របៀបរៀនបកសករាជ
ការបកសករាជ ទាំងបាលី និងសម្រាយបាន ជាដំបូងយើងត្រូវដឹងគន្លឹះសំខាន់ៗទាំង៩នេះគឺ៖
១.សកៈ ការរាប់លំដាប់ឆ្នាំ៖ ឆ្នាំទាំង១២គឺ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច និង កុរ។ ស័កមាន១០គឺ ឯកសក, ទោសក, ត្រីសក, ចត្វាសក, បញ្ចសក, ឆសក, សប្តសក, អដ្ឋសក, នព្វសក និង សំរឹទ្ធិសក។
២.មួយសប្តាហ៍មាន៧ថ្ងៃគឺ៖ រវិវារ ថ្ងៃអាទិត្យ, ចន្ទវារ ឬសសិវារ ថ្ងៃចន្ទ, ភុម្មវារ ថ្ងៃអង្គារ, វុធវារ ថ្ងៃពុធ, គុរុវារ ថ្ងៃព្រហស្បតិ៍, សុក្រវារ ថ្ងៃសុក្រ និង សោរវារ ថ្ងៃសៅរ៍ ។
៣.ឆ្នាំមាន១២គឺ៖ ១.មូសិកសំវច្ឆរ ឆ្នាំជូត, ២.ឧសភសំវច្ឆរ ឆ្នាំឆ្លូវ, ៣.ព្យគ្ឃសំវច្ឆរ ឆ្នាំខាល, ៤.សសសំវច្ឆរ ឆ្នាំថោះ, ៥.នាគសំវច្ឆរ ឆ្នាំរោង, ៦.សប្បសំវច្ឆរ ឆ្នាំម្សាញ់, ៧.អស្សសំវច្ឆរ ឆ្នាំមមី, ៨.អជសំវច្ឆរ ឬឯឡកសំវច្ឆរ ឆ្នាំមមែ, ៩.មក្កដសំវច្ឆរ ឬកបិសំវច្ឆរ ឆ្នាំវក, ១០.កុក្កុដសំវច្ឆរ ឆ្នាំរកា, ១១.សោណសំវច្ឆរ ឬសុនខសំវច្ឆរ ឆ្នាំច និង ១២.សូករសំវច្ឆរ ឆ្នាំកុរ។
៤.ចន្ទគតិមាន១២ខែគឺ៖ ១.វិសាខមាស ខែពិសាខ, ២.ជេស្ឋមាស ខែជេស្ឋ, ៣.អាសាឍមាស ខែអាសាឍ, ៤.សាវណមាស ខែស្រាពណ៍, ៥.ភទ្របទមាស ខែភទ្របទ, ៦.អស្សុជមាស ខែអស្សុជ, ៧.កត្តិកមាស ខែកត្តិក, ៨.មិគសិរមាស ខែមិគសិរ, ៩.បុស្សមាស ខែបុស្ស, ១០.មាឃមាស ខែមាឃ, ១១.ផល្គុនមាស ខែផល្គុន និង ១២.ចេត្រមាស ខែចេត្រ។
៥.បច្ចេកទេសនៃការរាប់ខែ៖ ត្រូវចាប់ផ្តើមរាប់ពីថ្ងៃខែឆ្នាំ ដែលព្រះពុទ្ធចូលបរិនិព្វានគឺ ថ្ងៃអង្គារ ទី១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។ ដូច្នេះពុទ្ធសករាជចាប់ផ្តើមរាប់ពីថ្ងៃ ១រោច ខែពិសាខ ឆ្នាំម្សាញ់ បញ្ចស័ក នោះរហូតមក។
ខែទី១ រាប់ពីថ្ងៃ១រោចដល់១៥រោច (ខែពិសាខ) + ថ្ងៃ១កើតដល់១៥កើត(ខែជេស្ឋ) = ៣០ថ្ងៃ
ខែទី២ រាប់ពីថ្ងៃ១រោចដល់១៤រោច (ខែជេស្ឋ)+ថ្ងៃ១កើតដល់១៥កើត (ខែប.សាឍ) = ២៩ថ្ងៃ
ខែទី៣ រាប់ពីថ្ងៃ១រោចដល់១៥រោច (ខែប.សាឍ)+ថ្ងៃ១កើតដល់១៥កើត(ខែទុ.សាឍ)=៣០ថ្ងៃ
