តើការប្រឹក្សាផ្លូវចិត្ត តាមបែបគ្លីនិច (Clinical Counselliing) ជាអ្វី?
តើដំណើរការនៃការព្យាបាលផ្លូវចិត្តមានលក្ខណៈបែបណា?
ការប្រឹក្សាផ្លូវចិត្ត ជាការសន្ទនារ ជជែក វែកញែក និងវិភាគទៅលើបញ្ហា ដើម្បីស្វែងរកដំណោះស្រាយ។ ការប្រឹក្សាផ្លូវចិត្ត ជាដំណើរការនៃការព្យាបាលផ្លូវចិត្ត ដែលអ្នកប្រឹក្សា ឬអ្នកព្យាបាលត្រូវប្រើការយល់ដឹងពីការប៉ាន់ប្រមាណគ្លីនិក និងរោគវិនិច្ឆ័យ (Clinical Assessment and Diagnosis) ដែលសមស្របក្នុងដំណើរការនៃការព្យាបាល តាមរយៈការជួបប្រឹក្សាដោយផ្ទាល់ជាមួយអ្នកជំងឺ តាមរយៈ ការសំភាសន្ត៍គ្លីនិច ការពិនិត្យស្ថានភាពផ្លូវចិត្តដោយផ្អែកលើការវិភាគរោគសញ្ញាផ្លូវចិត្ត ទៅលើការគិត អារម្មណ៍ រាងកាយ ការប្រាស្រ័យទាក់ទង និងអាកប្បកិរិយារបស់អ្នកជំងឺ (ស្វែងរកផលរំខាន) ក៏ដូចជាការប្រើប្រាស់ ឧបករណ៍វាស់វែងរោគសញ្ញា (Assessment Tool) បន្ថែមទៀត។
ដំណើរការនៃការព្យាបាលអាចមានចាប់ពី១ជំនួបឡើងទៅ (អាស្រ័យទៅលើករណី)។ ដំណើរការនៃការព្យាបាលខ្ ក៏ត្រូវបានជាសះស្បើយទៅវិញ នៅត្រឹមជំនួបទី២ ឬទី៣ (អាស្រ័យទៅលើករណីនិមួយ) ។ រយៈពេលនៃជំនួបនិមួយ នឹងប្រព្រឹត្តទៅចាប់ពី៤៥នាទី ឬរយៈពេល ១ម៉ោង (អាស្រ័យទៅតាមករណី)។
ក្រមសីលធម៌វិជ្ជាជីវៈ នឹងត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន។ រាល់ព័ត៌មាន បញ្ហា ឬកិច្ចការទាំងឡាយ នៅក្នុងកិច្ចសន្ទនារវាងងអ្នកជំងឺ និងអ្នកព្យាបាល ត្រូវបានរក្សាការសម្ងាត់ និងទទួលបានការយល់ព្រម (Consent) ពីអ្នកជំងឺ។
បន្ទប់ប្រឹក្សាប្រឹក្សាផ្លូវចិត្ត មានលក្ខណៈបិទជិត សម្លេងមិនលឺទៅខាងក្រៅ ដែលអាចជួយសម្រួលដល់កិច្ចសន្ទនាមិនមានការរំខាន។ សម្រាប់អ្នកជំងឺ ក៏អាចទទួលបានអារម្មណ៍កក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាពក្នុងការចែករំលែក និងបន្តកិច្ចសន្ទនារបានទៅដោយភាពជឿទុកចិត្ត។
នៅក្នុងបន្ទប់ប្រឹក្សាផ្លូវចិត្ត ការរៀបចំអាចមានលក្ខណៈខុសបែ្លកពីគ្នា អាស្រ័យទៅតាមទីតាំង រូបរាង និងទំហំនៃបន្ទប់។ សម្រាប់អ្នកជំងឺ អ្នកមិនចាំបាច់ត្រៀមខ្លួនថាត្រូវនាំយក របស់ ឬសំភារៈអ្វីឡើយ។ សូមចាត់ទុកថា វាជាការជួបមនុស្សម្នាក់ដែលគួរឲ្យទុកចិត្តបំផុត ប្រកបដោយជំនាញ ជាមនុស្សពូកែស្តាប់ ស្តាប់ដោយយកចិត្តទុកដាក់មកលើបញ្ហារបស់អ្នក ស្តាប់ដោយគ្មានការវិនិច្ឆ័យ ឬបកស្រាយបន្ថែម ឬយកទៅចែកចាយបន្តនោះឡើយ។ ទីបំផុត អ្នកអាចបានមិត្តយល់ចិត្តម្នាក់បានហើយ នៅទីនេះ!
ខ្ញុំធ្លាប់គិតថា ទាល់មនុស្សដែលមានបញ្ហាខួរក្បាល ឬវង្វេងវង្វាន់ខ្លាំង បាត់បង់ស្មារតី គ្រប់គ្រងខ្លួនឯងលែងបាន ដែលយើងតែងហៅថា ឆ្កួត ទើបទៅរកអ្នកព្យាបាលផ្លូវចិត្ត។ ហើយសម្រាប់ការព្យាបាលផ្លូវចិត្តនេះ ភាគច្រើនទាល់តែលក្ខណៈដែលធ្ងន់ធ្ងរ និងមានសភាពខុសប្រក្រតីមែនទែន។
ក្រោយពេលខ្ញុំបានទទួលការប្រឹក្សា និងការព្យាបាលផ្លូវចិត្តរបស់ខ្ញុំ បាន៥ជំនូួបជាមួយអ្នកជំនាញផ្លូវចិត្ត លើបញ្ហាផ្លូវចិត្ត របស់ខ្ញុំរួចមក ទើបខ្ញុំដឹងថា ការពិតវាពិតជាមិនមែនសម្រាប់មនុស្សធ្ងន់ធ្ងរ ឬដូចជាអ្វីដែលខ្ញុំធ្លាប់គិតឡើយ។ កុំសង្ស័យ ហើយប្រើការវិនិច្ឆ័យលើសេវាកម្មមួយនេះ "ការប្រឹក្សាផ្លូវចិត្ត និងការព្យាបាលផ្លូវចិត្ត" មុនពេលអ្នកមិនទាន់ដឹង ឬយល់ច្បាស់អំពីវា។