ក. សារស្វាគមន៍ពីនាយកសាលា
សូមគោរព និងសូមស្វាគមន៍ចំពោះសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តជូនដល់សាលារៀន ខេនឌូ និងសម្រេចចិត្តជ្រើសរើសយកការបណ្តុះបណ្តាលប្រកបដោយគុណភាពអប់រំខ្ពស់ និងទាន់សម័យបច្ចេកវិទ្យាឌីជីថល (Digital Era)។ ដោយឈរលើឆន្ទៈស្រឡាញ់វិស័យអប់រំ និងមានបំណងចូលរួមចំណែកបង្កើនធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ព្រមទាំងអភិវឌ្ឍនប្រទេសយើងឱ្យរីកចំរើនឆាប់រហ័ស និងស្របតាមយុទ្ធសាស្ត្រចតុកោណ «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា» របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើម និងជាប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ ខ្ញុំក៏បានបង្កើតសាលាឯកជនមួយ ដែលបានដាក់ឈ្មោះថា សាលារៀន ខេនឌូ (Cando School) ព្រមទាំងដាក់ឱ្យដំណើរការសាខាក្រុងកំពត ខេត្តកំពត តាំងពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៨ សាខាស្រុកជុំគិរី ខេត្តកំពត តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ មករហូតដល់បច្ចុប្បន្ននេះ និងសាខាកក់អង្គញ់ ផ្សារប៉ាង្កសី ខេត្តកំពង់ស្ពឺ នឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះតទៅ។ សាលាក៏បានដាក់ចេញនូវបាវចនាជាអាទិភាពរបស់ខ្លួនសម្រាប់អនាគតគឺ៖
«គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» និងកំណត់យកកម្មវិធីធំៗ៤គឺ៖
១. ចំណេះទូទៅ (ថ្នាក់មត្តេយ្យ ថ្នាក់ទី១-៦)
២. ភាសាអង់គ្លេសទូទៅ (ថ្នាក់មត្តេយ្យ កម្រិត១-១២)
៣. ភាសាចិនទូទៅ (ថ្នាក់មត្តេយ្យ កម្រិត១-១២)
៤. ថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រ ឬICT
សិស្សដែលបានបញ្ចប់ការសិក្សាពីសាលារៀន ខេនឌូ មានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ភាសាអង់គ្លេស ភាសាចិន និងកុំព្យូទ័រ និងជំនាញប្រកបដោយគុណភាពខ្ពស់ ហើយអាចប្រកួតប្រជែងក្នុងទីផ្សារការងារថ្នាក់ជាតិ និងអន្តរជាតិបានដោយជោគជ័យ។
សាលាក៏បានជម្រុញការអប់រំសីលធម៌ សង្គម ណែនាំសិស្សឱ្យស្គាល់អត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ស្គាល់តម្លៃវប្បធម៌ អរិយធម៌របស់ខ្លួន ឱ្យចេះគោរពច្បាប់រដ្ឋ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន និងចេះសាមគ្គីគ្នាបានល្អ រវាងសិស្ស និងសិស្ស សិស្សនិងគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិក មិនប្រកាន់វណ្ណភាព ជាពិសេសទំនាក់ទំនងល្អរវាងសាលារៀន គ្រួសារនិងសង្គម ព្រមទាំងឱ្យស្របតាមគោលការណ៍ សិក្សាមាន៣ប្រភេទគឺ៖ រៀនពីសាលា រៀនពីការងារ រៀនដោយខ្លួនឯង។
កម្មវិធីសិក្សាគ្រប់មុខវិជ្ជាទាំងអស់យើងបានកំណត់កាលវិភាគច្បាស់លាស់ បែងចែកមេរៀនតាមខែ ត្រីមាស ឆមាស ហើយរយៈពេលសិក្សាត្រូវបានឯកភាពគ្នាតាំងពីថ្ងៃចាប់ផ្តើម ថ្ងៃប្រឡង និងថ្ងៃបញ្ចប់ ដូចនេះនៅគ្រប់ទីតាំងរបស់សាលារៀន ខេនឌូទាំងអស់ ត្រូវអនុវត្តគោលការណ៍ស្តង់ដាតែមួយ (Cando Standard) ចំពោះលោកគ្រូអ្នកគ្រូ ទាំងខ្មែរនិងបរទេស សុទ្ធតែមានសញ្ញាបត្រ គរុកោសល្យឡើងទៅ ព្រមទាំងមានគរុកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ធ្វើឱ្យសិស្សរបស់យើងងាយយល់ ឆាប់ចាប់បាន ឆាប់ចេះនិងទទួលបាននូវចំណេះដឹងប្រកបដោយសមត្ថភាពយ៉ាងពិតប្រាកដ។ សាលាក៏បានយកចិត្តទុកដាក់បំពាក់នូវសម្ភារៈទំនើបៗ ទាន់សម័យដូចជា៖ Smart TV, TV program, Listening Lab, Computer Lab, Internet, បន្ទប់ពិសោធន៍ រូបភាព ពាក្យស្លោក រូបមន្តតាមកម្រិតថ្នាក់នីមួយៗ។