ខែទី៤ រាប់ពីថ្ងៃ១រោចដល់១៥រោច (ខែទុ.សាឍ)+ថ្ងៃ១កើតដល់១៥កើត(ខែស្រាពណ៍)=៣០ថ្ងៃ
ខែទី៥ រាប់ពីថ្ងៃ១រោចដល់១៤រោច(ខែស្រាពណ៍)+ថ្ងៃ១កើតដល់១៥កើត(ខែភទ្របទ)=២៩ថ្ងៃ
ខែទី៦ រាប់ពីថ្ងៃ១រោចដល់១៥រោច (ខែភទ្របទ)+ថ្ងៃ១កើតដល់១៥កើត(ខែអស្សុជ) = ៣០ថ្ងៃ
ខែទី៧ រាប់ពីថ្ងៃ១រោចដល់១៤រោច (ខែអស្សុជ) + ថ្ងៃ១កើតដល់១៥កើត (ខែកត្តិក) = ២៩ថ្ងៃ
ខែទី៨ រាប់ពីថ្ងៃ១រោចដល់១៥រោច (ខែកត្តិក) + ថ្ងៃ១កើតដល់១៥កើត(ខែមិគសិរ) = ៣០ថ្ងៃ
ខែទី៩ រាប់ពីថ្ងៃ១រោចដល់១៤រោច (ខែមិគសិរ) + ថ្ងៃ១កើតដល់១៥កើត (ខែបុស្ស) = ២៩ថ្ងៃ
ខែទី១០ រាប់ពីថ្ងៃ១រោចដល់១៥រោច (ខែបុស្ស) + ថ្ងៃ១កើតដល់១៥កើត (ខែមាឃ) = ៣០ថ្ងៃ
ខែទី១១ រាប់ពីថ្ងៃ១រោចដល់១៤រោច (ខែមាឃ) + ថ្ងៃ១កើតដល់១៥កើត (ខែផល្គុន) = ២៩ថ្ងៃ
ខែទី១២ រាប់ពីថ្ងៃ១រោចដល់១៥រោច (ខែផល្គុន) + ថ្ងៃ១កើតដល់១៥កើត (ខែចេត្រ) = ៣០ថ្ងៃ
ខែទី១៣ រាប់ពីថ្ងៃ១រោចដល់១៤រោច(ខែចេត្រ) + ថ្ងៃ១កើតដល់១៥កើត(ខែពិសាខ) = ២៩ថ្ងៃ
ចំណាំ៖ ខាងរនោចបាលីថា កាឡបក្ខ ខាងខ្នើតបាលីថា សុក្កបក្ខ ។
៦.តិថីទាំង១៥ថ្ងៃនោះគឺ៖ ឯកាយ ឬបឋមាយ ១កើត ឬ១រោច, ទុតិយាយ ២កើត ឬ២រោច, តតិយាយ ៣កើត ឬ៣រោច, ចតុត្ថិយា ៤កើត ឬ៤រោច, បញ្ចមិយា ៥កើត ឬ៥រោច, ឆដ្ឋិយា ៦កើត ឬ៦រោច, សត្តមិយា ៧កើត ឬ៧រោច, អដ្ឋមិយា ៨កើត ឬ៨រោច, នវមិយា ៩កើត ឬ៩រោច, ទសមិយា ១០កើត ឬ១០រោច, ឯកាទសិយា ១១កើត ឬ១១រោច, ទ្វាទសិយា ១២កើត ឬ១២រោច, តេរសិយា ១៣កើត ឬ១៣រោច, ចាតុទ្ទសិយា ១៤កើត ឬ១៤រោច, បណ្ណរសិយា ១៥កើត ឬ១៥រោច ។
៧.ក្នុងមួយឆ្នាំមាន៣រដូវ៖ ក្នុងមួយរដូវៗមានបួនខែគឺៈ
១.ហេមន្តឧតុ ហេមន្តរដូវ គឺរាប់ចាប់តាំងពីថ្ងៃទី១រោច ខែកត្តិកដល់ថ្ងៃទី១៥កើត ខែផល្គុន ។
២.គិម្ហឧតុ គិម្ហរដូវ គឺរាប់ចាប់តាំងពីថ្ងៃទី១រោច ខែផល្គុនដល់ថ្ងៃទី១៥កើត ខែអាសាឍ ឬថ្ងៃទី១៥កើត ខែទុតិយាសាឍ (ករណីលើកខែ)។
៣.វស្សានឧតុ វស្សានរដូវ គឺរាប់ចាប់តាំងពីថ្ងៃទី១រោច ខែអាសាឍ ឬទុតិយាសាឍដល់ថ្ងៃទី១៥ កើត ខែកត្តិក។
