សេក្តីផ្តើម

 ពីមួយសម័យកាលទៅមួយសម័យកាលអ្នកវិទ្យាសាស្រ្ត និងបុគ្គលដែលមានទេពកោសល្យជាច្រើនបាននឹងកំពុងតែសិក្សាស្រាវជ្រាវរិះរកគំនិតការផ្តួចផ្តើមថ្មីៗទៅលើវិស័យជាច្រើន ដើម្បីជួយឲ្យការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួលឡើងៗ ដោយការអភិវឌ្ឍបង្កើតឲ្យមានបច្ចេកវិទ្យាទំនើបៗ និងចម្លែកៗជាច្រើនដែលយើងនឹកស្មានមិនដល់។ ជាការពិត​ វិស័យបច្ចេកវិទ្យាគឺជាវិស័យមួយដែលចូលរួមយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។ កំណើនប្រជាជននិងភាពយល់ដឹងរបស់មនុស្សក៏កាន់តែច្រើនឡើងៗ ដែលជាមូលហេតុបណ្តាលឲ្យមានកំណើនសេដ្ឋកិច្ចដូចជា សំណង់អគារ មន្ទីរពេទ្យ គ្រឹះស្ថានអប់រំ​ រោងចក្រសហគ្រាស និងឧស្សាហកម្មផ្សេងជាច្រើនទៀត​។ ក្នុងនោះគឺយើងត្រូវការជាចាំបាច់នៃប្រភពថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គងទៅលើគ្រឿងបរិក្ខារអគ្គិសនីដូចជា ម៉ាស៊ីនត្រជាក់ ប្រព័ន្ធបំភ្លឺ(អំពូលភ្លើង) កាមេរ៉ាសុវត្ថិភាព​ និងគ្រឿងបរិក្ខារអគ្គិសនីជាច្រើនទៀត។ ហើយមនុស្សក៏កាន់តែចង់បានអ្វីដែលថ្មីៗ ដែលជួយពួកគេឲ្យកាន់តែមានភាពទំនើបកម្ម​ដែលចំណេញពេលវេលានិងមានភាពងាយស្រួល។

    ជាក់ស្តែងណាស់  យើងសង្កេតឃើញថាប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍផ្នែកវិស័យ សំណង់ឧហ្សាហកម្ម អគារពាណិជ្ជកម្ម សណ្ឋាគារ នឹងអគារស្នាក់នៅយ៉ាងរីកស្កុសស្គាយ។ អាស្រ័យហេតុនេះហើយ ការប្រើប្រាស់ថាមពលអគ្គីសនី ក៏ដូចជាផ្នែកអេឡិចត្រូនិច គឺមានការកើនឡើងគួរឲ្យ កត់សម្គាល់ ហើយវាទាមទារឲ្យមានការផ្គត់ផ្គង់​​ និងការបង្កើតបច្ចេកវិទ្យាថ្មីៗដើម្បីជួយសម្រួលនិងដោះស្រាយឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ឲ្យមានភាពងាយស្រួលនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មឌីជីថលនេះ និងបច្ចេកវិទ្យា​ AI។​

   ដោយឡែកបើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះវិញ គឺកំពុងតែរីកចម្រើនទៅលើគ្រប់វិស័យក៏ដូចជាវិស័យបច្ចេកវិទ្យាផង​​ដែរ។​ ប្រភពថាមពលអគ្គិសនីគឺត្រូវការជាចាំបាច់​ទៅលើគ្រប់វិស័យទាំងអស់ ដែលជាប្រភពផ្តល់នូវការផ្គត់ផ្គង់យ៉ាងសំខាន់ទៅលើសំណង់អគារ​ រោងចក្រសហគ្រាសឧស្សាហកម្ម ខនដូរ ផ្ទះវីឡា​ ប្រព័ន្ធផ្គត់ផ្គង់អ៊ីនធឺណិត​​ និងហេដ្ឋារចនាសម្ព័ន្ធនានា។ យើងក៏ដឹងហើយថាកំណើនប្រជាជននិងចំណេះដឹងរបស់មនុស្សនាពេលបច្ចុប្បន្ននេះក៏កាន់តែមានភាពរីកចម្រើននិងភាពទាន់សម័យយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងមនុស្សសម័យមុន។ តែបើសិនជាមនុស្សមានប្រព័ន្ធផ្ទះឆ្លាតវៃមួយនៅក្នុងផ្ទះតើវានឹងជួយអ្វីបានខ្លះទៅកាន់មនុស្សក្នុងការគ្រប់គ្រងទៅលើប្រព័ន្ធបំភ្លឺ ប្រព័ន្ធសុវត្ថិភាព ម៉ាស៊ីនត្រជាក់​ ចាក់សោទ្វា និងគ្រឿងបរិក្ខារជាច្រើនទៀត ដែលវាអាចជួយឲ្យយើងបញ្ជាពីចម្ងាយបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃទំនើប។​ តើប្រព័ន្ធបច្ចេកវិទ្យាផ្ទះឆ្លាតវៃនេះជាអ្វី?​ តើវាមានអត្ថប្រយោជន៍យ៉ាងដូចម្តេច?​​​ 