យើងខ្ញុំរង់ចាំស្វាគមន៍ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកលោកស្រី មាតាបិតា អាណាព្យាបាលសិស្ស ដោយក្តីសោមនស្សរីករាយជានិច្ច។
សូមគោរពជូនពរសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
“Cando School, the Best Quality of Education in Cambodia”
ប្រធានក្រុមប្រឹក្សាភិបាល
ស កុសល
ខ. គោលបំណង
គោលបំណងនៃការបង្កើត សាលារៀន ខេនឌូ នេះឡើងគឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើតធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជាសេនាធិការ និងស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ដែលធ្វើឲ្យប្រទេសជាតិទាំងមូលបានសុខសន្តិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ។ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗ ទៀតជាច្រើននៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង ពីព្រោះប្រទេសកម្ពុជា ជាប្រទេសមួយកំពុងអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រទេសកម្ពុជា ក៏ជាសមាជិកអង្គការសហប្រជាជាតិ (United Nations) សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of South East Asian Nations) និងសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ហើយកម្ពុជា ក៏បានធ្វើសាកលភាវូបនីយកម្ម ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយើងត្រូវការធនធានមនុស្ស ប្រកបដោយគុណភាពអប់រំខ្ពស់ទាំងផ្នែកចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ និងត្រូវមានជំនាញច្បាស់លាស់ ដើម្បីបម្រើការអោយក្រសួងនិងស្ថាប័នទាំងអស់នោះ។ ដោយមានគោលបំណង និងមើលឃើញសេចក្តី ត្រូវការក្នុងការអភិវឌ្ឍ ប្រទេសជាតិជាចាំបាច់ដូចបានរៀបរាប់ខាងលើ សាលារៀន ខេនឌូ មួយត្រូវបានបង្កើតឡើងកាលពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណងចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា និងបានរៀបចំ ចក្ខុវិស័យ បេសកកម្ម និងគោលដៅ របស់ខ្លួនយ៉ាងច្បាស់លាស់ដើម្បីសម្រេចអោយបាននូវគោលបំណងក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើនធនធានមនុស្សនៅកម្ពុជា ប្រកបដោយជោគជ័យទៅអនាគត។
គ. ចក្ខុវិស័យ បេសកកម្ម និងគោលដៅ
១- ចក្ខុវិស័យ
សាលារៀន ខេនឌូ នឹងក្លាយជាសាលាមួយដែលមានគុណភាពអប់រំខ្ពស់ ស្របតាមស្តង់ដារ ជាតិ និងអន្តរជាតិ ហើយល្បីឈ្មោះជាងគេនៅក្នុងប្រទេសកម្ពុជា និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ សិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សា នៅសាលារៀន ខេនឌូ គឺមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ភាសាអង់គ្លេស ភាសាចិន កុំព្យូទ័រ វិទ្យាសាស្រ្ត បច្ចេកទេស ព្រមទាំងមានជំនាញ ច្បាស់លាស់ ដែលអាចដណ្តើមទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេសបានដោយជោគជ័យស្របតាមពាក្យស្លោក របស់ខេនឌូគឺ