៨.វិធីបកសករាជប្រចាំថ្ងៃ៖
ឧកាស សិរីសក្យមុនិសព្វញ្ញុពុទ្ធស្ស ពលវប្បច្ចូស សមយេ កុសិនារាយ យមកសាលានមន្តរេ អមុម្ហិ សប្បសំវច្ឆរេ បញ្ចស្សកេ គិម្ហឧតុម្ហិ វិសាខមាសេ សុក្កបក្ខេ បណ្ណរសិយា តិត្ថិយំ ភុម្មវារេ ភុម្មយាមេ អនុរាធនក្ខត្តទិវសេ បរិនិព្វានំ អហោសិ អនុបាទិសេសាយ និព្វានធាតុយា។ ខ្ញុំសូមគោរពរំលឹក ដល់កាលដែលព្រះសក្យមុនីសព្វញ្ញុពុទ្ធទ្រង់មានសិរី ព្រះអង្គចូលបរិនិព្វានដោយអនុបាទិសេសបរិនិព្វានធាតុ ក្នុងថ្ងៃប្រកបដោយអនុរាធនក្ខត្តឫក្ស ក្នុងថ្ងៃអង្គារ យាមអង្គារ នៅថ្ងៃ១៥កើត ខែពិសាខ ក្នុងគិម្ហរដូវ ឆ្នាំម្សាញ់ បញ្ចស័កឯណោះ ក្រោមចន្លោះមែកសាលព្រឹក្សទាំងគូ (នាសាលវ័នឧទ្យានជិតក្រុងកុសិនារាក្នុងសម័យជិតភ្លឺ)។
• តស្ស ភគវតោ សម្មាសម្ពុទ្ធស្ស បរិនិព្វុតទិវសតោ បដ្ឋាយ យាវជ្ជត្តនា ពុទ្ធសាសនស្សាយុកាលស្ស គណនាយ សល្លក្ខេតព្វានិ នត្ថិ ទិវសុត្តរ នត្ថិ មាសាធិក ឆស្សដ្ឋុត្តរបញ្ចសតាធិក ទ្វេសហស្សវស្សានិ អតិក្កន្តានិ អហេសុំ។ រាប់ចាប់ផ្តើមតាំងពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធដ៏មានព្រះភាគអង្គនោះ ទ្រង់យាងចូលកាន់បរិនិព្វានដរាបមកដល់ថ្ងៃនេះ អាយុកាលនៃព្រះពុទ្ធសាសនាកន្លងទៅហើយបាន ២៥៦៦ព្រះវស្សា មិនមានខែ និង មិនមានថ្ងៃ។
• ឥមស្មឹ បច្ចុប្បន្នកាលេ សត្តសដ្ឋុត្តរ បញ្ចសតាធិក ទ្វេសហស្សវស្សេ សសសំវច្ឆរេ បញ្ចស្សកេ គិម្ហឧតុម្ហិ វិសាខមាសេ កាឡបក្ខេ បឋមាយ តិថិយំ សុក្រវារេ។ បច្ចុប្បន្នកាលឥឡូវនេះ គឺ ឋិតនៅក្នុង ព.ស.២៥៦៧ ឆ្នាំថោះ បញ្ចស័ក គិម្ហរដូវ ខែពិសាខ ១រោច ថ្ងៃសុក្រ ថ្ងៃខែឆ្នាំនេះ លោកកំណត់ទុកជាបច្ចុប្បន្នកាល។
• អនាគតេ កាលេ ឯកូនត្តឹសទិវសុត្តរ ពារសមាសាធិក តេត្តឹសុត្តរចតុស្សតាធិក ទ្វេសហស្សវស្សានិ ភវិស្សន្តិ។ រីឯព្រះពុទ្ធសាសនាចំណែកខាងអនាគតឯណោះវិញនៅសល់ ២៤៣៣ព្រះវស្សា ១២ខែ (ដោយអំណាចអធិកមាស) និង ២៩ថ្ងៃ។ បើបូករួបរួមសិរីទាំងបីកាល (អតីត បច្ចុប្បន្ន អនាគត) ត្រូវជាព្រះពុទ្ធសាសនាគ្រប់ចំនួន៥០០០ព្រះវស្សាដោយបរិបូណ៌។
