្ថិតក្នុងអាជីវកម្មខ្នាតតូចទេ សូមរៀនសន្សឹមៗសិន កុំទាន់គិតវែងឆ្ងាយហួសស្ថាភាពបច្ចុប្បន្ន ព្រោះហិរញ្ញវត្ថុក្នុងអាជីវកម្មមានភាពទូលំទូលាយ និងអាចនាំឲ្យអ្នកឈឺក្បាលក្នុងការគិតអ្វីដែលមិនទាន់កើតឡើងនៅក្នុងអាជីវកម្មរបស់អ្នក។ ខាងក្រោមនេះគឺជា ជំហានទូទៅនៃការរៀបរបាយការណ៍ចំណេញ-ខាត៖
១. ដំបូង បង្ហាញចំនួនប្រាក់ចំណូល (ជាទូទៅគដាក់ថាចំណូលពីការលក់) សរុបរបស់អ្នកទៅតាមខែ, ត្រីមាស ឬឆ្នាំ តាមតែគោលដៅដែលអ្នកចង់ធ្វើ (ឧទាហរណ៍អ្នករៀបរបាយការណ៍ប្រចាំខែ ដូចនេះអ្នកយកតួលេខប្រចាំខែមកធ្វើ, បើរៀបប្រចាំខែអ្នកយកតួលេខមួយឆ្នាំពេញមកធ្វើ)។ អ្នកអាចបំបែកប្រភពចំណូលច្រើនជាងមួយផ្នែក ប្រសិនបើអាជីវកម្មរបស់អ្នកមានចំណូលក្រៅពីការលក់ ឬជាក្រុមហ៊ុនមេមានចំណូលពីបុត្រសម្ព័ន្ធ។
២. បន្ទាប់មករាយមុខចំណាយនីមួយៗដែលមានក្នុងអាជីវកម្មរបស់អ្នក ហើយបូកចូលគ្នាដើម្បីរកចំណាយ។
៣. យកប្រាក់ចំណូលសរុប ដកជាមួយចំណាយសរុប ដើម្បីរកប្រាក់ចំណេញ ឬខាត។ បើអាជីវកម្មរបស់មិនជាប់ពន្ធ ឬរំលស់(Depreciation) គឺរបាយការណ៍ចំណេញ-ខាតចប់ត្រឹមជំហាននេះ ប៉ុន្តែបើជាប់ពន្ធ, បង់ការប្រាក់ ឬរំលស់ គឺមានជំហានតដល់ខាងក្រោមទៀត ដែលត្រង់នេះគេហៅវាថា ប្រាក់ចំណេញមិនទាន់គិតពន្ធ (EBITDA)។
៤. បង្ហាញអត្រាការប្រាក់ដែលត្រូវបង់សរុបនៃបំណុលក្នុងអាជីវកម្មរបស់អ្នក ហើយដកជាមួយ ប្រាក់ចំណេញមិនទាន់គិតពន្ធខាងលើ ដើម្បីរកប្រាក់ចំណេញក្រោយបង់ការប្រាក់។ បើអាជីវកម្មរបស់អ្នកមិនមានបំណុលមានការប្រាក់ មិនចាំបាច់ដាក់ចំណុចនេះទេ។
៥. បង្ហាញប្រាក់ដែលត្រូវបង់ពន្ធលើប្រាក់ចំណេញ(ជាធម្មតាតួលេខបង់ពន្ធនេះគេដាក់តម្លៃប៉ាន់ស្មាន) ហើយដកចេញទៀត ដើម្បីរកប្រាក់ចំណេញក្រោយបង់ពន្ធ។
៦. ចុងក្រោយ បង្ហាញតួលេខរំលស់សរុប ហើយដកជាមួយ EBITDA ដើម្បីរកប្រាក់ចំណេញសុទ្ធ។
ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន មិនទាន់អាចគ្រប់គ្រងសាច់ប្រាក់ ឬគណនីសាច់ប្រាក់បានល្អនោះទេ។ ពេលខ្លះពួកគាត់ចេះរៀបរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវ ប៉ុន្តែជាក់ស្តែងមានតែតួលេខក្នុងរបាយការណ៍ តែលុយជាក់ស្តែងមានតិចជាងក្នុងរបាយការណ៍ ឬមានតែតួលេខ តែលុយមិនដឹងទៅណា! ដូច្នេះអ្នកគួរគ្រប់គ្រង និងកត់ត្រាសាច់ប្រាក់នៅក្នុងគណនីសាច់ប្រាក់ក្នុងអាជីវកម្មឲ្យបានល្អ កុំលោកឡំជាមួយលុយផ្ទាល់ខ្លួន ឬយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។ មួយវិញទៀតគណនីសន្និធិ ឬហៅថាស្តុកទំនិញ ដែលពេលខ្លះចំនួនទំនិញជាក់ស្តែង និងតួលេខក្នុងរបាយការណ៍ខុសគ្នា ដោយមូលហេតុបាត់ទំនិញ ឬខូចជាដើម៕