“Cando School, the Best Quality of Education in Cambodia”
២- បេសកកម្ម
ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលាបានរៀបចំនូវបេសកកម្មក្នុងការលើកកម្ពស់វិស័យអប់រំ ដោយផ្តល់ជូនសិស្ស-និស្សិតនូវបំណិនជីវិតសំខាន់ៗ ដូចជា ចេះវិភាគ ចេះគិត ចេះអាន ចេះសរសេរ ចេះនិយាយ ចេះស្តាប់យ៉ាងស្ទាត់ជំនាញ និងមានជំនឿជឿជាក់លើខ្លួនឯងតាមរយៈការសិក្សា និងទទួលបានការបណ្តុះបណ្តាលទៅលើកម្មវិធី៤ធំៗដូចជា៖
១-ចំណេះទូទៅ(General Education) ដែលមានពីថ្នាក់មត្តេយ្យ និងថ្នាក់ទី១ដល់ទី៦។
២-ភាសាអង់គ្លេសទូទៅ ESL (English as a Second Language) ដែលមានចាប់ពី Preschoolដល់Level12។
៣-ភាសាចិនទូទៅCSL (Chinese as a Second Language) ដែលមានចាប់ពីPreschoolដល់Level12។
៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ (Computer Training Courses)។
នៅគ្រប់មុខវិជ្ជាសិក្សាទាំងអស់សុទ្ធតែបង្រៀន ដោយលោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ ដែលមានសញ្ញាបត្រ និងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្រៀន។ បំពាក់ដោយកាំមេរ៉ា សម្រាប់តាមដានការសិក្សារបស់សិស្ស និងតាមដានការបង្រៀនរបស់គ្រូ និងកំណត់ចំនួនសិស្សត្រឹមតែ ២៥ ទៅ៣០នាក់ ក្នុងមួយថ្នាក់។រចនាសម្ព័ន្ធគ្រប់គ្រង មានភាពរលូន និងរឹងមាំចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ គ្រប់សាខាសាលារៀន ខេនឌូ ទាំងអស់ គឺបានអនុវត្តតាមស្តង់ដាតែមួយ (Cando Standard) ទៅលើថ្ងៃចូលរៀនថ្ងៃប្រឡងប្រចាំខែប្រឡងឆមាស-ត្រីមាស និងប្រឡងបញ្ចប់វគ្គជាដើម។
៣- គោលដៅ
ដោយមានចក្ខុវិស័យ និងបានរៀបចំបេសកកម្ម ក្នុងការលើកកម្ពស់គុណភាព វិស័យអប់រំច្បាស់លាស់ យើងមានជំនឿជឿជាក់ថាសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សានៅសាលារៀន ខេនឌូ និងទទួលបានការអប់រំមួយដែលមានគុណភាពអប់រំខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ ពេលបញ្ចប់ការសិក្សាពីសាលារៀន ខេនឌូសិស្ស-និស្សិត របស់យើង នឹងក្លាយទៅជាពលរដ្ឋដ៏ល្អជាថ្នាក់ដឹកនាំប្រកប ដោយសីលធម៌ និងគុណធម៌ខ្ពស់ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកចំណេះដឹងទូទៅ ភាសាអង់គ្លេស ភាសាចិន កុំព្យូទ័រ និងជំនាញហើយអាចយកសមត្ថភាព របស់ខ្លួនទៅប្រកួតប្រជែងដណ្តើមទីផ្សារការងារ ថ្នាក់ជាតិ និងអន្តរជាតិ បានប្រកបដោយជោគជ័យស្របតាមបាវចនារបស់សាលារៀន ខេនឌូ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” (Quality Efficiency Excellence Morality and Virtue) និងសម្រាប់ធ្វើជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅអនាគត។
ឃ. ប្រវត្តិសាលារៀន
សាលារៀន ខេនឌូ គឺជាគ្រឹះស្ថានសិក្សាអប់រំឯកជនមួយដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ និងមានទីតាំងនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដែលមានឈ្មោះថាសាលាហូមអន្តរជាតិ។