៩.វិធីរាប់បកតិសង្ខ្យា៖ វីធីរាប់បកតិសង្ខ្យាចែកចេញជា ៤ផ្នែកដូច្នេះគឺៈ
ផ្នែកទី១ រាប់ពីត្រឹម១ដល់១០គឺ៖ ឯក “១” ទិ្វ “២” តិ “៣” ចតុ “៤” បញ្ច “៥” ឆ “៦” សត្ត “៧” អដ្ឋ “៨” នវ “៩” ទស “១០” ។
ផ្នែកទី២ រាប់ពីត្រឹម១១ដល់៩៩គឺ៖ ឯកាទស ឯការស “១១”, ទ្វាទស ពារស “១២”, តេរស “១៣”, ចតុទ្ទស ចុទ្ទស ចោទ្ទស “១៤”, បញ្ចទស បណ្ណរស “១៥”, សោឡស “១៦”, សត្តរស “១៧”, អដ្ឋារស “១៨”, ឯកូនវីស ឩនវីស ឯកូនវីសតិ ឩនវីសតិ “១៩”, វីស វីសតិ “២០”, ឯកវីស ឯកវីសតិ “២១”, ទ្វាវីស ទ្វាវីសតិ ពាវីស ពាវីសតិ “២២”, តេវីស តេវីសតិ “២៣”, ចតុព្វីស ចតុព្វីសតិ “២៤”, បញ្ចវីស បញ្ចវីសតិ “២៥”, ឆព្វីស ឆព្វីសតិ “២៦”, សត្តវីស សត្តវីសតិ “២៧”, អដ្ឋវីស អដ្ឋវីសតិ “២៨”, ឯកូនត្តឹស ឯកូនត្តឹសតិ ឩនត្តឹស ឩនត្តឹសតិ “២៩”, តឹស តឹសតិ “៣០”, ឯកត្តឹស ឯកត្តឹសតិ “៣១”, ទ្វត្តឹស ទ្វត្តឹសតិ ពត្តឹស ពត្តឹសតិ “៣២”, តេត្តឹស តេត្តឹសតិ “៣៣”, ចតុត្តឹស ចតុត្តឹសតិ “៣៤”, បញ្ចត្តឹស បញ្ចត្តឹសតិ “៣៥”, ឆតឹ្តស ឆត្តឹសតិ “៣៦”, សត្តត្តឹស សត្តត្តឹសតិ “៣៧”, អដ្ឋត្តឹស អដ្ឋត្តឹសតិ “៣៨”, ឯកូនចត្តាឡីស ឩនចត្តាឡីស ឯកូនតាឡីស ឩនតាឡីស “៣៩”, ចត្តាឡីស តាឡីស “៤០”, ឯកចត្តាឡីស ឯកត្តាឡីស “៤១”, ទ្វេចត្តាឡីស ទ្វេតាឡីស “៤២”, តេចត្តាឡីស តេតាឡីស “៤៣”, ចតុច្ចត្តាឡីស ចតុត្តាឡីស “៤៤”, បញ្ចចត្តាឡីស បញ្ចតាឡីស “៤៥”, ឆច្ចត្តាឡីស ឆត្តាឡីស “៤៦”, សត្តចត្តាឡីស សត្តតាឡី “៤៧”, អដ្ឋចត្តាឡីស អដ្ឋតាឡីស “៤៨”, ឯកូនបញ្ញាស ឩនបញ្ញាស ឯកូនបណ្ណាស ឩនបណ្ណាស “៤៩”, បញ្ញាស បណ្ណាស “៥០”, ឯកបញ្ញាស ឯកបណ្ណាស “៥១”, ទ្វេបញ្ញាស ទ្វេបណ្ណាស “៥២”, តេបញ្ញាស តេបណ្ណាស “៥៣”, ចតុប្បញ្ញាស ចតុប្បណ្ណាស “៥៤”, បញ្ចបញ្ញាស បញ្ចបណ្ណាស “៥៥”, ឆប្បញ្ញាស ឆប្បណ្ណាស “៥៦”, សត្តបញ្ញាស សត្តបណ្ណាស “៥៧”, អដ្ឋបញ្ញាស