        ផ្ទះឆ្លាតវៃ សំដៅទៅលើការរៀបចំផ្ទះឲ្យមានភាពងាយស្រួល ដែលបរិក្ខារអគ្គិសនីត្រូវបានគ្រប់គ្រងដោយSmart Phone (ទូរស័ព្ទទំនើប)​ និងអាចគ្រប់គ្រងដោយស្វ័យប្រវត្តិពីចម្ងាយពីគ្រប់ទិសទី ជាមួយនឹងការតភ្ជាប់បណ្តាញអ៊ីនធឺណិត។ បរិក្ខារអគ្គិសនីនៅក្នុងផ្ទះឆ្លាតវៃត្រូវបានភ្ជាប់គ្នាទៅវិញទៅមកតាមរយៈអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងទៅលើមុខងារដូចជាកាមេរ៉ាសុវត្ថិភាព សីតុណ្ហភាព ម៉ាស៊ីនត្រជាក់ បំភ្លឺ ទូរទស្សន៍ បិទ/បើកទ្វាផ្ទះឬរបង​ ឧបករណ៍តន្រី្ត និងគ្រឿងបរិក្ខារអគ្គិសនីជាច្រើនផ្សេងទៀតនៅក្នុងផ្ទះបានពីចម្ងាយ។ ការតម្លើងប្រព័ន្ធបច្ចេកវិទ្យាផ្ទះឆ្លាតវៃផ្តល់ភាពងាយស្រួលដល់ម្ចាស់ផ្ទះ។​ ប្រព័ន្ធបច្ចេកវិទ្យាផ្ទះឆ្លាតវៃផ្តល់ឲ្យយើងនូវភាពងាយស្រួល ទំនើបទាន់សម័យ សុវត្ថិភាព ប្រសិទ្ធភាព​ និងចំណេញពេលវេលាដល់អ្នកប្រើប្រាស់។ ដោយអនុញ្ញាតឱ្យពួកគេគ្រប់គ្រងបរិក្ខារអគ្គិសនីដែលបានភ្ជាប់នៅក្នុងផ្ទះរបស់ពួកគេពីគ្រប់ទីកន្លែងតាមរយៈកម្មវិធីនៅលើស្មាតហ្វូន។

គោលបំណង

គោលបំណងនៃការសិក្សាទៅលើ (Smart Power Controller) គឺវាជាប្រព័ន្ធគ្រប់គ្រងទៅលើគ្រឿងបរិក្ខារអគ្កិសនីនៅក្នុងផ្ទះបែបឆ្លាតវៃ ហើយវានឹងក្លាយទៅជាប្រព័ន្ធដែលពេញនិយមនៅប្រទេសយើងនាពេលអនាគត​ ព្រោះនិងផ្តល់ឲ្យមនុស្សនូវភាពងាយស្រួល​ ចំណេញពេលវេលា មានសុវត្ថិភាពក្នុងការប្រើប្រាស់និងធ្វើឲ្យផ្ទះកាន់តែមានភាពទំនើបមួយកម្រិតបន្ថែមទៀត។ម្យ៉ាងវិញទៀតគឺដើម្បីផ្តល់នូវបទពិសោធ និងពង្រឹងសមត្ថភាពក្នុងការស្រាវជា្រវស្វែងយល់សម្រាប់ក្រុមយើងខ្ញុំផ្ទាល់ផងក៏ដូចជាបានចងក្រងជាឯកសារសម្រាប់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយឲ្យមានការយល់ដឹង និងស្រាវជ្រាវបន្ថែមឲ្យកាន់តែមានភាពរីកចម្រើននិងទាន់សម័យកាលបន្ថែមទៀត។

សារៈសំខាន់