លោក ស កុសល អតីតនាយកសាលាហូមអន្តរជាតិ និងជាគ្រូបង្រៀនឯកជនម្នាក់ ហើយបច្ចុប្បន្នគឺជានាយកសាលារៀន ខេនឌូ ហើយក៏ជាស្ថាបនិកម្នាក់ដែលផ្តួចផ្តើមការសាងសង់អគារសិក្សាដោយប្រើថវិកាម្ចាស់អចលនទ្រព្យសម្រាប់ទីតាំងទី២ និងសាងសង់អគារសិក្សាសម្រាប់ទីតាំងទី៣ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ក្នុងគោលបំណងរួមចំណែកបង្កើនធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដោយវិនិយោគទៅលើវិស័យអប់រំ និងដើម្បីរួមចំណែកបំបាត់ភាពក្រីក្រនៅកម្ពុជា ដោយបានប្រសិទ្ធនាមអគារនេះថា សាលាហូមអន្តរជាតិ បានកំណត់យកមុខវិជ្ជាភាសាអង់គ្លេស និងថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រ។ ដើម្បីឆ្លើយតបទីផ្សារការងារគណៈគ្រប់គ្រងសាលារបស់យើងក៏បានសម្រេចប្តូរឈ្មោះពីសាលាហូមអន្តរជាតិ ទៅជាសាលារៀនខេនឌូ
វិញ។
ដោយមានការរីកចម្រើនជាបន្តបន្ទាប់ សាលារៀន ខេនឌូបានបន្ថែមនូវកម្មវិធីសិក្សាថ្នាក់ត្រៀម និងកម្មវិធីសិក្សាចំណេះទូទៅថ្នាក់បឋមសិក្សា ថ្នាក់ទី១-៦ តាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា លេខ៨៤៧ អយក.ប្រក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ហើយសាខាសាលាហូមអន្តរជាតិទាំងអស់ត្រូវបានប្តូរឈ្មោះទៅជាសាលារៀន ខេនឌូវិញនិងមានកម្មវិធីសិក្សាធំៗ៤ដូចជា៖
១. ចំណេះទូទៅ (ថ្នាក់ទី១ដល់ទី៦) សិក្សាតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ដោយមានបន្ថែមភាសាអង់គ្លេស និងកុំព្យូទ័រ។
២. ភាសាអង់គ្លេសទូទៅ (កម្រិត Preschool ដល់កម្រិត12) សិក្សាតាមបែបព្រីធីស និងអាមេរិកកាំង។
៣. ភាសាចិនទូទៅ (កម្រិត Preschool ដល់ កម្រិត12) សិក្សាតាមបែប CSL Mandarin។
៤. ថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រ ឬICT។
អាស្រ័យដោយបានកំណត់នូវមុខវិជ្ជាសំខាន់ៗទៅអនាគត គណ
ៈគ្រប់គ្រងសាលារៀនបានរៀបចំ ខេនឌូស្តង់ដារតាមគម្រូឯកភាពគ្នាមួយ (Cando Standard) សម្រាប់សាលារៀន ខេនឌូ ទាំងអស់នៅគ្រប់ទីតាំងអនុវត្តតាមគោលការណ៍តែមួយ ថ្ងៃតែមួយទៅលើការប្រឡងប្រចាំខែ (Monthly Test) ប្រចាំត្រីមាស (Midterm Test) ប្រចាំឆមាស (Semester Exam) ឯកភាពគ្នាក្នុងការ អនុវត្តគោលនយោបាយថ្នាក់លើ បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ លិខិតបទដ្ឋានផ្សេងៗ ថ្ងៃបើកបវេសនកាលសម្រាប់ចំណេះទូទៅខ្មែរ ថ្ងៃបើកវគ្គថ្មីសម្រាប់ភាសាអង់គ្លេស និងចិន ឯកភាពគ្នាលើតម្លៃសិក្សានៅគ្រប់ទីតាំង ឯកភាពគ្នាទៅលើឯកសារផ្សេងៗ ឯកភាពគ្នាលើឯកសណ្ឋានសិស្ស តាមកម្រិតថ្នាក់ តាមកម្រិត Level ហើយការអនុវត្តរបស់យើងគឺព្រមគ្នា តាមគោលនយោបាយដឹកនាំរបស់គណៈគ្រប់គ្រងខេនឌូដែលបានដាក់ចុះ។ សាលារៀន ខេនឌូ បានពង្រីកសាខារបស់ខ្លួន ចាប់ពីទីតាំងទី១ ដល់៣ទីតាំង ដោយជួលអគារសិក្សាសម្រាប់ទីតាំងទី១ និងទី២ និងកំពង់សាងសង់អគារសិក្សាសម្រាប់ទីតាំងទី៣ ដោយប្រើប្រាស់ថវិកាវិនិយោគផ្ទាល់ខ្លួន និងសាងសង់ដោយក្រុមហ៊ុនសាងសង់ឯកជន។ មានទីធ្លារធំសម្រាប់សិស្សលេងនិងធ្វើជាចំណតកង់-ម៉ូតូ-ឡាន។
ង. ហេតុអ្វីសិក្សានៅសាលារៀន ខេនឌូ?