អដ្ឋបណ្ណាស “៥៨”, ឯកូនសដ្ឋី ឩនសដ្ឋី “៥៩”, សដ្ឋី “៦០”, ឯកសដ្ឋី “៦១”, ទ្វេសដ្ឋី ទ្វាសដ្ឋី “៦២”, តេសដ្ឋី “៦៣”, ចតុស្សដ្ឋី “៦៤”, បញ្ចសដ្ឋី “៦៥”, ឆស្សដ្ឋី “៦៦”, សត្តសដ្ឋី “៦៧”, អដ្ឋសដ្ឋី “៦៨”, ឯកូនសត្តតិ ឩនសត្តតិ ឯកូនសត្តរិ ឩនសត្តរិ “៦៩”, សត្តតិ សត្តរិ “៧០”, ឯកសត្តតិ ឯកសត្តរិ “៧១”, ទ្វេសត្តតិ ទ្វេសត្តរិ “៧២”, តេសត្តតិ តេសត្តរិ “៧៣”, ចតុស្សត្តតិ ចតុស្សត្តរិ “៧៤”, បញ្ចសត្តតិ បញ្ចសត្តរិ “៧៥”, ឆស្សត្តតិ ឆស្សត្តរិ “៧៦”, សត្តសត្តតិ សត្តសត្តរិ “៧៧”, អដ្ឋសត្តតិ អដ្ឋសត្តរិ “៧៨”, ឯកូនអសីតិ ឯកូនាសីតិ ឩនអសីតិ ឩនាសីតិ “៧៩”, អសីតិ “៨០”, ឯកអសីតិ ឯកាសីតិ “៨១”, ទ្វេអសីតិ ទ្វាសីតិ “៨២”, តេអសីតិ ត្យាសីតិ “៨៣”, ចតុអសីតិ ចតុរាសីតិ “៨៤”, បញ្ចអសីតិ បញ្ចាសីតិ “៨៥”, ឆអសីតិ ឆាសីតិ ឆរាសីតិ ឆឡាសីតិ “៨៦”, សត្តអសីតិ សត្តាសីតិ “៨៧”, អដ្ឋអសីតិ អដ្ឋាសីតិ “៨៨”, ឯកូននវុតិ ឩននវុតិ “៨៩”,នវុតិ “៩០”, ឯកនវុតិ “៩១”, ទ្វេនវុតិ “៩២”, តេនវុតិ “៩៣”, ចតុន្នវុតិ “៩៤”, បញ្ចនវុតិ “៩៥”, ឆន្នវុតិ “៩៦”, សត្តនវុតិ “៩៧”, អដ្ឋនវុតិ “៩៨” និង ឯកូនសតំ ឩនសតំ “៩៩”។
ផ្នែកទី៣ រាប់ពីត្រឹមរយដល់កោដិ៖ សតំ “រយ”, សហស្សំ “ពាន់”, ទសសហស្សំ “ម៉ឺន”, សតសហស្សំ (លក្ខំ) “សែន”, ទសសតសហស្សំ “លាន” និង កោដិ “កោដិ”។
ផ្នែកទី៤ រាប់ពីត្រឹមបកោដិដល់អសង្ខេយ្យ៖ បកោដិ “រយសែនកោដិ”, កោដិបកោដិ “រយសែនបកោដិ”, នហុតំ “រយសែនកោដិបកោដិ”, និន្នហុតំ “រយសែននហុត”, អក្ខោភិនី “រយសែននិន្នហុត”, វិន្ទុ “រយសែនអក្ខោភិនី”, អព្វុទំ “រយសែនវិន្ទុ”, និរព្វុទំ “រយសែនអព្វុទៈ”, អហហំ “រយសែននិរព្វុទៈ”, អពពំ “រយសែនអហហៈ”, អដដំ “រយសែនអពពៈ”, សោគន្ធិកំ “រយសែនអដដៈ”, ឧប្បលំ “រយសែនសោគន្ធិកៈ”, កុមុទំ “រយសែនឧប្បលៈ”, បុណ្ឌរីកំ “រយសែនកុមុទៈ”, បទុមំ “រយសែនបុណ្ឌរីកៈ” កថានំ “រយសែនបទុមៈ”, មហាកថានំ “រយសែនកថានៈ”, អសង្ខេយ្យំ “រយសែនមហាកថានៈ”។