១. ការទទួលស្គាល់
-ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា លេខ៨៤៧ អយក.ប្រក ចុះថ្ងៃទី១៨
ខែឧសភា ឆ្នាំ២០២២។
២. សម្ភាររូបវន្ត
-សាលារៀន ខេនឌូមានអគារផ្ទាល់ខ្លួនសម្រាប់ទីតាំងទី៣ និងជួលអគារដែលមានកិច្ចសន្យាជួលរយៈពេលវែង សម្រាប់ទីតាំងទី១ និងទី២ ដែលធានាបាននូវនិរន្តរភាពនៃការសិក្សា។
-សាលារៀន ខេនឌូមានបំពាក់សម្ភារទំនើបៗដូចជា Computer Lab, បណ្ណាល័យ, Smart TV, Internet, រូបភាព ពាក្យស្លោក រូបមន្តតាមកម្រិតថ្នាក់នីមួយៗ, Speakers, Computers, ព្រមទាំងសម្ភារយ៉ាងសម្បូរបែបជាច្រើនទៀត។
៣. អត្ថប្រយោជន៍
ផ្នែកចំណេះទូទៅ
-ចំពោះសិស្សដែលផ្លាស់មកពីសាលានានាទូទាំងប្រទេស ខេនឌូធានាបំពេញបែបបទចូលរៀនដោយឥតគិតថ្លៃ ហើយសិស្សខេនឌូអាចផ្ទេរទៅរៀនសាលារដ្ឋ ឬសាលាឯកជនផ្សេងវិញដោយគ្មានបញ្ហា។
-កំណត់ចំនួនសិស្សថ្នាក់បឋមសិក្សាពី២៥ ទៅ៣៥នាក់ក្នុង១ថ្នាក់ និងថ្នាក់មត្តេយ្យកំណត់ពី២៥ ទៅ៣០នាក់ក្នុង១ថ្នាក់។
-បញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅដល់សិស្សដែលសិក្សា២វេន។
-បញ្ចូលកម្មវិធីបណ្តុះបណ្តាលកុំព្យូទ័រដល់សិស្សថ្នាក់ទី៤ ដល់ទី៦ ចំពោះអ្នកដែលសិក្សា២វេន។
-បង្កលក្ខណៈងាយស្រួលឱ្យសិស្សបានរៀនថ្នាក់ពេញម៉ោង ពេលព្រឹកនិងរសៀល។
-កម្មវិធីបំប៉នពិសេសចំពោះសិស្សមិនចេះអានអក្សរដោយមិនគិតថ្លៃបន្ថែម ដោយដាក់សិស្សដែលមិនចេះអាននោះចូលក្នុងថ្នាក់ពិសេសដាច់ដោយឡែក ហើយរៀនឡើងវិញនូវមូលគ្រឹះអានរហូតដល់សិស្សនោះចេះអានអាចចូលទៅរៀនក្នុងថ្នាក់របស់ខ្លួនវិញ ហើយសិស្សមិនចេះគិតលេខនឹងត្រូវដាក់ឱ្យចូលក្នុងកម្មវិធីបំប៉នពិសេសថ្នាក់គណិតវិទ្យាដោយឡែកសិនរហូតដល់សិស្សនោះអាចគិតលេខបានតាមកម្រិតថ្នាក់នឹងវិលត្រឡប់ទៅសិក្សានៅថ្នាក់ដើមរបស់ខ្លួនវិញ។ នេះជាវិធីដើម្បីឆ្លើយតបទៅនឹងបញ្ហាសិស្សមិនចេះអានអក្សរ និងមិនចេះគិតលេខ។ ក្រៅពីនេះយើងនឹងដាក់បញ្ចូលកម្មវិធី«កុមាររៀនកុមារចេះ»ដើម្បីជំនួយក្នុងការអាន និងគិតលេខចាប់ពីថ្នាក់ទី១ និងទី២ឡើងទៅ។
ផ្នែកភាសាអង់គ្លេសទូទៅ
-កម្មវិធីសិក្សាបែប ព្រីធិស និងអាមេរិកកាំង កម្រិតត្រៀមបង្រៀនតាមបែប Phonics ដែលធ្វើឱ្យសិស្សឆាប់ស្គាល់សំឡេងស្រៈនិងព្យញ្ជនៈពិតប្រាកដដែលធ្វើឱ្យសិស្សឆាប់ចេះប្រកបនិងអានត្រូវតាមតុង
សម្លេងពាក្យនីមួយៗ។ សម្ភរៈបង្រៀនមានសម្បូរបែប ទាំងសំឡេង និងវីដេអូ លំហាត់ និងការតាមដានការរីកចំរើនរបស់សិស្សម្នាក់ៗ និងមានឧបករណ៏រង្វាយតម្លៃប្រកបដោយប្រសិទ្ធភាពខ្ពស់។ មានកម្មវិធីជម្រុញការអាន និងយល់ពីវេយ្យករណ៍បានឆាប់រហ័សឆាប់ចាប់បានយល់មេរៀននិងឆាប់ចេះនិយាយ។
-រាល់ការបញ្ចប់វគ្គសិក្សានីមួយៗមានការប្រឡងវាស់ស្ទង់សមត្ថភាព និងផ្តល់បណ្ណសរសើរ និងអាហារូបករណ៍ចំពោះសិស្សដែលបានពន្ទុខ្ពស់ នឹងចេញវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាចំពោះសិស្សដែលបានប្រឡងជាប់ សម្រាប់គ្រប់មុខវិជ្ជាទាំងអស់។
ផ្នែកភាសាចិនទូទៅ
កម្មវិធីសិក្សាភាសាចិនតាមបែប CSL Mandarin, សិក្សាពីសំឡេងស្រៈ Chinese Pinying Alphabet ឆាប់ចេះបញ្ចេញសម្លេង រៀនពាក្យ សរសេរអក្សរ និងនិយាយហើយអាចវាយអត្ថបទភាសាចិននៅលើកុំព្យូទ័របានយ៉ាងស្ទាត់ជំនាញ។
ផ្នែកថ្នាក់បណ្តោះបណ្តាលកុំព្យូទ័រ
-សិក្សាពីមូលដ្ឋានគ្រឹះប្រើប្រាស់កុំព្យូទ័រ។
-ហាត់វាយអត្ថបទឱ្យស្ទាត់ជំនាញ។
-ចេះប្រើប្រាស់កម្មវិធីសម្រាប់រដ្ឋបាលកុំព្យូទ័រ ហើយប្រើប្រាស់កុំព្យូទ័រសម្រាប់បំពេញការងារដែលគ្រូដាក់ឱ្យធ្វើបានយ៉ាងស្ទាត់ជំនាញ។
-ប្រើសម្រាប់សិក្សាកម្មវិធីសិក្សាគណិតវិទ្យានៅលើប្រព័ន្ធ Internet ដើម្បីជំនួយដល់ការសិក្សាមុខវិជ្ជាចំណេះទូទៅ។
-ការប្រើប្រាស់បច្ចេកវិជ្ជាទំនាក់ទំនងព័ត៌មានវិជ្ជា ឬICT និងឌីជីថលដើម្បីប្រមូលព័ត៌មាន និងចងក្រងឯកសារ និងជំនួយដល់ការសិក្សារបស់សិស្ស។